គិម វិសាល ផលិតករវ័យក្មេង៖ «ធ្វើវីដេអូអប់រំមិនសូវល្បី និងគ្មានអ្នកគាំទ្រដូចរឿងកំប្លែង»

«ធ្វើវីដេអូអប់រំមិនសូវល្បី និងគ្មានអ្នកគាំទ្រដូចរឿងកំប្លែង» ប្រយោគមួយឃ្លានេះត្រូវបានផលិតករវ័យក្មេងមានឈ្មោះថា គិម វិសាល បានប្រាប់ពីការខកចិត្តទៅកាន់អ្នកយកព័ត៌មានរបស់គេហទំព័រឡារ៉ែន។ ដោយការតស៊ូព្យាយាម និងជម្នះរាល់ឧបសគ្គទាំងឡាយ ផលិតកវ័យក្មេងររូបនេះបានសម្រេចចិត្តផលិតវីដេអូកំប្លែងវិញម្ដង ដែលមានការចូលរួមសម្ដែងពីមិត្តភ័ក្ដិជិតស្និទ្ធរបស់លោកជាច្រើននាក់ដូចជា យុវតី កែប សុម៉ាលី ជាដើម ដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងជាងគេនៅក្នុងរឿងនីមួយៗ។

ដោយមិនលាក់បាំង ផលិតករវ័យក្មេងរូបនេះបានប្រាប់ថា “ខ្ញុំបានធ្វើវីដេអូអប់រំចំនួនពីររឿងដែលមានចំណងជើងថា «លោកគ្រូ» និងរឿង «កុំខ្លាច» ហើយបានយកទៅដាក់ប្រកួតនៅក្នុងកម្មវិធីមហោស្រពភាពយន្ដខ្នាតខ្លីដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប៉ុន្ដែជាអកុសលមិនបានជាប់ជយលាភីឡើយ”។ គិម វិសាល បានបន្ដទៀតថា យ៉ាងណាមិញក៏លោកមិនបានបាក់ទឹកចិត្តក្នុងការផលិតភាពយន្ដខ្លីនេះដែរ ព្រោះថា នេះជាចំណង់ចំណូលចិត្ត និងជាការស្រឡាញ់របស់លោកតាំងពីនៅវ័យកុមារមកម្ល៉េះ ហើយបានសម្រេចចិត្តបែរមកផលិតវីដេអូខ្លីដែលមានលក្ខណៈបែបកំប្លែងវិញម្តងដែលជាទស្សនីយភាពទាក់ទាញចំណាប់អារម្មណ៍ខ្លាំងបំផុត។

បច្ចុប្បន្នផលិតករវ័យ 25 ឆ្នាំរូបនេះទទួលបានភាពជោគជ័យចំពោះឃ្លីបរយៈពេលមិនលើសពី 5 នាទី និងមានការឧបត្ថម្ភពីបណ្ដាផលិតកម្មនានាដែលបានគាំទ្រ និងសម្លឹងឃើញមានអ្នកគាំទ្រជាច្រើនតាមរយៈវីដេអូដែលលោកបានផលិត។ មិនតែប៉ុណ្ណោះ លោក គិម វិសាល បានប្រាប់អ្នកយកព័ត៌មានគេហទំព័រឡារ៉ែនថា ថ្មីៗនេះលោកទទួលបានការចរចាជាមួយអ្នកផលិតកម្មវិធីទូរទស្សន៍ប៉ុស្ដិ៍លេខ 9 ក្នុងការផលិតវីដេអូកំប្លែង និងមានលាយបញ្ជូលនូវការអប់រំផងដែរ ក៏ប៉ុន្ដែនៅមិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទេ ពោលគឺកំពុងស្ថិតក្នុងការពិចារណារៀងៗខ្លួន។

ជាចុងក្រោយ ផលិតករវ័យក្មេងបានបញ្ជាក់ប្រាប់ថា លោកមានគម្រោងធ្វើរឿងភាគស្នេហា មនោសញ្ជេតនាស៊ីអារម្មណ៍រវាងស្នេហាភេទដូចគ្នា និងស្នេហាតាមបែបធម្មជាតិប្រុស និងស្រី ដែលដកស្រង់ចេញពីជីវិតរស់នៅរបស់យុវវ័យសម័យបច្ចុប្បន្នខ្មែរយើងនេះ ក៏ប៉ុន្ដែលោកថា មិនបោះបង់ចោលនូវខ្លឹមសារអប់រំឡើយ ព្រោះថា ការអប់រំមានសារៈសំខាន់សម្រាប់យុវជនកម្ពុជាខ្លាំងណាស់៕

Advertisement