លើ​កោះ សាមុយ ជាមួយ Bangkok Airways ភាព​ពេញចិត្ត​ដែល​មិនអាច​បំភ្លេចបាន

ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ល្បីល្បាញ​ប្រចាំ​ភូមិភាគ​អាស៊ី-អាគ្នេយ៍ Bangkok Airways ម្ចាស់​ពាក្យស្លោក Asia’s Boutique Airline” កាលពីដើម​ខែធ្នូ កន្លងទៅថ្មីៗនេះ បានរៀបចំ​ព្រឹត្តិការណ៍​ដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ​មួយរយៈ​ពេល 3ថ្ងៃ2យប់ នៅ​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​នៅក្នុង​ប្រទេស​ថៃ គឺ​កោះ​សាមុយ ដែលមាន​ការចូលរួម​ដំណើរ​ពី​ខាង​ក្រុមហ៊ុន​ទេសចរណ៍ និង​អ្នកសារព័ត៌មាន​ជាច្រើនរូប។

បន្ទាប់ពី​ធ្វើដំណើរ​ដោយ​ជំនឿ​ទុកចិត្ត និង​សប្បាយរីករាយ​តាម​ជើងហោះហើរ Bangkok Airways PG 938 (ភ្នំពេញ-បាងកក) និង​បន្ត​ដោយ​ជើងហោះហើរ​លេខ PG 120 (បាងកក- សាមុយ) ក្រុម​ភ្ញៀវទេសចរ​បានមក​ដល់​កោះ​សាមុយ​ប្រកបដោយ​សុវត្ថិភាព និង​ក្ដី​រីករាយ​បំផុត។

នៅ​ថ្ងៃ​ដំបូង​ក្រុម​ភ្ញៀវទេសចរ​ទាំងឡាយ​ត្រូវបាន​នាំ​ធ្វើដំណើរ​កម្សាន្ត​ដើម្បី​ទទួលយក​បទពិសោធ​ដ៏​ស្រស់បំព្រង​នៅលើ​ទឹកដី​កោះ​សាមុយ តាម​រថយន្ត​ទេសចរណ៍​ទៅកាន់​មណ្ឌល​ទេសចរណ៍​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ និង​ល្បីល្បាញ​បំផុត​នៅលើ​កោះ​សាមុយ គឺ Hin Ta និង Hin yai (ថ្ម​តា ថ្ម​យាយ) ដែល​ស្ថិតនៅលើ​ឆ្នេរសមុទ្រ និង​បានបញ្ចប់​ដំណើរ​ទេសចរណ៍​នៅ​ថ្ងៃ​ដំបូង​នេះ​ដោយ​ការ​ទៅ​ទស្សនា​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ និង​សម្បូរបែប​មួយ​នៅលើ​កោះ​សាមុយ នេះ​គឺ Central Festival Samui និង​បន្ទាប់មក​ក៏បាន​ធ្វើដំណើរ​ត្រឡប់​ទៅ​សម្រាក​នៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ 5ដ៏​ទំនើប និង​ល្បីល្បាញ Novotel Samui ដែល​ស្ថិត​នៅជាប់​នឹង​មាត់សមុទ្រ។

ថ្ងៃទី8ធ្នូ ដែលជា​ថ្ងៃទី2 នៃ​ដំណើរ​កម្សាន្ត​ដ៏​សែន​អស្ចារ្យ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ល្បីល្បាញ និង​ប្រណីត​ឥតខ្ចោះ Bangkok Airways  ភ្ញៀវទេសចរ​ទាំងអស់​ត្រូវបាន​នាំទៅ​កម្សាន្ត និង​ទស្សនា​ធម្មជាតិ​ដ៏​ស្រស់បំព្រង​នៅលើ​រមណីយដ្ឋាន​កោះ តៅ និង​កោះ​ណា​ង យួន តាមរយៈ​ទូក​ទេសចរណ៍​ល្បឿន​លឿន(Speed Boat) និង​បាន​ទៅដល់ អាវ មួង ឆ្នេរ ស្វាយ លើ​កោះ តៅ ដែល​ស្ថិតនៅ​កណ្ដាល​ផ្ទៃ​ទឹកសមុទ្រ​ដ៏​ខៀវស្រងាត់​ដើម្បី​ស្រូបយក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ មាន​មុជ​ក្នុង​ទឹក​ជ្រៅ (Snorkeling) និង​ដើរ​ទស្សនា​កោះ​ដ៏​សែន​ស្រស់ស្អាត​មួយ​នេះ។

ក្រោយពី​ទទួលទាន​អាហារ​ថ្ងៃត្រង់​ដ៏​សែន​ឆ្ងាញ់ និង​សម្បូរបែប​នៅក្នុង​ភោជនីយដ្ឋាន​លើ​កោះ តៅ​រួចហើយ​ភ្ញៀវទេសចរ​ទាំងអស់​ត្រូវ​បាន​នាំចេញ​ដំណើរ​ទៅកាន់ កោះ ណា​ង យួន ដែល​ស្ថិតនៅ​ចម្ងាយ​តែ 480 ម៉ែត្រ​ពី​កោះ តៅ​ប៉ុណ្ណោះ។ នៅ​ទីនោះ​លោកអ្នក​អាច​សម្រាកកាយ បន្ធូរ​អារម្មណ៍​ជាមួយនឹង​បណ្ដុំ​ផ្កាថ្ម​ដ៏​ស្រស់ស្អាត ប្លែកៗ និង​កម្រ​បានឃើញ​ដ៏​ច្រើន​ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​ថា “Crystal Clear” រួចហើយ​បន្ត​ឡើង​ទៅលើ​កំពូល​កូនភ្នំ​ដើម្បី​ទស្សនា​ឆ្នេរ​កោះ​ណា​ង យួន​ទាំងមូល និង​ថតរូប​ទុកជា​អនុស្សាវរីយ៍។

ដោយ​ភាព​សម្បូរបែប​ខាង​វិស័យ​ទេសចរណ៍​ដ៏​ទំនើប និង​ស្រស់ស្អាត រាត្រី​ថ្ងៃទី2 នេះ​ក្រុម​ភ្ញៀវទេសចរ​ត្រូវបាន​ខាង​ម្ចាស់​កម្មវិធី គឺ​ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airways នាំទៅ​សម្រាក​នៅឯ New Star Beach Resort ដែលជា​រី​សត​នៅជាប់​នឹង​ឆ្នេរ​ដ៏​ស្រស់ត្រកាល ដ៏​ទំនើប និង​ស្ថិតនៅ​កណ្ដាល​ធម្មជាតិ​ដ៏​គួរឱ្យ​ចង់​ស្នាក់នៅ។

នៅ​ថ្ងៃ​បង្ហើយ (ទី9 ខែធ្នូ) បន្ទាប់ពី​ទទួលទាន​អាហារ​ពេលព្រឹក​រួច ភ្ញៀវទេសចរ​ទាំងអស់​ត្រូវបាន​នាំទៅ​ទស្សនា​តំបន់​ទេសចរណ៍​រមណី​យ​ដ្ឋា​ន Pra Yai Temple  និង​ពិសា​អាហារ​ថ្ងៃត្រង់​នៅឯ​ភោជនីយដ្ឋាន Khao Hom restaurant រួចហើយ​នៅវេលា​ម៉ោង13:00 ទាំងអស់គ្នា​បានមក​ដល់​អាកាសយានដ្ឋាន​សាមុយ និង​ធ្វើដំណើរ​ត្រឡប់​ទៅ​ទីក្រុង​បាងកក តាម​ជើងយន្តហោះ PG 134 និង PG 935 មក​ទីក្រុង​ភ្នំពេញ​វិញ​ដោយ​សុវត្ថិភាព និង​ពោរពេញ​ដោយ​ក្ដី​ពេញចិត្ត និង​ជំនឿ​ចិត្ត​យ៉ាងខ្លាំង​ចំពោះ​សេវាកម្ម​ដ៏​ល្អ​ប្រណីត​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Bangkok Airways  Asia’s Boutique Airline” ដ៏​ល្បីល្បាញ​មួយ​នេះ៕

Advertisement