អាហារ 5យ៉ាង​ ដែល​មិនអាច​ខ្វះ​បាន​ សម្រាប់​ស្ត្រី 30ឆ្នាំ​ឡើង

អាហារ​ចាំបាច់​ចំពោះ​រាងកាយ​ជានិច្ច អ្នកណាៗក៏​ដឹង​ដែរ ទើប​ថ្ងៃនេះ​យើង​មាន​អាហារ​សុខភាព 5យ៉ាង​មក​ផ្ញើនារីៗ ជា​អាហារ​ដ៏​ល្អដែល​មិនអាច​ខ្វះ​បាន ដើម្បី​មើលថែទាំ​សុខភាព និង​ការពារ​រោគ​ដែល​តែង​កើត​ច្រើន​នៅក្នុង​ក្រុមនារីៗយើង​ពេល​អាយុ​កាន់តែ​ច្រើនឡើង ដូច្នេះ​យើង​នាំគ្នា​ទៅ​មើលថា តើ​មាន​អ្វីខ្លះ?

1/ យ៉ា​អួ​ជាតិ​ខ្លាញ់​តិច រសជាតិ​ធម្មជាតិ ជួយ​កាត់បន្ថយ​ការកើត​មហារីក​សុដន់ និង​ការឆ្លង​មេរោគ​ក្នុង​រន្ធ​ស្បូន ក្រៅពីនេះ​នៅមាន​កាល់ស្យូម​ខ្ពស់ ការពារ​បញ្ហា​ពុក​ឆ្អឹង​បាន​ទៀតផង។
កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ 3-5ដង។

2/ ត្រី​ដែលមាន​ខ្លាញ់ ដូចជា ត្រី​សាល​ម៉ុ​ន ត្រី​មែក​ឃើ​រេល និង​ត្រី​សា​ឌី​ន មាន​ជាតិ​អាស៊ីត​អូ​មេ​ហ្កា 3 ជួយ​ការពារ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​រូ​ម៉ា​តយ​ដ៍ ជំងឺ​អេស​អឹ​លអី​ុ ដែល​កើត​ច្រើន​នៅលើ​ស្ត្រី​ច្រើនជាង​បុរស។
កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ 2-3ដង។

3/ សណ្តែក ទាំង​សណ្តែក​ដែល​ទទួលទាន​បាន​ទាំង​កួ ដូចជា ព​ពាយ សណ្តែកកួ សណ្តែក​ហោ​ឡាន់​តៅ សណ្តែកអង្គុយ សណ្តែកក្រហម និង​សណ្តែកខ្មៅ ដែលមាន​ហ្វៃ​ប៊ើ​រ​ខ្ពស់ មាន​សារធាតុ​ដែលមាន​ឬ​ទ្ធិ​ទប់ស្កាត់​អង់​ហ្ស៊ី​ម​ប្រូ​ទិ​អេស ដែល​ជួយ​ការពារ និង​កាត់បន្ថយ​ការ​បំបែក​ខ្លួន​របស់​កោសិកា​មហារីក ជួយ​ការពារ​មហារីក​សុដន់ ហើយ​ដែល​សំខាន់​គឺ ហុច​ផល​ល្អ​ដល់​អ័រម៉ូន​ភេទ​ស្រី។
កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ 2-3ដង។

4/ ផ្លែ​ប៉េងប៉ោះ និង​ឪឡឹក មាន​សារធាតុ​ឡៃ​ខូ​ពី​ន ជួយ​ការពារ​មហារីក​សុដន់ មាន​សារធាតុ​អ៊ែន​ទី​អុក​ស៊ី​ដេ​ន​ត៍ ធ្វើឱ្យ​មើលទៅ​ឃើញ​នៅ​ក្មេង​វ័យ ព្រោះ​ជួយ​ការពារ​ស្បែក​មិនឱ្យ​ត្រូវ​កាំរស្មី​អ៊ុ​ល​ត្រា​វី​យ៉ូ​ឡេ​បំផ្លាញ។
កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ 3-5ដង។

5/ ប៊ីរី ដូចជា ប្លូ​៊​ប៊ីរី ស្ត្រ​ប៊ីរី រ៉ា​ស​ប៊ីរី មាន​អ៊ែន​ថូ​សៃ​អ៊ែន​ស៍ (Anthocyans) ដែលមាន​តួនាទី​សំខាន់​ក្នុងការ​ជួសជុល​កោសិកា​ក្នុង​រាងកាយ​របស់​យើង ក្រៅពីនេះ​នៅមាន​ការងារ​ស្រាវជ្រាវ​មួយ​ដែល​អះអាងថា វា​ជួយ​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ក្នុង​ការកើត​មហារីក​បាន​ច្រើន​ប្រភេទ ដូចជា មហារីក​សុដន់ មហារីក​ប្រព័ន្ធ​រំលាយ​អាហារ​ជាដើម។
កម្រិត​ដែល​គួរ​ទទួលទាន៖ ទទួលទាន​ក្នុង​មួយ​សប្តាហ៍ 3-4ដង។

ចង់​ក្លាយជា​នារី​រូប​ស្អាត​សុខភាព​ល្អ ចូរ​កុំ​ខកខាន​អាហារ​ទាំង 5ប្រភេទ​ដូច​បាន​រៀបរាប់​ពី​ខាងលើនេះ ព្រមទាំង​ត្រូវ​នាំគ្នា​មើលថែទាំ​ខ្លួន​តាំងពី​ថ្ងៃនេះ​តទៅ៕

Advertisement