ខួរ​ជ្រូក​ចំហុយ ជាមួយ​ផ្សិត 5មុខ

January 17, 2018​ ម៉ោង 3:16 pm

ស៊ុប​សុខភាព​ពី​អាហា​រដ្ឋា​ន គ្រួសារ​រីករាយ ដែល​ស្ថិតនៅ​លើផ្លូវ​កោសដូង​វិញ​ម្តង ដើម្បី​ជូន​ដល់បងៗមេផ្ទះ​ទាំងអស់​រៀន​ធ្វើ គឺ មុខម្ហូប “ខួរ​ជ្រូក​ចំហុយ​ជាមួយ​ផ្សិត5មុខ” ដែល​ល្អ​ចំពោះ​សុខភាព​របស់​អ្នក និង​សមាជិកគ្រួសារ​នា​ខែរងា​នេះ​តែម្តង។ ដូច្នេះ​សូម​តាមដាន​ពី​គ្រឿងផ្សំ និង​របៀប​ធ្វើ​ដូចតទៅ។

គ្រឿងផ្សំ

-ខួរ​ជ្រូក 200ក្រាម
-ផ្សិត​ម្ជុល 20ក្រាម
-ផ្សិត​ក្តាម​ខ្មៅ 20ក្រាម
-ផ្សិត​ភ្លៅ​មាន់ 20ក្រាម
-ផ្សិត​ព្រិល 20ក្រាម
-ផ្សិតចំបើង 20ក្រាម
-ស្ករស 1ស្លាបព្រា​កាហ្វេ
-ស៊ុប​ដុំ​ខ្នរ 1ដុំ
-ខ្លឹម​ស 5កំពឹស
-ជី​វ៉ាន់ស៊ុយ
-ខ្ញី
-ប្រេច​ខ្ចី
-ម្រេចខ្មៅ​ម៉ដ្ឋ

របៀប​ធ្វើ

ដំបូង​ត្រូវ​លាង​ខួរ​ជ្រូក​ឱ្យ​ស្អាត រួច​បកសម្បក​ខាងក្រៅ​ចេញ។ បន្ទាប់មក​ស្រុះ​ផ្សិត​ទាំងអស់​ចោល​មួយ​ទឹក​សិន។ ចាក់ទឹក​ចូលក្នុង​ឆ្នាំង រួច​ដំ​ខ្ទឹមស​ជាមួយ​ម្រេច​ខ្ចី​ចូល ហើយ​ហាន់​ខ្ញី​ជាចំណិតៗ ដាក់ចូល​ទៅក្នុង​ឆ្នាំង។ រួច​ដាក់​ឆ្នាំង​ដាំ​នៅលើ​ភ្លើង​រហូត​ដល់ពេល​ទឹក​ពុះតិចៗ សឹម​ចាក់​ខួរ​ជ្រូក​ចូល ហើយ​បើកភ្លើង​ឱ្យ​ខ្លាំង​ល្មម។ នៅពេល​ខួរ​ជ្រូក​ឆ្អិន ចូរ​ដាក់​ផ្សិត​ទាំង5មុខ​ចូល រួច​ដាក់​ស្ករស និង​ដុំ​ស៊ុប​ខ្នរ​ចូល។ រំងាស់​ខួរ​ជ្រូក​រហូតដល់​ពុះ សឹម​ចាក់​ដាក់​ក្នុង​ចាន រួច​រោយ​ជី​វ៉ាន់ស៊ុយ និង​ម្រេចខ្មៅ​ម៉ដ្ឋ​ពីលើ​ជាការ​ស្រេច។ ឬ​អ្នក​អាច​បន្ថែម​ពង​គ្រួច​ស្ងោរ ឬ​ពង​ទា​នៅក្នុង​ទឹក​ស៊ុប​គឺ​កាន់តែ​ឆ្ងាញ់​ពិសា៕