សាច់មាន់​ហ្វី​ឡេ ឆា​ម្ទេស​ក្រៀម​រសជាតិ​ប្លែក

ភាគច្រើន សាច់​ភ្លៅ​មាន់ គឺជា​ប្រភេទ​សាច់​ដែលមាន​ការពេញនិយម​ពី​សំណាក់​អ្នក​ទទួលទាន ក៏ដូចជា​ការពេញនិយម​ពី​សំណាក់​អ្នកជំនាញ​ផ្នែក​ដាំ​ស្ល​យកទៅ​ច្នៃ​ធ្វើជា​ម្ហូបអាហារ​ជាច្រើន​មុខ ដែល​ក្នុងនោះ​រួមមាន​ដូចជា អាំងស្ងោរ ចៀន ឆា រំលីង បំពង និង​អប់​គ្រឿង​ជាដើម។ ដោយឡែក​ពេលនេះ ក្រោម​ការជ្រើសរើស​យ៉ាង​ពិសេស​ពី​សំណាក់​មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន Cowboy ដែល​ស្ថិតនៅ​តាមផ្លូវ​ប៉ាស្ទ័រ រាជធានី​ភ្នំពេញ ប្រភេទ​សាច់មាន់​ហ្វី​ឡេ បាន​លេចចេញ​ជា​មុខម្ហូប​ដ៏​ឈ្ងុយឆ្ងាញ់​គួរ​ជាទី​ទាក់ទាញ​មួយ​មុខ​ទៀត ក្រោម​ការរួម​ផ្សំ​ពី​គ្រឿងផ្សំសំខាន់ៗមួយចំនួន ជាពិសេស ម្ទេស​ក្រៀម​ក្លិនក្រអូប​តែ​ម្ដង។

គ្រឿងផ្សំ
• សាច់​ភ្លៅ​មាន់​ហ្វី​ឡេ
• ម្ទេសដៃនាង​ក្រៀម
• ខ្ទឹមស ចិញ្ច្រាំ
• ប្រេងខ្យង
• ស្ករស
• អំបិល
• ម្សៅ​ស៊ុបខ្នរ
• ប្រេង​ម្ទេស
• ប្រេងឆា

វិធី​ចម្អិន
ត្រូវដាក់​ប្រេងឆា​កម្ដៅ​ឱ្យ​ក្ដៅ​ល្អ។ រួចយក​ភ្លៅ​មាន់​ហ្វី​ឡេកាប់​ជា​ដុំ​តូច​ល្មម ហើយ​ច្របល់​ជាមួយ​គ្រឿងផ្សំ​មួយចំនួន​ដូចជា ស្ករស ប្រេងខ្យង អំបិល និង​ម្សៅ​ស៊ុប​ខ្នរ រួច​យកទៅ​បំពង​រួមគ្នា​ជាមួយ​ម្ទេស​ក្រៀមឱ្យ​ឆ្អិន​ល្មមហើយ​ស្រង់​ចេញ​ទុក​មួយអន្លើ។ ដាក់​កម្ដៅ​ឆ្នាំង​ខ្ទះ​ឱ្យ​ក្ដៅចាក់​ប្រេង​ម្ទេស​ចូល​លាយ​ជាមួយ​ខ្ទឹមស ហើយ​យក​សាច់មាន់​ហ្វី​ឡេ​ដែល​បាន​បំពង​នោះ ឆា​ជាថ្មី​ម្ដងទៀត ​ដោយ​រោយ​ស្ករស​បន្ថែម​ពីលើបន្តិចៗ (រសជាតិ​ផ្អែម ឬ​ប្រៃ​អា-ស្រ័យ​តាម​ចំណូលចិត្ត) ហើយ​ចាក់​ប្រេងខ្យង​ចូល​បន្ដិចកូរ​ឱ្យ​សព្វ​រហូត​ឃើញថា ស្ងួត​ល្មម និង​ឡើង​ពណ៌​ក្រហម​ល្អ​គួរឱ្យ​ចង់​ទទួលទាន​ហើយ សឹមលើក​ចេញពី​ចង្ក្រាន រួច​ដួស​ដាក់​ចាន​ជាការ​ស្រេច៕

Advertisement