សា​ស៊ី​មិ… ឆ្ងាញ់… ! និង​ងាយស្រួល​ធ្វើ

ជឿថា​លោកអ្នក​មួយចំនួនធំ​សុទ្ធតែ​បានដឹង និង​ជ្រាប​រួចមកហើយ​ថា ចំពោះ​ប្រភេទ​អាហារ​បែប​ជនជាតិ​ជប៉ុន គឺ​ភាគច្រើន​ផ្សំ​ចេញពី​ពពួក​សាច់​នៃ​គ្រឿង​សមុទ្រ ជាពិសេស សាច់​ត្រី​សាល់​ម៉ុ​ន​តែម្ដង  ហើយ​ពពួក​សាច់​ទាំងនេះ​គឺ​គេ​តែង​និយម​ទទួលទាន​ឆៅស្រស់ៗ ជាមួយ នឹង​ឮ​ទឹកត្រី ឬ​ទឹកជ្រលក់ រួមជាមួយ​នឹង​គ្រី​ម​មាន​ក្លិន​ឆួល​ម្យ៉ាង ដែលមាន​ឈ្មោះថា វ៉ា​សា​ប៊ិ និង​បន្ថែម​ដោយ​ធាតុ​ត្រជាក់​នៃ​ទឹកកក ដើម្បី​ជួយ​បំបាត់​ក្លិនឆ្អាប​តែប៉ុណ្ណោះ ។   សម្រាប់​ពេលនេះ ឡា​រ៉ែ​ន សូម​បង្ហាញជូន​នូវ​មុខម្ហូប​ដែល​កំពុងតែ​ទទួលបាន​ការពេញនិយម​ទទួលទាន​ពី​សំណាក់​មនុស្ស​សម័យថ្មី ដែល​ចូលចិត្ត​អាហារ​ជប៉ុន នោះ​គឺ សា​ស៊ី​ម៉ិ (Sashimi) ដែលជា​ការបង្កើត​ចេញពី​គំនិត​ច្នៃប្រឌិត​របស់​អ្នកជំនាញ​ប្រចាំ​នៅ​ភោជនីយដ្ឋាន​អាហារ​ជប៉ុន SUSHI CHEF ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ306 សង្កាត់​បឹង​កេងកង1 ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

+ គ្រឿងផ្សំ
–   សាច់​ត្រី​សាល់​ម៉ុ​ន
–   សាច់​ត្រី​ធូ​ណា
–   សាច់​ខ្យង​ហុក​គី​កាយ (Hokkigai)
–   សាច់​មឹក​យក្ស Tako
–   សាច់​ត្រី​ពង Nishin
–   គ្រី​ម វ៉ា​សា​ប៊ិ
–   ខ្ញី​ជ្រក់
–   ទឹក​ស៊ី​អី​ុ​វ Kikkoman
–   ទឹកកក
–   ការ៉ុត
–   ល្ហុង
–   ផាស​លី
–   សាលាដ
–   ក្រូចឆ្មារ

+ វិធី​ធ្វើ
ចំពោះ​វិធី​ធ្វើ​នៃ​មុខម្ហូប​មួយ​នេះ ហាក់​គ្មាន​អ្វីដែល​លំបាក​នោះទេ ពោលគឺ​ប្រិយមិត្ត​ទាំងអស់​សុទ្ធតែ​អាចមាន​លទ្ធភាព​ធ្វើ​ដោយ​ខ្លួនឯងបាន​ទាំងអស់ ដោយ​គ្រាន់តែ​អ្វីដែល​សំខាន់​គឺ​ត្រូវ​ស្វែងរក​ធាតុ​ផ្សំ​ដូច​ការរៀបរាប់​ជូន​ខាងលើ​តែប៉ុណ្ណោះ។ ក្រោយពេល​ស្វែងរក​ធាតុ​ផ្សំ​ទាំងអស់​បាន​ហើយ​លោកអ្នក​គ្រាន់តែ​ធ្វើការ​ហាន់សាច់​នៃ​គ្រឿង​សមុទ្រ​ទាំងអស់​ជា​បន្ទះស្តើងៗ ហើយ​តម្រៀប​នៅលើ​ចាន ដែលមាន​ទឹកកក​ក្រាល​នៅ​បាត​ជាស្រេច។ ដោយឡែក​ចំពោះ​ប្រភេទ​បន្លែផ្សេងៗ លោកអ្នក​ក៏​ហាន់​ជា​សរសៃតូចៗ វែងៗដូច​ការបង្ហាញ​ក្នុង​រូបភាព ហើយ​ធ្វើការ​តុបតែង​លម្អ ដើម្បី​បង្កើន​សោភ័ណភាព។ លុះ​នៅពេល​ទទួលទាន សូមកុំ​ភ្លេច បន្ថែម​គ្រី​ម​វ៉ា​សា​ប៊ិ ហើយ​ជ្រលក់​ជាមួយ​ទឹក​ស៊ី​អី​ុ​វ​ជប៉ុន​Kikkoman ផង​ណា។ តែ​ប៉ុ​ណ្នឹ​ង លោកអ្នក​ក៏​អាច​ទទួលបាន​អាហារ​បែប​ជនជាតិ​ជប៉ុន​មក​ទទួលទាន​យ៉ាង​រីករាយ​ជាមួយ​ក្រុមគ្រួសារ ក៏ដូចជា​បណ្តា​មិត្តភក្ដិ​ផងដែរ៕

 

 

Advertisement