សត្វ​ដំរី និង​ខ្សែចំណង​តូច​មួយ

នៅពេល​បុរស​ម្នាក់​ដើរកាត់​មុខ​សត្វ​ដំរី​ដ៏​ធំ​មួយ​ក្បាល ​ដែល​ត្រូវ​ចងជើង​ជាប់​នឹង​ដើមឈើ​មួយ​ដើម​នៅក្បែរ​ផ្លូវ​នោះ គេ​ក៏ត្រូវ​ទុ​ច​ង៉ក់​ព្រោះ​ជំពប់​ចិត្ត​ជាមួយ​អ្វី​ម្យ៉ាង ​ដែល​មើលទៅ​ហាក់ដូចជា​មិន​សម​ហេតុ​សម​ផល​សោះ។ នោះ​ក៏​គឺ សត្វ​ដំរី​ដ៏​ធំ​មួយ​ក្បាល​នេះ​មាន​ត្រឹមតែ​ខ្សែចំណង​ដ៏​តូច​មួយ​ចង​ជាប់ជើង​ខាងមុខ​មួយ​ទៅនឹង​ដើមឈើ​មួយ​ដើម​នោះ​ប៉ុណ្ណោះ។ មិនមែនជា​ច្រវាក់​ដែល​ធំ​មាំមួន ឬ​មាន​អ្វី​ផ្សេង​គ្រៀក​ខ្លួន​វា​ទៀតឡើយ ដែល​បើ​មើល​ពី​ទំហំ​មាឌ​របស់​សត្វ​ដំរី និង​ខ្សែ​នោះ​ហើយ ដំរី​នេះ​អាច​ទាញ​ខ្សែ​ដ៏​តូច​មួយ​សរសៃ​នោះ​ដាច់​បាន​គ្រប់ពេល តែ​វា​មិន​ធ្វើ​បែប​នោះទេ បែរជា​ឈរ​យ៉ាង​ស្ងប់ស្ងាត់ និង​គ្មាន​ក្តី​ព្យាយាម​នឹងធ្វើ​អ្វី​ទាំងអស់។

គេ​ដើរចូល​ទៅរក​ហ្មដំរី​ដែល​អង្គុយ​នៅ​ជិត​នោះ​ព្រមជាមួយ​សំណួរ​ដែល​គេ​នឹក​សង្ស័យថា ហេតុ​អី​បានជា​សត្វ​ដំរី​មិន​ទាញ​បណ្ដាច់​ខ្សែ​ហើយ​រត់គេច​ទៅ ទាំង​ដែល​ខ្សែ​នោះ​តូច​ត្រឹមតែ​ប៉ុណ្ណឹង​សោះ? តែ​គេ​ក៏​ទទួលបាន​ចម្លើយ​ដ៏​គួរឱ្យ​ស្ងើច​មកវិញ​ថា៖

គឺ​កាលពី​វា​នៅ​តូច យើង​ក៏​ប្រើ​ខ្សែ​ប៉ុន​ហ្នឹង​ចងវា ហើយ​កាលពី​វា​អាយុ​ប៉ុន​នោះ ទោះជា​វា​ខំព្យាយាម​យ៉ាងណា ក៏​វា​មិនទាន់មាន​កម្លាំងកំហែង​គ្រប់គ្រាន់​ក្នុងការ​ទាញ​ខ្សែ​នោះ​ឱ្យដាច់​បានដែរ លុះដល់​វា​ធំ​ឡើង​វា​ក៏​នៅតែ​ជឿ​ដូច​មុនដ​ដែលថា វា​មិនអាច​ធ្វើ​បានទេ ទើប​វា​មិន​ធ្វើ

បុរស​ម្នាក់​នោះ​នឹក​ចម្លែក​ចិត្ត​យ៉ាងខ្លាំង ទាំង​ត្រឹមតែ​មើល​នឹង​ភ្នែក​ក៏​អាច​ដឹង​ដែរ​ថា សត្វ​ដំរី​មួយ​ក្បាល​នេះ​អាច​ទាញ​ខ្សែ​នោះ​ឱ្យដាច់​បាន ហើយ​នឹងមាន​សេរីភាព​យ៉ាង​មិន​ពិបាក​ឡើយ តែ​វា​មិន​ធ្វើ​ដោយសារតែ​វា​នៅតែ​ជឿថា វា​ធ្វើ​មិនបាន។

ប្រៀបដូចជា​មនុស្ស​យើង​ដូច្នោះ​ដែរ មាន​ច្រើន​នាក់​ណាស់​ដែល​មិន​ហ៊ាន​ក្នុង​ការធ្វើ​អ្វីដែល​ខ្លួន​ចង់​ធ្វើ ព្រោះតែ​ជឿថា យើង​ធ្វើ​មិនបាន គ្រាន់តែ​ដោយសារ​ពីមុន​យើង​ធ្លាប់ធ្វើ​មិនបាន ឬ​ធ្លាប់ធ្វើ​រួចហើយ តែ​មិន​សម្រេច​កាលពី​អតីតកាល។

ប៉ុន្មាន​ដង​ហើយ​ដែល​អ្នក​មិន​ហ៊ាន​ធ្វើ​អ្វី ដោយសារតែ​ធ្លាប់មាន​បទពិសោធ​មិនល្អ ឬ​ជំនឿ​កាលពី​អតីតកាល។
ប៉ុន្មាន​ដង​ហើយ​ដែល​អ្នក​មិន​ហ៊ាន​ធ្វើ​អ្វីថ្មីៗ គ្រាន់តែ​ដោយសារ​អ្នក​ជឿថា អ្នកធ្វើ​មិនបាន។
នៅពេលដែល​អ្នក​ផ្លាស់ប្តូរ​ជំនឿ​បាន អ្នកនឹង​មានឱកាស​ធ្វើបាន។

កុំ​បណ្តោយឱ្យ​បទពិសោធ​មិនល្អ ឬ​ជំនឿ​កាលពី​អតីតកាល​មក​កម្រិត​អ្វីដែល​អ្នក​ចង់​ធ្វើ​នៅពេលនេះ និង​ពេលអនាគត​ឱ្យសោះ៕                                                                                                                ស្រាវជ្រាវ​ដោយ តា​វ៉ែនតា

Advertisement