5កន្លែង​ទេសចរណ៍​បែប FASHION ស័ក្តិសម​សម្រាប់​ការថតរូប ក្នុងប្រទេស​សាំង​ហ្កា​ពួរ

បើ​នឹក​ដល់​ប្រទេស​ដែល​អាច​ទៅ​ដើរលេង​កម្សាន្ត​បាន​គ្រប់​រដូវ​កាលនោះ ប្រហែលជា​គេច​មិន​ផុតពី​ប្រទេស​សាំង​ហ្កា​ពួរ​ឡើយ ព្រោះ​សាំង​ហ្កា​ពួរ ជា​ប្រទេសមួយ​ដែលមាន​ភាពសម្បូរ​បែប​ខាង​ផ្នែក​វប្បធម៌ និង​ស្ថាបត្យកម្ម ធ្វើឱ្យ​កើតមាន​ភាពខុសប្លែក​ពីគ្នា​ច្រើនជាង​ប្រទេស​ដទៃទៀត។ ថ្ងៃនេះ ទំព័រ ឡា​រ៉ែ​ន ដំណើរ​កម្សាន្ត​នឹង​នាំ​មិត្ត​អ្នកអាន​ទៅ​ដើរលេង​កម្សាន្ត​នៅក្នុង​ប្រទេស​សាំង​ហ្កា​ពួរ​ក្នុង​បែប​ដែល​មិត្ត​អ្នកអាន​មិនដែល​ធ្លាប់​ស្គាល់ ហើយ​អ្នកណា​ដែល​និយម​ចូលចិត្ត​ថតរូបស្អាតៗបែប​ហ្វា​ស្សិន ស្អាតៗ ឡូយៗមិន​ដូច​គេ​ទុក​ស៊ែរ​នៅក្នុង​បណ្ដាញ​សង្គម​នានា ក៏​សូម​តាម​មក​ទស្សនា​ទាំង​អ ស់​គ្នា…។

1/ តំបន់ “Little India”

ទីប្រជុំជន​តូច​មួយ​ក្នុងប្រទេស​សាំង​ហ្កា​ពួរ តែ​ពោរពេញ​ទៅដោយ​ភាព​ចម្រុះ​ពណ៌ ស្អាត​ស្រស់ស្រាយ​របស់​អគារ​ផ្ទះសំបែង និង​មន្ត​ស្នេហ៍​នៃ​សិល្បៈ​របស់​ប្រទេស​ឥណ្ឌា ធ្វើឱ្យ​មិត្ត​អ្នកអាន​អាច​បញ្ចេញ​ស្ទីល​ថតរូប​បែបឡូយៗ និង​ថត​បាន​គ្រប់​ជ្រុង គ្រប់​ទីកន្លែង ដែល​ទោះជា​ថត​បែបណា​ក៏​សុទ្ធតែ​ស្អាត​ទាំងអស់។

2/ សារមន្ទីរ​សិល្បៈ និង​វិទ្យាសាស្ត្រ Art Science Museum

ស្ថិតនៅក្នុង​អគារ​ដែលមាន​រូប​បែប​ស្ថាបត្យកម្ម​ដែល​មិនធម្មតា រហូត​បានទទួល​រង្វាន់​ផ្នែក​ខាង​ការច្នៃប្រឌិត​ម៉ូដ និង​ការ​តុ​ប​តែ​ជាច្រើន ស្ថិតនៅលើ​ឆ្នេរ ម៉ា​រី​ណា ( Marina Bay) សាំង​ហ្កា​ពួរ។ ឡា​រ៉ែ​ន សូម​ខ្សឹបប្រាប់​ទៅ​ចុះ​ថា ទីនេះ​គឺជា​ទីកន្លែង​ទេសចរណ៍​ដែល​ត្រូវតែទៅ​ថតរូប​បែប​សិល្បៈ និង​សេពសោយ​ជាមួយនឹង​សិល្បៈ និង​វិទ្យាសាស្ត្រ​ដែល​លាយ​ផ្សំ​ចូលគ្នា​បានយ៉ាង​សមសួន និង​ល្អ​ប្រណីត ជាពិសេស​ក្នុង​ហ្សូ​ន Cristal Universe។ ពិតជា​គួរឱ្យ​ចង់ទៅ​សាកល្បង​មែន។

3/ Garden by The Bay

ទីកន្លែង​មួយទៀត​ដែល​ត្រូវតែទៅ​ឱ្យបាន​ក្រៅពី​សួនច្បារ​សត្វ​តោ​បាញ់​ទឹក (Merlion) សាំង​ហ្កា​ពួរ ដែលអ្នកណាៗក៏​ចំហ​មាត់​ចង់​ថតរូប​ដែរនោះ​គឺ Garden by The Bay ជាទី​កន្លែង​ដ៏​ប្រណីត​មួយ​សម្រាប់​អ្នកណា​ដែល​ចង់​ផ្ដិត​យក​រូបភាពស្អាតៗ តែ ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យទៅ​ទីនោះ​នៅពេលព្រលប់ៗវិញ ព្រោះ​នៅពេលនោះ​ផ្ទៃមេឃ​មាន​ពណ៌​ប្រផេះ ស៊ីគ្នា​ជាមួយ​ពណ៌​ចម្រុះ​របស់​អំពូល​ភ្លើង ធ្វើឱ្យ​រូបភាព​ដែល​ថត​ចេញមក​ស្រស់ស្អាត​យ៉ាង​ចម្លែក និង​បង្កប់​ទៅដោយ​ភាពអាថ៌កំបាំង​នៃ​ទីកន្លែង​មួយ​នេះ។

4/ Clarke Quay

សម្រាប់​អ្នក​ដែល​ចូលចិត្ត​ជប់លៀង ផារ​ធី ត្រូវតែ​មក​បញ្ចប់​ដំណើរ​កម្សាន្ត​ក្នុងមួយថ្ងៃៗនៅ​ទីកន្លែង​នេះ។ ហាយ​ឡាយ​របស់​ទីនេះ​ក៏​គឺ មាន​ភាព​ចម្រុះ​ពណ៌​របស់​ភ្លើង​ដែល​ឆ្លុះស្រមោល​ជាមួយនឹង​ផ្ទៃ​ទឹក ដែលមាន​ទាំង​ហាង​សម្រាប់​អង្គុយ​បែបសប្បាយៗសម្រាប់​ក្រុម​អ្នក​ដែល​ចង់​អង្គុយ​ជជែក​គ្នា និង​ទស្សនា​បរិយាកាស​ជុំវិញ តែ​អ្នកណា​ដែល​ចូលចិត្ត​រាំរែក ក៏មាន​រង្គសាល និង​ផាប់​ដ៏​សែន​ជក់ចិត្ត​សម្រាប់​ឱ្យ​រាំ​បញ្ចេញ​ចលនា​បាន​ដូចគ្នា។

5/ Dream Cruises កប៉ាល​ទេសចរណ៍​កំពូល​ទំនើប

ចំណែក​អ្នក​ដែល​ធ្លាប់​ទៅ​ដើរលេង​កម្សាន្ត​នៅ​ប្រទេស​សាំង​ហ្កា​ពួរ​ម្ដង​ហើយ​ម្ដងទៀត​ឡើង​ធុញ​ហើយ​នោះ កប៉ាល់​ទេសចរណ៍​មួយគ្រឿង​នេះ​ក៏​ជា​ជម្រើស​ថ្មី​មួយទៀត​ដែល​នឹង​ធ្វើឱ្យ​លោកអ្នក​បាន​ជួប​ផ្ទាល់​ជាមួយនឹង​បទពិសោធ​ថ្មី បាន​សម្រាក​បែបសប្បាយៗ ជាមួយ​ក្រុមគ្រួសារ​ឬ​គូស្នេហ៍។ នៅលើ​នោះ​មាន​កន្លែង​កម្សាន្ត​ដ៏​ច្រើន​ឱ្យ​ជ្រើសរើស តែ​ដែល​គួរឱ្យ​រីករាយ​បំផុត​នោះ​គឺ មាន​អាង​ហែល​ទឹក​នៅលើ​កប៉ាល​ដែល​ពេល​បានឃើញ​ហើយ ច្បាស់​ជា​ត្រូវ​ស្រែកថា វ៉ា​វ! ខ្លាំងៗមិន​ខាន និង​នៅមាន​កន្លែងសប្បាយៗសម្រាប់​ថតរូបស្អាតៗនៅលើ​កប៉ាល ជាពិសេស​ក្នុងអំឡុងពេលល្ងាចៗដែល​ព្រះអាទិត្យ​កំពុង​អស្តង្គត​ដ៏​សែន​រ៉ូ​មែន​ទិ​ក​បំផុត​ទៀតផង៕

Advertisement