“កោះ​អូននិង​កោះ​បង”គ្រាន់តែ​ឮឈ្មោះ​ភ្លាម ធ្វើឱ្យ​គូស្នេហ៍​ចង់ទៅ​ក្រេបទឹក​ឃ្មុំ​ភ្លែត!

មិន​ពិបាក​រក​នោះទេ ព្រោះ​កោះ​នេះ​ស្ថិតនៅ​ប្រជុំ​កោះរ៉ុង តំបន់​សមុទ្រ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា ដែល​ពោរ​ពេញ​ដោយ​ទេសភាពនៃ​វាល​ខ្សាច់ពណ៌សក្បុស ហ៊ុមព័ទ្ធ​ដោយ​ផ្ទះ​ឈើ​ប្រក់​ស្បូវ​ដ៏​ប្រណីត គឺជា​ឋានសួគ៌ពិតៗរបស់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់​ទី​រមណីយដ្ឋាន “កោះ​អូន និង​កោះ​បង ឬកោះ​សង្សារ”។ គ្រាន់តែ​ឃើញ​រូបភាព​ប៉ុណ្ណោះ ក៏​លោកអ្នក​អាច​ដឹងភ្លាមៗតែ​ម្តងថា កោះ​ដ៏​តូច​ច្រឡឹង​មួយ​នេះ គឺជា​ឋានសួគ៌​ក្នុង​ក្ដី​ស្រមៃ នា​រាត្រី​ក្រេបទឹក​ឃ្មុំ​ដ៏​រ៉ូ​មែន​ទិច និង​ជា​ទីកន្លែង​ដែល​ផ្សាភ្ជាប់​នឹង​គម្រោង​អភិរក្ស​ធម្មជាតិ ជីវៈចម្រុះ និង​សត្វព្រៃបាត់ទៅហើយ។ ថ្ងៃនេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន មាន​កិត្តិយស​សូម​នាំ​ដំណើរ​គូ​ស្វាមីភរិយា​ថ្មោងថ្មី​ទាំង​ឡាយទៅកាន់អារម្មណ៍ដ៏​រ៉ូ​មែន​ទិច និង​ប្លែកមិន​ធ្លាប់មាន​ពីមុន​នៅលើ​ទឹកដី “កោះ​អូន និង​កោះ​បង”។

សម្រាប់​ដំណើរកម្សាន្ត​ទៅកាន់​កោះ​​អូន និង​កោះ​បង ឬកោះសង្សារ អ្នក​គ្រាន់តែធ្វើដំណើរចេញពីកំពង់ផែ​ខេត្ត​ព្រះសីហនុ ចម្ងាយ29គីឡូម៉ែត្រ​ ឬ​ចម្ងាយ​ប្រមាណ​ជា232គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ កាត់​តាម​ខេត្តកំពង់ស្ពឺ ទៅតាម​ប៉ែក​និរតី​នៃ​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ នោះ​លោក​អ្នកនឹង​ទៅដល់​ទីឋាន​ក្នុង​ក្ដី​សុបិន​មួយ​នេះជាមិនខាន។ កោះ​សង្សារ​ទាំង​គូ​ស្ថិតនៅ​គម្លាត​ពីគ្នា​មិន​ដល់1គីឡូម៉ែត្រ​ផង ហើយ​ភ្ញៀវ​អាច​ឆ្លង​ទៅវិញទៅមក​តាមរយៈ​ស្ពានឈើ​លើទឹក។ កោះ​ទាំង2នេះ​មាន កោះ​បង គឺជា​កោះ​ដែលមាន​ទិដ្ឋភាព​ស្រស់បំព្រង និង​គ្របដណ្ដប់​ទៅដោយ​រុក្ខជាតិធំៗដូចនៅ​ក្នុង​ព្រៃភ្នំ។ នៅ​ទីនោះ​មិនមាន​​ស្លាក​សញ្ញា​ប្រាប់ផ្លូវ​អ្វី​ច្រើន​ទេ ពោលគឺ​ភ្ញៀវ​អាច​ដើរលេង​ទស្សនា​បក្សាបក្សីនិងតំបន់ឆ្នេរដែលមាន​ដុំ​សិលា​ដ៏​ស្ងប់ស្ងាត់ និង​លន្លង់លន្លោច ព្រមទាំង​មានផ្ទះ​វីឡា​ឈើ​ដ៏​ប្រណីតចំនួន27ខ្នង បាន​បំផុស​ខ្លួន​ចេញពី​ព្រៃព្រឹក្សា តំបន់ឆ្នេរ និង​ខ្លះទៀត​ស្ថាបនា​លេចចេញ​ពី​ផ្ទៃ​សាគរ។ ផ្ទះ​វីឡានីមួយៗមានតម្លៃ​ខុសគ្នា និងរៀបចំ​តុបតែងប្លែកៗពីគ្នា ​ដោយ​ប្រើ​សម្ភារ និងឧបករណ៍​ដ៏ទំនើបៗទៅតាម​ស្តង់ដារ​ ផ្ទះ​វីឡាទាំង​នេះគឺជា​សណ្ឋាគារដ៏ប្រណីត​លំដាប់អន្តរជាតិ។ ពិតមែន​ហើយ ទេសភាព​បែបនេះ​កំពុង​ក្លាយខ្លួនជា​ចំណី​ចក្ខុ​ដ៏​កម្រ​នៅក្នុង​ប្រទេស​​កម្ពុជាដែល​ពិភពលោក​កំពុង​សម្លឹង​រកមើល។

រីឯ​កោះ​មួយទៀត​នោះ​មាន​ឈ្មោះថា កោះ​អូន ដែល​គ្រាន់តែ​ឭ​ឈ្មោះ​មួយ​នេះ​ភ្លាម លោក​អ្នកជា​គូស្នេហ៍ដ៏​ផ្អែមល្ហែម ប្រាកដ​ជាដឹងហើយថា វាមានន័យថា “កោះសង្សារ”។ ទេសភាពធម្មជាតិ ឆ្នេរខ្សាច់ពណ៌​ស​ស្អាត ខ្យល់អាកាសបរិសុទ្ធ ព្រៃឈើ​ដ៏​ស្រស់បំព្រង និង​សត្វ​មច្ឆាដ៏សម្បូរបែប ជា​ចំណុចដ៏ទាក់ទាញ​របស់​កោះ​​​អូន និង​កោះ​បង ឬកោះសង្សារ រួមផ្សំ​ជាមួយនឹង​ការច្នៃ​ប្រឌិតតុបតែងដ៏​ប្រណីត និង​ពោរពេញទៅដោយ​ភាព​ទាក់ទាញ​បន្ថែមទៀត​នោះ កុំ​គិត​ច្រើន​ទៀត​អី វា​ជា​ឋានសួគ៌​កំពុង​រង់ចាំ​លោក​អ្នកទៅ​កសាង​អនុស្សាវរីយ៍ដែល​មិនអាច​បំភ្លេចបាននៅទី​នោះ​ហើយ។

ងាក​មក​មើល​សេវា​ដឹកជញ្ជូន​វិញ ពី​ទីក្រុង​ព្រះសីហនុទៅកាន់​កោះ​​អូន និង​កោះ​បង ឬកោះ​សង្សារ លោកអ្នក​​ត្រូវ​ចំណាយ​ពេលធ្វើដំណើរ​តាម​ផ្ទៃ​ទឹកតែ35ទៅ40នាទីប៉ុណ្ណោះ ដោយ​ប្រើ​នាវា​ដែលមាន​ល្បឿន​លឿន និងធានា​សុវត្ថិភាព​ខ្ពស់​បំផុត​។ ចំណុច​វិសេស​បន្ថែមមួយទៀតគឺ ​នៅ​ក្នុងផ្ទះ​វីឡាដ៏ប្រណីត​នៅលើ​កោះ​ទាំង2នេះ គឺមាន​អាង​ហែល​ទឹក ស្ប៉ា-ម៉ាស្សា និងមាន​ប្រព័ន្ធ Wi-fi ជាពិសេសក៏មាន​សេវាកម្មរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ និង​ការ​មុជទឹក​មើល​ផ្កាថ្ម ដែលជា​ជីវៈចម្រុះដែលកំពុង​ទាក់ទាញ និងប្លែក​ភ្នែកថែមទៀតផង។ បើលោកអ្នកមាន​កាមេរ៉ា​ថត​ក្នុង​ទឹកបាន​ទៀត​នោះ គឺ​អេ​ម​តែម្តងដោយនៅពេលថត​ហើយ លោកអ្នក​អាច​បង្ហោះរូបរបស់លោកអ្នកនៅក្នុង​បណ្តាញ​សង្គមFacebook, Instagram ឬក៏ Line បានភ្លាមៗតែម្តង៕

Advertisement