ពង​ក្រួច​ខ្ចប់​សាច់ជ្រូក​ចិញ្ច្រាំ​បំពង​អំបុក​បៃតង

ជាទូទៅ ពង​ក្រួច​ភាគច្រើន​តែង​ត្រូវបាន​គេ​ឃើញ​មាន​លក់​នៅតាម​បណ្តា​ទីប្រជុំជន​នានា ដោយ​គ្រាន់តែ​ធ្វើការ​ចម្អិន​ដោយ​ស្ងោរ​តាមបែបធម្មតាៗ ហើយ​ច្រក​ក្នុង​ថង់​ប្លា​ស្ទីក រួមជាមួយ​អំបិលម្រេច​តែប៉ុណ្ណោះ។ ដោយឡែក​សម្រាប់​ភោជនីយដ្ឋាន Labaab ដែលមាន​ការតុបតែង​លម្អ​លក្ខណៈ​បែប​ខ្មែរ ស្ថិតនៅ​អគារ​លេខ81E2 (ជាន់​ទី2) តាមផ្លូវ​ព្រះមុនីវង្ស (ទល់មុខ​ធនាគារ កាណាឌីយ៉ា) ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ទើបតែ​ចាប់​បើ​ដំណើរ​ការបម្រើ អាហារ​បែប​អ្នករស់នៅ​តាម​ដង​ទន្លេមេគង្គ រួមមាន​អាហារ​បែប​ជនជាតិខ្មែរ វៀតណាម ថៃ ឡាវ និង​ចិន​នោះ បាន​យក​ពង​ក្រួច​នេះ​មក​ច្នៃ​ធ្វើជា​អាហារ​ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ប្លែក យ៉ាង​ជក់ចិត្ត ក្រោយ​គំ​និង​ច្នៃប្រឌិត​របស់​មេ​ចុងភៅ​ជា​ជនជាតិខ្មែរ នោះ​គឺ មុខម្ហូប “ពង​ក្រួច​ខ្ចប់​សាច់ជ្រូក​ចិញ្ច្រាំ​បំពង​អំបុក​បៃតង”។

គ្រឿងផ្សំ
• ពង​ក្រួច
• សាច់ជ្រូក​ចិញ្ច្រាំ
• អំបុក
• ស្លឹក​តើយ
• ប្រេងឆា
• ទឹកម្ទេស

របៀប​ចម្អិន
ជាដំបូង​លោកអ្នក​ត្រូវយក​ពង​ក្រួច​ទៅ​ចម្អិន​ឱ្យ​ឆ្អិន​ល្មម រួច​បកសម្បក​ទុក​មួយអន្លើ។យក​ស្លឹក​តើយ​ច្របាច់​យក​ទឹក ច្របល់​ជាមួយ​អំបុក​ដែល​បាន​ត្រៀម​ទុកជា​ស្រេច។ យក​សាច់ជ្រូក​ចិញ្ច្រាំ​ខ្ចប់​ពង​ក្រួច ហើយ​យក​អំបុក​ដែល​បាន​ច្របល់​ជា​ទឹក​ស្លឹក​តើយ​ច្របាច់​ខ្ចប់​ពី​ក្រៅ​ធ្វើជា​សម្បក រួច​យកទៅ​បំពង​ជាមួយ​ប្រេងឆា​ដែល​បាន​ត្រៀម​នៅលើ​ភ្លើង​រហូត​ឆ្អិន ស្រួយ​ល្អ ទើប​ស្រង់​ចេញ​ជាការ​ស្រេច។ ឃើញ​ទេ! មិន​ពិបាកធ្វើ​នោះទេ លោកអ្នក​ក៏​អាចអនុវត្ត​បាន​ដោយ​ខ្លួនឯង សម្រាប់​ទទួលទាន​ជុំ​គ្រួសារ​នៅ​ថ្ងៃ​ឈប់សម្រាក់​យ៉ាង​រីករាយ ដោយ​ការបន្ថែម​ទឹកម្ទេស​ធ្វើជា​ទឹកជ្រលក់៕

Advertisement