បងៗស្ត្រី​មេផ្ទះ​ដឹង​ទេ​ថា ទឹក​លាង​អង្ករ​មាន​ប្រយោជន៍​យ៉ាងណាខ្លះ?

ផ្ទះ​ណា​ដែល​ដាំបាយ​បរិភោគ​ដោយ​ខ្លួនឯង ពេល​លាង​សម្អាត​គ្រាប់​អង្ករ​តែងតែ​មានទឹក​អង្ករ​នៅសល់ ដែលជា​ធម្មតាបងៗស្ត្រី​មេផ្ទះ​នឹង​ចាក់​វា​ចោល​ជានិច្ច តែ​ឥឡូវ​ឈប់​សិន! តើបងៗដឹងទេ​ថា យើង​អាច​យក​ទឹក​លាង​អង្ករ​នេះ​ទៅប្រើ​ឱ្យ​កើតជា​ប្រយោជន៍​បាន​ច្រើនយ៉ាង​ណាស់ ជាពិសេស5ចំណុច​ខាងក្រោម​នេះ ឡា​រ៉ែ​ន ជឿថា នៅពេលដែលបងៗបានដឹង​ហើយ បងៗនឹង​លែងចាក់ទឹក​លាង​អង្ករ​ចោល​ទៀតហើយ…។

1/ ទឹក​អង្ករ​អាច​កម្ចាត់​មុន​បាន៖ ស្ត្រី​ជនជាតិ​ឥណ្ឌូនេស៊ី និង​ជប៉ុន​មាន​វិធី​ថែទាំ​ស្បែក​មុខ​ដោយ​ទឹក​លាង​អង្ករ។ ពួកគាត់​ប្រាប់ថា ទឹក​លាង​អង្ករ​ជួយ​សម្អាត​ស្បែក​មនុស្ស​យើង​បានល្អ​ណាស់។ បន្ទាប់ពី​លាង​អង្ក​រហើយ​ចូរ​យក​ទឹក​នោះមក​ចាក់​ដាក់​កែវ​ទុក បន្ទាប់មក​យកទៅ​ទុក​នៅក្នុង​ទូទឹកកក ហើយ​យក​សំឡី​មក​ជ្រលក់​ជូត​សម្អាត​ផ្ទៃមុខ និង​បំពង់ក។

2/ យក​ទឹក​លាង​អង្ករ​ស្រោច​ដើម​ផ្កា៖ នៅក្នុង​ទឹក​លាង​អង្ករ​មាន​សារធាតុ​អាហារ​ដែលមាន​ប្រយោជន៍​ច្រើនណាស់ ដែល​ល្អ និង​ស័ក្តិសម​បំផុត​ក្នុង​ការយកទៅ​ស្រោច​ដើម​ផ្កា ឬ​ដំណាំ​ហូប​ផ្លែតូចៗ ដូចជា ដើម​ម្ទេស ដើម​ជី ឬ​ដើម​ត្រប់​ជាដើម។ បើ​បាន​ស្រោច​ដើម​ផ្កា​ដោយ​ទឹក​លាង​អង្ករ​មួយ​សប្ដាហ៍​មួយដង​ដើម​ផ្កា​ទាំងនោះ​នឹង​រីកលូតលាស់ និង​មាំមួន​បែកមែក​ខៀវខ្ចី និង​ចេញ​ផ្កា​ល្អ​ស្រស់បំព្រង​តែម្តង។

3/ ជួយ​ឱ្យ​សរសៃសក់​រឹងប៉ឹង៖ ទឹក​លាង​អង្ករ​មាន​ប្រូ​តេ​អី​ុ​ន​ដែល​នឹង​ជួយ​ធ្វើឱ្យ​សរសៃសក់​រឹងមាំ ភ្លឺរលោង ដោយ​បន្ទាប់ពី​កក់សក់​ដោយ​សាប៊ូកក់សក់​រួច ចូរ​យក​ទឹក​លាង​អង្ករ​មក​លាប ហើយ​ផ្អាប់​ទុកចោល​ប្រមាណ​ជា 10នាទី បន្ទាប់មក​លាង​សម្អាត​ចេញ​ដោយ​ទឹកស្អាត​ធម្មតា សរសៃសក់​នឹងមាន​សុខភាព​ល្អ​ឡើង។

4/ ជួយ​ឱ្យ​ផ្ទាំង​ក្រណាត់ផ្សេងៗមិន​ងាយ​ខ្ទេច​ញក់ញី៖ គ្រាន់តែ​យក​ផ្ទាំង​ក្រណាត់​ទាំង​នោះមក​ដាក់​ត្រាំ​ក្នុង​ទឹក​លាង​អង្ករ​ប្រមាណ​ជា5នាទី ហើយ​យកទៅ​បោក​លាង​សម្អាត​ចេញ នៅពេល​ស្ងួត​ហើយ ផ្ទាំង​ក្រណាត់​ទាំងនោះ​មិន​ខ្ទេច​ញក់ញី ហើយ​ថែមទាំង​ងាយស្រួល​អ៊ុត​ទៀតផង។

5/ ជួយ​ឱ្យ​ស្បែក​រាងកាយ​រលោង បន្ថយ​ការ​ផ្សារ​ក្រហាយ៖ សម្រាប់​អ្នក​ដែល​ងាយ​មាន​អាការ​ប្រតិកម្ម​ចាញ់​នឹង​អ្វីមួយ ដែល​បណ្ដាលឱ្យ​នៅលើ​ស្បែក​មាន​ឡើង​កន្ទាលត្រអាក ឬ​រមាស់​ផ្សា គ្រាន់តែ​យក​សំឡី​ជ្រលក់​នឹង​ទឹក​លាង​អង្ករ​មក​ដុសថ្នមៗចុះឡើង​នៅត្រង់​កន្លែង​មាន​បញ្ហា​នោះ និង​ទុកចោល​មួយស្របក់​វា​នឹង​ជួយ​កាត់បន្ថយ​អាការ​រមាស់​ផ្សា និង​ធ្វើឱ្យ​ស្បែក​ទន់​រលោង​ទៀតផង៕

Advertisement