ការមើល​ថែទាំ​អញ្ចាញធ្មេញ និង​ធ្មេញ​យ៉ាង​ត្រឹមត្រូវ​តាម​វិធី

មាន​មនុស្ស​ជា​ច្រើនតែ​ព្រងើយកន្តើយ​នឹង​ការ​ដុស​សម្អាត​ធ្មេញ ដោយ​មិនដឹង​ឡើយ​ថា ភាព​ស្អាត​នៅក្នុង​ប្រអប់មាត់​ក៏មានចំណែក​សំខាន់​ខ្លាំង​ដែរ ព្រោះ​វា​អាច​ហុច​ផល​ដល់​អវយវៈ​ផ្នែក​ដទៃទៀត​បាន ដោយ​គួរ​ដុស​សម្អាត​ធ្មេញ​យ៉ាងតិច​ក្នុង​មួយថ្ងៃ​ឱ្យបាន2ដង ចូរ​ប្រើ​ច្រាស​ដុសធ្មេញ​សរសៃ​ទន់ មិនមែនជា​ច្រាស​ដែលមាន​សរសៃ​រឹង​ខ្លាំងពេក​នោះទេ ព្រោះ​វា​អាចធ្វើឱ្យ​ធ្មេញ​ឆាប់​សឹក។ ទំហំ​របស់​ក្បាល​ច្រាស​ដុសធ្មេញ​ក៏​គួរ​មាន​ខ្នាត​ដែល​សមល្មម​ក្នុង​ការចូល​ទៅដល់​គ្រប់​កន្លុកកន្លៀត​របស់​ធ្មេញ​បាន​យ៉ាង​ងាយស្រួល និង​ត្រូវ​ផ្តល់​ភាព​សំខាន់​របស់​ការ​ដុស​សម្អាត​ធ្មេញ​ដែល​ត្រឹមត្រូវ​តាម​វិធី និង​គ្រប់​ទីតាំង​របស់​ធ្មេញនីមួយៗ ដូច្នេះហើយ​ទើប ឡា​រ៉ែ​ន មាន​វិធី​ដុស​សម្អាត​ធ្មេញ​ដែល​ត្រឹមត្រូវ​មក​ជម្រាបជូន​ដូចតទៅ៖

1/ គួរ​ដុស​សម្អាត​ធ្មេញ​ឱ្យ​ត្រូវ​វិធី​ក្រោយពេល​បរិភោគ​អាហារ​រួច​គ្រប់ពេល តែបើ​មិនមាន​ភាពងាយស្រួល​ក្នុងការ​ដុស​សម្អាត​ធ្មេញ​ទេនោះក៏​គួរតែ​ខ្ពុរមាត់ខ្លាំងៗ ដោយ​ទឹកស្អាត​គ្រប់ពេល និង​ត្រូវ​ដុស​សម្អាត​ធ្មេញយ៉ាងតិច​ក្នុង​មួយថ្ងៃ2ដង​គឺ ភ្ញាក់​ពី​ដំណេក និង​មុន​ចូល​គេង។

2/ ក្រោយពេល​ដុសធ្មេញ អាច​ប្រើ​ម្រាមដៃ​ដុស​ធ្វើ​ម៉ាស្សា​នៅលើ​សាច់​អញ្ចាញធ្មេញស្រាលៗគ្រប់កន្លែង ដើម្បី​ជួយ​ឱ្យ​អញ្ចាញធ្មេញ​រឹងមាំ។

3/ ទទួលទាន​បន្លែ និង​ផ្លែឈើ​ដែល​ជួយ​ថែបំប៉ន​អញ្ចាញធ្មេញ និង​ជួយ​សម្អាត​ធ្មេញ​បែបងាយៗ ដូចជា ផ្លែក្រូច ប៉ិគ​ក់ ត្របែក និងជម្ពូ​ជាដើម។

4/ ចៀសវាង​ពី​ការ​ខាំ​ហែក​វត្ថុរឹងៗដោយ​ធ្មេញ ដូចជា ហែក​ថង់​ប្លា​ស្ទិ​ក ខាំ​ខ្សែចំណង​ឱ្យដាច់ ប្រើ​ធ្មេញ​គាស់​បើក​គម្រប​ដបជាដើម ព្រោះ​អាចធ្វើឱ្យ​ធ្មេញ​ជំ​ពើ​ស បែក ឬ​រង្គើ​បាន។

5/ សង្កេតមើល​ធ្មេញ និង​អញ្ចាញ​បន្ទាប់ពី​ដុស​សម្អាត​ធ្មេញ​រួច ដោយការឆ្លុះ​កញ្ចក់​មើល​ក្នុង​ប្រអប់មាត់​ម្តងម្កាល បើ​ឃើញ​មាន​ចំណុចខ្មៅៗស្នាម​ហើមក្រហមៗនៅលើ​សាច់​អញ្ចាញ ឬ​មាន​កំណកកំបោររឹងៗនៅតាម​ជើងធ្មេញ គួរតែ​ទៅ​ជួប​ទន្តពេទ្យ ដើម្បី​ពិនិត្យ​ព្យាបាល​ជាបន្ទាន់។

6/ មិនគួរ​កេះ​ធ្មេញ​ដោយ​មិនចាំបាច់​នោះទេ ព្រោះ​នឹងធ្វើ​ឱ្យជើង​ធ្មេញ​មាន​ប្រហោង និង​អាច​ឆ្លង​មេរោគ​បាន​ទៀតផង។

7/ ក្នុងករណី​ដែល​ធ្មេញទឹកដោះ (សម្រាប់​ក្មេងតូច) រង្គើ​ធ្វើឱ្យ​ឈឺ ខណៈពេល​ទទួលទាន​អាហារ ឬ​ពេល​ដុស​សម្អាត​ធ្មេញ ឬក៏​មាន​ធ្មេញ​ពុកផុយ​របេះ​អស់​នៅសល់តែ​គល់ លែងមាន​ធ្មេញ​ហើយ​នោះ គួរតែ​ទៅ​ប្រឹក្សា​ជាមួយ​ទន្តពេទ្យ​ដើម្បី​ដកចេញ​ភ្លាម។

វិធី​ដុស​សម្អាត​ធ្មេញការ​ដុស​សម្អាត​ធ្មេញ គួរ​ដុស​សម្អាត​ឱ្យ​សព្វគ្រប់​លើ​ធ្មេញ និង​គ្រប់ផ្នែក​របស់​ធ្មេញ​ដែល​ច្រាស​ដុសធ្មេញ​ចូលដល់ ពេល​ដុសធ្មេញ​មិនចាំបាច់​ប្រើ​កម្លាំង​សង្កត់ខ្លាំងៗនោះទេ ការ​ដុស​សម្អាត​ធ្មេញម្តងៗគួរប្រើ​ពេលវេលា​ពី 2-3នាទី ការចាប់​កាន់​ច្រាស​ដុសធ្មេញ គួរ​ចាប់​កាន់​ដង​ច្រាស​ដោយ​ម្រាម 4ចំណែក ដោយ​ម្រាម​មេដៃ​ដាក់​សង្កត់​នៅលើ​ដង​ច្រាស ដែល​ធ្វើឱ្យ​អាច​កម្រើក​ម្រាមដៃ​ឱ្យ​ច្រាស​ដុសធ្មេញ​វាស​ចុះ ឬ​វាសឡើង​បាន​ពេញដៃ​ល្អ៕

Advertisement