ការជ្រើសរើស​សម្លៀកបំពាក់​ឱ្យ​ត្រូវ​តាម​កាលៈទេសៈ និង​ពិធីផ្សេងៗ

ការជ្រើសរើស​សម្លៀកបំពាក់​ឱ្យ​សម​សួ​ម​ទៅតាម​កាលៈទេសៈ គឺជា​រឿង​សំខាន់ អ្នក​គួរតែ​ជ្រើសរើស​ឈុត​សម្លៀកបំពាក់​ឱ្យ​សមរម្យ​ទៅតាម​កាលៈទេសៈ ឬ​នៅ​ក្នុងឱកាស​កម្មវិធីផ្សេងៗ ព្រោះ​ក្រៅពី​ធ្វើឱ្យ​លោកអ្នក​ស្រស់​សង្ហា និង​ស្រស់​សោភា​ហើយ​នោះ ក៏​ជា​ការឱ្យ​កិត្តិយស​ដល់​ម្ចាស់​កម្មវិធី និង​អ្នកមុខអ្នកការ​នៅក្នុង​កម្មវិធី ឬ​ឱ្យ​តម្លៃ​លើកមុខ​មាត់​ដល់​ក្រុម​ត្រកូល​គ្រួសារ​ថែមទៀត​ផងដែរ។

បច្ចុប្បន្ននេះ ឈុត​សម្លៀកបំពាក់​មានការ​ច្នៃ​រចនា​ម៉ូដ​ជាច្រើន​ម៉ូដ អាចធ្វើឱ្យ​មនុស្ស​ជាច្រើន​មាន​អារម្មណ៍​ច្របូកច្របល់​ថា តើ​នៅក្នុង​កម្មវិធី​មួយ អ្នក​គួរតែ​ជ្រើសរើស​ឈុត​អ្វី​ឱ្យ​ស័ក្តិសម​ទៅនឹង​កម្មវិធី​នោះ? ថ្ងៃនេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ណែនាំ​ការជ្រើសរើស​ឈុត​សម្លៀកបំពាក់​ឱ្យ​ត្រូវ​តាម​កាលៈទេសៈ និង​ពិធីផ្សេងៗ ចែកជូន​ប្រិយមិត្ត​អ្នកអាន​បាន​យល់​ជ្រាប​ដូចខាងក្រោម​នេះ៖

1/ ការជ្រើសរើស​សម្លៀកបំពាក់​សម្រាប់​ពិធី​មង្គល និង​ពិធី​ឆ្លង​ជ័យ

ក្នុង​កម្ម​ពិធី​មង្គល និង​ពិធី​ឆ្លង​ជ័យ ដូចជា ពិធី​រៀប​អាពាហ៍ពិពាហ៍ ពិធី​ខួបកំណើត ពិធី​សម្ពោធ​ហាង ពិធី​ឡើង​គេហដ្ឋាន សម្ពោធ​ក្រុមហ៊ុន ពិធី​ឡើងស័ក និង​ពិធីបុណ្យ​ប្រពៃណី​ជាដើម លោកអ្នក​គួរតែ​ជ្រើសរើស​ឈុត​បែប​សុភាព​រម្យទម ចំពោះ​បុរស​គួរតែ​ជ្រើសរើស​អាវ​សាច់​ក្រណាត់​ដៃ​វែង អ៊ុត​ឱ្យបាន​ស្អាត​ស័ក្ដិសម​ជាមួយ​ខោ​ក្រណាត់​ពណ៌​ខ្មៅ​ជើងវែង។ ចំណែកនារីៗគួរតែ​ត្រៀម​ឈុត​សុភាព​រម្យទម​ដូចគ្នា ជាអាទិ​ដូចជា សំពត់​បត់ សំពត់សូត្រ ជាមួយនឹង​អាវប៉ាក់​ផ្កា ឬ​អាវ​ដៃ​ប៉ោង​ស្មា​ជាដើម។ ប្រសិនបើ​កម្មវិធី​ដែល​បានរៀបចំ​នៅពេល​រាត្រី លោកអ្នកគួរតែ​ជ្រើសរើស​ឈុត​សម្លៀកបំពាក់​បែប​ឈុត​សមោសរ ឈុត​រ៉ូ​ប ហើយ​បន្ថែម​ជាមួយ​គ្រឿងអលង្ការ មាស ឬ​ប្រាក់ ដើម្បីឱ្យ​កាន់តែ​ជួយ​លើក​សម្រស់​មួយកម្រិត​ថែមទៀត។

2/ ឈុត​សម្រាប់​ដើរលេង

ការធ្វើដំណើរ​កម្សាន្ត​ទេសចរណ៍​ជាមួយ​ក្រុមគ្រួសារ មិត្ត​ជិតស្និទ្ធ ឬ​ក្រុមការងារ​ទៅតាម​តំបន់​រមណី​ដ្ឋា​ន​នានា​ដូចជា សមុទ្រ ភ្នំ ទឹកធ្លាក់ សួន​កម្សាន្ត ទៅតាម​ខេត្ត ឬមួយ​ក៏​អ្នកធ្វើដំណើរ​ទៅ​ទិញ​ទំនិញ​តាម​ហាង ឬ​នៅ​បរទេស​ជាដើម​នោះ លោកអ្នក​គួរតែ​ជ្រើសរើស​ឈុត​សម្លៀកបំពាក់​បែបសប្បាយៗដែលមាន​ពណ៌ស្រស់ៗ ដូចជា អាវ​ក្រណាត់​ស្ដើង អាវ​រាងរលុងៗ អាវ​វាល​ដៃ អាវយឺត ហើយ​ស័ក្ដិសម​ជាមួយ​ខោ​ក្រណាត់​ជើង​ខ្លី និង​ខោ​ខាវ​ប៊​យ។ ហើយ​អ្វីដែល​សំខាន់​នោះ​សូមកុំ​ជ្រើសរើស​ឈុត​បែបខ្លីៗ សិច​ស៊ី​ខ្លាំងពេក​ព្រោះថា​អាកាសធាតុ​ក្ដៅ​អាចធ្វើឱ្យ​ខូច​ស្បែករបស់​អ្នក តែបើ​អ្នក​មិនអាច​ចៀស​បានទេ អ្នក​គួរតែ​ត្រៀម​នូវ​ឈុត​អាវធំ​ពី​ក្រៅ​បន្ថែមទៀត។

3/ ឈុត​សម្រាប់​លេង​កីឡា

ចំពោះ​ឈុត​សម្លៀកបំពាក់​សម្រាប់​លេង​កីឡា ជាដំបូង​អ្នក​ត្រូវ​គិត​មើលថា តើ​អ្នកនឹង​លេង​កីឡា​ប្រភេទ​ណា​នោះ​ទើប​អ្នក​អាច​ជ្រើសរើស​ឈុត​សម្លៀកបំពាក់​ដែល​ស័ក្តិសម​ទៅនឹង​កីឡា​ប្រភេទ​នោះ ហើយ​ម្យ៉ាងទៀត​ចំពោះ​ស្បែកជើង​កីឡា ក៏​លោកអ្នក​គួរតែ​ត្រៀម​ដូចគ្នា។ ខោអាវ​ដែល​ងាយ​ជ្រើសរើស​សម្រាប់​ការលេង​កីឡា​ជាងគេ​នោះ​គឺ ខោអាវ​ដែលមាន​សាច់​ក្រណាត់​យឺត ហើយរលុងៗ ទើប​មានភាពសប្បាយៗនៅក្នុង​ការលេង​កីឡា។

4/ ឈុត​សម្លៀកបំពាក់​សម្រាប់​ពិធី

បុណ្យសព​ពិធី​បុណ្យសព អ្នក​គួរតែ​ជ្រើសរើស​ជា​ឈុត​ពណ៌​ខ្មៅ-ស ឬ​ឈុតខ្មៅ​សុទ្ធ​ក៏បាន ដែល​មើលទៅ​មានការ​ចូលរួម​រំលែក​ទុក្ខសោក និង​សុភាព​រម្យទម ហើយ​ចៀសវាង​កុំ​ជ្រើសរើស​ឈុត​បែប​ខើច​ខ្លី តែ​សូម​ជ្រើសរើស​ទៅតាម​ប្រពៃណី​បុរាណ​របស់​ខ្មែរ​យើង។ ចំពោះ​ស្ត្រី​អាច​ជ្រើសរើស​ជា​ខោ​ពណ៌​ខ្មៅ ឬ​សំពត់​បត់​ពណ៌​ខ្មៅ ដែល​បង្ហាញ​ពី​លក្ខណៈ​ជា​សុភាពនារី។

5/ សម្លៀកបំពាក់​សម្រាប់​កា​ទូត ឬ​ក្នុងការ​ទំនាក់ទំនង​ការងារ​មន្ត្រីរាជការ និង​ការងារ​សង្គម

ខណៈដែល​អ្នក​ត្រូវ​ទៅ​ទំនាក់ទំនង​ការងារ សម្ភាសន៍​ការងារ ចូលរួម​ស្ថាន​ប័នរ​ដ្ឋ ទំនាក់ទំនង​ការទូត ចូលរួម​កម្មវិធី​សហគមន៍​ជាដើម​នោះ លោកអ្នក​គួរតែ​ជ្រើសរើស​ឈុត​សម្លៀកបំពាក់​សុភាពរាបសា ឬ​បន្ថែម​អាវធំ​ក្រៅ​ដែល​និយម​ហៅថា អាវ Cruise ព្រោះថា នេះ​ជាការ​បង្ហាញ​កិត្តិយស និង​គោរព​ឱ្យ​តម្លៃ​ដល់​ថ្នាក់​មន្ត្រី​ប្រធាន​ក្រុមហ៊ុន និង​ទីតាំង​ការិយាល័យ។

ចំពោះ​ស្ត្រី​ក៏​ដូចគ្នា​ដែរ អ្នកនាង​គួរតែ​ជ្រើសរើស​អាវ​សាច់​ក្រណាត់ និង​ខោ​សាច់​ក្រណាត់ ឬ​សំពត់​បត់ ឱ្យ​មើលទៅ​សមរម្យ​ជា​នារី​ដែលមាន​ភាព​ម៉ដ្ឋ​ចត់ និង​រហ័សរហួន​នៅក្នុង​ការងារ ដែលមើលទៅ​មាន​ទំនុកចិត្ត​ជាទីបំផុត៕

Advertisement