«ហ៊ឹង​ត្រចៀកភ្លាម» គ្រោះថ្នាក់​ដែល​អាច​កើត​ឡើងលើ​មនុស្ស​គ្រប់រូប គ្រប់កន្លែង គ្រប់ពេលវេលា

បើជា​រោគ​ចង្រៃ​ដែលមាន​សញ្ញា​ដាស់តឿន​ឱ្យ​អ្នក​បានដឹង​ជាមុន​នោះ យើង​នៅមាន​ពេល​អាច​ទៅ​ជួប​លោកគ្រូ​ពេទ្យ​បាន​មុនពេល​ដែល​អាការ​របស់​រោគ​នោះ​បង្ហាញឡើង​ច្បាស់​រហូត​រំខាន​ដល់​ការរស់នៅ​របស់​អ្នក​បាន តែបើ​សំណាងអាក្រក់ វា​ជា​រោគ​ដែល​កើតឡើង​ទាន់ហន់ភ្លាមៗបែប​មិនបាន​ដឹងខ្លួន​មុន និង​រក​មូល​ហេតុដែល​នាំឱ្យ​កើត​យ៉ាងពិត​ប្រាកដ​មិនឃើញ​ផង​នោះ ប្រហែលជា​ធ្វើឱ្យ​អ្នក​ត្រូវ​ត្រៀមខ្លួន​ចាំ​ទប់ទល់​នឹង​ជំងឺ​យ៉ាង​លំបាក​មិន​ខាន។ ក្រៅពី​ដាច់​សរសៃឈាម​ខួរក្បាល ឬ​គាំងបេះដូង​ទាន់ហន់​ដែល​មនុស្ស​យើង​គ្រប់គ្នា​ស្គាល់​ច្បាស់​ហើយ​នោះ នៅមាន​រោគ​មួយទៀត​ជា​រោគ​ដែល​កើតឡើង​យ៉ាង​ទាន់ហន់ និង​ជួបប្រទះ​ច្រើន​ដោយ​រក​មូលហេតុ​មិនឃើញ​ទៀតផង នោះ​គឺ​រោគ​ហ៊ឹង​ត្រចៀក​ទាន់ហន់ ឬ​ជំងឺ​គាំង​ត្រចៀក។

រោគ​ហ៊ឹង​ត្រចៀក​ទាន់ហន់

ជំងឺ​ហ៊ឹង​ត្រចៀក​ទាន់ហន់ ឬ​ជំងឺ​គាំង​ត្រចៀក គឺជា​សភាវ​ដែល​បាត់បង់​ការ​បានឮភ្លាមៗ ប្រភេទ​ប្រព័ន្ធ​ប្រសាទ​ទទួល​ស្ដាប់​សំឡេង​ធ្វើការ​រអាក់រអួល​ដែល​កើតឡើងភ្លាមៗតែម្ដង។ ប្រទះឃើញ​នៅលើ​ទាំង​ភេទ​ស្រី និង​ភេទ​ប្រុស និង​ច្រើន​ជួប​នៅក្នុង​ក្រុមមនុស្ស​ដែលមាន​អាយុ​តិច និង​វ័យ​កណ្ដាល​មនុស្ស។

មូលហេតុ​របស់​រោគ​ហ៊ឹង​ត្រចៀក​ទាន់ហន់

ជា​រឿង​គួរឱ្យ​ស្ដាយ​ណាស់​ដែល​បច្ចុប្បន្ន​ក៏​នៅតែ​មិនអាច​បញ្ជាក់​ពី​មូលហេតុ​បានច្បាស់លាស់​ថា បណ្ដាលមកពី​មូលហេតុ​អ្វី​នៅឡើយ តែ​គ្រូពេទ្យ​ជំនាញ​ជឿថា អាច​បណ្ដាលមកពី​មេរោគ​វីរុស ការ​ញ៉ុ​ក​ណែន​របស់​សរសៃឈាម​ដែល​ហូរ​ទៅ​ចិញ្ចឹម​ស្រទាប់​ត្រចៀក​ខាងក្នុង ការ​ហើម​ក្នុង​ក្រដាសត្រចៀក ការ​មាន​រន្ធ​ធ្លាយ​របស់​ទ-ត្រចៀក​ខាងក្នុង តែ​អាច​កើត​ពី​មូល​ហេតុដែល​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​បាន ដូចជា ដុះ​សាច់​បរិវេណ​សរសៃប្រសាទ​ត្រចៀក ឬ​ភាពខុសប្រក្រតី​របស់​ខួរក្បាល​ជាដើម។

អាការ​របស់​រោគ​ហ៊ឹង​ត្រចៀក​ទាន់ហន់​ដែល​ជួបប្រទះ​ញឹកញាប់

  1. បាត់បង់​ការ​បានឮ​ទាន់ហន់ភ្លាមៗ និង​ច្រើនតែ​កើត​នៅលើ​ត្រចៀក​តែ​ម្ខាង។
  2. អាចមាន​អាការ​ឮ​សំឡេងខ្លាំងៗរំខាន​នៅក្នុង​ត្រចៀក​ម្ខាង​នោះ។
  3. មាន​អាការ​វិលមុខ​រួមជាមួយ​ផង។

វិធី​រក្សា​ព្យាបាល​រោគ​ហ៊ឹង​ត្រចៀក​ទាន់ហន់

  1. ព្យាបាល​ដោយ​ថ្នាំ ដូចជា ថ្នាំ​កាត់បន្ថយ​ការ​រលាក​ក្លាយ ថ្នាំ​ពង្រីក​សរសៃឈាម វីតាមីន ឬ​ថ្នាំ​សម្រាល​អាការ​វិលមុខ។
  2. អ្នកជំងឺ​អាច​គេង​សម្រាក​ព្យាបាល​នៅផ្ទះ​បាន ឬ​អ្នកខ្លះ​អាច​ត្រូវ​គេង​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ដើម្បី​តាមដាន​អាការ។
  3. គ្រូពេទ្យ​នឹង​ណាត់​ពិនិត្យ​វាស់​កម្រិត​ការ​បាន​ឮជាដំណាក់កាលៗ ដើម្បី​វាយតម្លៃ​លទ្ធផល​នៃ​ការព្យាបាល និង​តាមដាន​លទ្ធផល​នៃ​ការព្យាបាល​ក្នុង​រយៈពេល​វែង​ជា​បន្ត៕
Advertisement