ពោះវៀន​តាន់​បុក​សណ្តែកកួរ​រសជាតិ​ថ្មី

November 15, 2017​ ម៉ោង 4:31 pm

សម្រាប់​ការចេញផ្សាយ​លេខ​ថ្មី​ទី114 របស់​ទស្សនាវដ្ដី​ដ៏​មាន​ប្រជាប្រិយភាព ឡា​រ៉ែ​ន នា​ខែវិច្ឆិកា ឆ្នាំ2017នេះ ទំព័រមុខ​ម្ហូបឆ្ងាញ់ៗប្រចាំខែ សូម​ណែនាំ​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​ឱ្យ​ស្គាល់​នូវ​មុខម្ហូប​មួយទៀត​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ បែប​កូនកាត់ ដែល​ច្នៃ​ចេញពី​ពោះវៀន​តាន់​ជា​គ្រឿង​សំខាន់ ដាក់​បំពង​នៅក្នុង​ប្រេងឆា​ក្ដៅ ដែល​បង្កើតឡើង​ដោយ​មេ​ចុងភៅ​មាន​បទពិសោធ​ក្នុងការ​ចម្អិន​ច្រើន​ឆ្នាំ​ប្រចាំ​នៅ​ភោជនីយដ្ឋាន Cow boy ដែល​ស្ថិតនៅ​ផ្លូវ​ប៉ាស្ទ័រ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

គ្រឿងផ្សំ
ពោះវៀន​តាន់
ម្សៅ​បំពង
អំបិល
ខ្ទឹមស
ម្សៅ​ស៊ុបខ្នរ
ពងមាន់ (ផ្នែក​ស)
សណ្តែកកួរ
ទឹកត្រី​កោះកុង
ត្រសក់
ប៉េងប៉ោះ
សាលាដ
ក្រូចឆ្មារ
ម្ទេស
បង្គា​ក្រៀម
បន្លែ

របៀប​ធ្វើ
បន្ទាប់ពី​យក​ពោះ​តាន់​លាង​សម្អាត និង​កាត់​ជា​ដំ​ុតូចៗរួច ចូរ​យកទៅ​ប្រឡាក់​ជាមួយនឹង​គ្រឿងផ្សំ​ដែល​បាន​ត្រៀម​ទុក រួមមាន​ដូចជាអំបិល ម្សៅ​ស៊ុបខ្នរ ម្សៅ​បំពង ពងមាន់ ដោយ​ក្រឡុក​បញ្ចូល​គ្នា​ឱ្យ​សព្វ រួច​យកទៅ​បំពង​ឱ្យ​ឆ្អិន​ល្អ ហើយ​ស្រង់​ទុក​មួយអន្លើ។ យក​សណ្តែកកួរទឹកត្រី​កោះកុង និង​ទឹកក្រូចឆ្មារ បុក​លាយ​បញ្ចូល​គ្នា ដោយ​បន្ថែម​ខ្ទឹមស​បន្តិច (បុកល្មមៗកុំឱ្យ​ម៉ដ្ឋ​ពេក)។ ជា​ចុងក្រោយ លោកអ្នក​គ្រាន់តែ​យក​ពោះ​តាន់​ដែល​បាន​បំពង​រួច និង​សណ្តែកកួរ​ដែល​បាន​បុក​រួច​នោះមក​រៀបចំ​ដាក់​នៅលើ​ចាន​រួមគ្នា​ឱ្យមាន​របៀប ដោយ​បន្ថែមបន្លែ​បន្តិច​គ្រាន់​ជាការ​លម្អ​ជាការ​ស្រេច។ ឃើញ​ទេ ងាយ! ប៉ុន្តែ​ទទួលបាន​នូវ​មុខម្ហូប​ដ៏​មាន​រសជាតិ​សម្រាប់​ទទួលទាន​ជុំគ្នា​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​ក្នុង​ថ្ងៃ​ឈប់សម្រាក​រួច​បាត់ទៅហើយ៕