តើ​ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​ជីវិត​ក្រោយ​អាពាហ៍ពិពាហ៍ ជា​រឿង​សំខាន់​ដែរ ឬទេ?

បន្ទាប់ពី​ការរៀប​អាពាហ៍ពិពាហ៍ គឺ​ការចាប់ផ្តើម​ជីវិត​គូ ហើយ​មានរឿង​មួយ​ដែល​គូ​ស្វាមីភរិយា​ទាំងឡាយ​មិនអាច​ចៀស​រួច​នោះ​គឺ​រឿង “លុយកាក់” ព្រោះ​ជីវិត​គូ​ភាគច្រើន​តែង​ចាប់ផ្តើម​រៀបចំ​ផែនការ​សម្រាប់​អនាគត​រួមគ្នា ដែលមាន​ទាំង​ការត្រៀម​សម្លឹង​រកមើល​ផ្ទះ​ដើម្បី​ស្នាក់អាស្រ័យ រថយន្ត និង​មាន​ទាយាទ​សម្រាប់​ស្នង​ត្រកូល​ជាដើម  ដូច្នេះ​ការរៀបចំ​ផែនការ​ចាត់ការ​ប្រាក់ចំណូល​ចំណាយ គឺជា​រឿង​សំខាន់​ដែល​ត្រូវតែមាន​ការសម្រេចចិត្ត​រួមគ្នា ដែល​បើសិនជា​ទាំងពីរ​នាក់​មាន​គោលការណ៍​ក្នុងការ​ចាត់ការ​រឿងនេះ​បានល្អ​នោះ នឹងធ្វើ​ឱ្យ​រឿង​លុយកាក់​ក្នុង​គ្រួសារ​ងាយស្រួល​ឡើង​មិន​ខាន ។

  1. ពិចារណា​ពី​ស្ថានភាព​លុយកាក់​ក្នុងពេល​បច្ចុប្បន្ន

ធ្វើ​កំណត់ត្រា​ប្រាក់ចំណូល និង​ការចាយវាយ​ក្នុង​គ្រួសារ ទាំង​ប្រាក់ខែ និង​ប្រាក់ចំណូល​ផ្សេងទៀត ហើយ​តាម​ដោយ​ការចាយវាយ ទាំង​ថ្លៃឈ្នួល​ផ្ទះ ថ្លៃ​ធ្វើតំណើរ ថ្លៃ​ម្ហូបអាហារ ថ្លៃ​គ្រឿង​ឧបភោគបរិភោគផ្សេងៗ និង​ថ្លៃ​ចាយវាយ​ផ្ទាល់ខ្លួន​ជាដើម ។

ប្រយោជន៍​នៃ​ការធ្វើ​កំណត់ត្រា​នឹងធ្វើ​ឱ្យ​ទាំងពីរ​នាក់​បានដឹង​ពី​ប្រាក់ចំណូល និង​ប្រាក់​ចំណាយ​ទាំងអស់​រួមគ្នា ដើម្បីឱ្យ​កើតមាន​ការរៀប​ផែនការ​តទៅទៀត​ថា តើ​នឹងត្រូវ​ទទួលខុសត្រូវ​រួមគ្នា​បែបណា?

  1. កសាង​អនាគត​រួមគ្នា

ការកសាង​គោលដៅ​នៅ​ថ្ងៃ​ខាងមុខ​រួមគ្នា នឹងធ្វើ​ឱ្យ​ទាំងពីរ​នាក់​មាន​ភាព​ក្លៀវក្លា​ស្វាហាប់​ក្នុងការ​ដើរទៅ​ឱ្យដល់​គោលដៅ​នោះ​យ៉ាង​តាំងចិត្ត ដូចជា ការទិញ​ផ្ទះ ទិញ​ឡាន ការ​ទៅ​ដើរលេង​កម្សាន្ត ការ​មានកូន និង​ការសិក្សា​របស់​កូន​ជាដើម ។ ក្រៅពីនេះ នៅ​ត្រូវ​កំណត់​រយ:ពេល​ទៀតផង​ថា តើ​គោលដៅ​ដែល​យើង​ចង់បាន​នោះ​នឹង​កើតឡើង​នៅពេលណា? នៅពេល​មាន​គោលដៅ និង​រយ:ពេលដែល​ច្បាស់លាស់​ហើយ​នោះ សឹម​ពិចារណា​ក្នុង​ការចាត់​លំដាប់ថ្នាក់​ផែនការ​លុយកាក់​ជា​ក្រោយ ។

  1. រៀប​ផែនការ​ចាយវាយ និង​សន្សំសំចៃ​រួមគ្នា

ពេល​ក្លាយជា​គូជីវិត​នឹង​គ្នា​ហើយ ច្បាស់​ជា​ស្គាល់ចិត្ត ស្គាល់​និស្ស័យ​គ្នា​ច្បាស់​មិន​ខាន អ្នកណា​ចូលចិត្ត​ទិញ អ្នកណា​ចូលចិត្ត​សន្សំ ចេះ​ទុក​ចេះ​ចាយ តែ​ភាគច្រើន​ខាង​ស្រី​តែងមាន​ភាព​ល្អិតល្អន់ និង​ប្រយ័ត្នប្រយែង​ជាង​ខាង​ប្រុស ទើប​មិនមែនជា​រឿង​ផ្លែ​ក​ឡើយ ដែល​ស្វាមីភរិយា​ជាច្រើន​គូ​ច្រើនលើក​ឱ្យ​ខាង​ភរិយា​ជា​អ្នកមើលការខុសត្រូវ​រឿង​លុយកាក់​នោះ។ តែ​នឹង​បាន​ទៅដល់​គោលដៅ​ដូច​ផែនការ​ដែល​បានរៀបចំ​រួមគ្នា ឬក៏​អត់​នោះ វា​អាស្រ័យ​លើ​ផែនការ​ចាយវាយ​របស់​អ្នក​ទាំងពីរ​ហ្នឹងឯង ។

ការពិតទៅ ការណែនាំ​ខាងលើនេះ​អាច​មិនមែនជា​វិធី​ដែល​ល្អឥតខ្ចោះ​បំផុត​សម្រាប់​គ្រប់​គូ​ស្វាមីភរិយា​ទាំងអស់​នោះទេ ព្រោះមួយគូៗតែងមាន​ទង្វើ​ខាង​ហិរញ្ញវត្ថុ​ខុស​ផ្លែ​ក​ពីគ្នា  តែ​គោលការណ៍​ទាំងអស់នេះ គឺជា​វិធីសាស្ត្រ​តំបូង​សម្រាប់​នាំយកទៅ​ពិចារណា​កែច្នៃ​ប្រើ​ប៉ុណ្ណោះ ព្រោះ​អ្វីដែល​សំខាន់បំផុត​នោះ​គឺ ការ​រិះរក​វិធី​ដែល​សក្តិសម​បំផុត​សម្រាប់​គូ​ស្វាមីភរិយា​របស់ខ្លួន​ឯង​ទៅវិញ​ទេ៕

Advertisement