តើ​អ្នក​គួរ​សម្លៀកបំពាក់​បែបណា ដើម្បីឱ្យ​ស័ក្ដិសម​នឹង​សម្បុរស្បែក​របស់​អ្នក?

បញ្ហាធំៗរបស់​សុភាពនារី សុភាពបុរស​ជាច្រើន​នាក់ គឺជា​ការជ្រើសរើស​សម្លៀក​បំពាក់ និង​ពណ៌​សម្លៀកបំពាក់​ឱ្យ​ស័ក្ដិសម​ទៅនឹង​សម្បុរស្បែក​របស់ខ្លួន។ នៅពេល​សម្លឹងមើល​លើ​ការជ្រើសរើស ទោះជា​ឈុត​ណា ក៏​អ្នក​គិតថា ស័ក្ដិសម​នឹង​ខ្លួន​អ្នក​តែ​ទាំងអស់​នឹង។ ក៏ប៉ុន្ដែ អ្នក​មិនបាន​គិតថា​នៅពេល​អ្នក​យកមក​សាក​ល្បង​ពាក់​នៅលើ​ខ្លួន តែបើ​ជា​វា​មិន​ស័ក្តិសម​នឹង​រូបរាង​របស់​អ្នក​ទៅវិញ។ ដូច្នេះហើយ មុននឹង​ធ្វើការ​សម្រេច​ចិត្ត​ទិញ ឬ​ជ្រើសរើស​សម្លៀកបំពាក់​ឱ្យ​សម​នឹង​រូបរាង ពណ៌​សម្បុរស្បែក​របស់​អ្នកនោះ អ្នក​ត្រូវ​ដឹង​ពី​គន្លឹះ​ដូចខាងក្រោម​នេះ​ជាមុនសិន។

1/ សម្បុរស្បែក​ពណ៌​ខ្មៅ ( ខ្មៅ​រលោង-ខ្មៅ​ស្រអែម)

សម្បុរស្បែក​ខ្មៅ (ខ្មៅ​រលោង-ខ្មៅ​ស្រអែម) គួរតែ​ជ្រើសរើស​ប្រើ​ពណ៌​ដែលស្រាលៗ ដូចជា ពណ៌​លឿងខ្ចី ពណ៌​ផ្កាឈូក​ខ្ចី ពណ៌​ស្វាយ​ផ្កា​ឡា​វ៉ែន​ឌើ ពណ៌​ស និង​ពណ៌​កំបោរ ហើយ​ចៀសវាង​ការជ្រើសរើស​ពណ៌​ដែល​ដិត ឬ​ចាស់​ពេក។ មិនតែប៉ុណ្ណោះ អ្នក​អាច​ជ្រើសរើស​ពណ៌​សម្លៀកបំពាក់​ដែល​ស្រដៀង​នឹង​ពណ៌​សម្បុរ​របស់​អ្នក​ដូចជា ពណ៌​ទឹកប៊ិច​ក្រ​ម៉ៅ ពណ៌​ត្នោត​ចាស់ ពណ៌ផ្ទៃមេឃ ពណ៌​ស្វាយ ពណ៌​ប្រផេះ ពណ៌​បៃតងចាស់ ព្រោះ​ការ​តែងខ្លួន​ដោយ​ពណ៌​ទាំងអស់នេះ នឹង​ជួយ​លើក​សម្រស់​បន្ថែមទៀត​ចំពោះតែ​អ្នក​ដែលមាន​សម្បុរស្បែក​ខ្មៅ។ យ៉ាងណាមិញ​សូមអ្នក​កុំ​ព្យាយាម​រើសយក​ពណ៌ណា​ដែល​ដិត​ខ្លាំង​ដូចជា ពណ៌​ក្រហម ពណ៌​លឿង និង​ពណ៌​ដែល​ចាំង​ជាដើម។

2/ សម្បុរស្បែក​ពណ៌​លឿង​សណ្ដែកបាយ

សម្រាប់​អ្នក​ដែលមាន​សម្បុរស្បែក​ស បែប​លឿង​សណ្ដែកបាយ​ឬ​ហៅ​ម្យ៉ាង​ទៀតថា សម្បុរ​កូន​ចិន គឺមាន​ភាពងាយស្រួល​ក្នុងការ​ជ្រើសរើស​ពណ៌​សម្លៀកបំពាក់​ខ្លាំងណាស់ ព្រោះថា សម្បុរបែបនេះ​មិនសូវ​ជា​ប្រកាន់​ពណ៌​ប៉ុន្មាន​ទេ ទោះជា​អ្នក​ពាក់​ពណ៌​អ្វី​ក៏​មើលឃើញ​ស្អាត​ដែរ។ អ្នក​អាច​ធ្វើការ​ជ្រើស​ពណ៌​តាម​ចំណូលចិត្ត​ដូចជា ពណ៌ដិតៗ ពណ៌​ប្រផេះ និង​ពណ៌​ទឹកប៊ិច ព្រោះ​ពណ៌​ទាំងអស់នេះ​នឹងធ្វើ​ឱ្យ​ស្បែក​ខ្លួន​អ្នក​កាន់តែ​ឆ្លុះ ហើយ​ស​ចែងចាំង។

3/ សម្បុរស្បែក​ពណ៌​ផ្កាឈូក

ចំពោះ​អ្នក​ដែលមាន​សម្បុរស្បែក​ពណ៌​ផ្កាឈូក ដូចជា នារី​កូរ៉េ ជប៉ុន និង​អឺ​រុ​ប​មិន​ពិបាក​ក្នុងការ​ជ្រើសរើស​ដូចជា​ក្រុម​អ្នក​ដែលមាន​សម្បុរស្បែក​ខ្មៅ​នោះទេ។ សម្បុរស្បែក​ពណ៌​ផ្កាឈូក បានបង្ហាញ​ពី​ឯក​លក្ខណៈ​ស្បែក​ពណ៌ក្រហមព្រឿងៗ ដូច្នេះហើយ​អ្នក​គួរតែ​ជ្រើសរើស​ពណ៌​សម្លៀកបំពាក់​ណា​ដែលមាន​ពណ៌ស្ដើងៗ មិន​ដិត​ពេក ក៏ប៉ុន្ដែ​មិនមែន​បានន័យថា អ្នក​មិនអាច​ពាក់​ពណ៌​ដិត​បាន​នោះទេ។ ពណ៌​ដែល​ស័ក្ដិសម​នឹង​សម្បុរស្បែក​របស់​អ្នក​បំផុត​នោះ​គឺ ពណ៌​ផ្ទៃមេឃ​ខ្ចី​ពណ៌​សណ្ដែកដី ពណ៌​ផ្កាឈូក​ខ្ចី ពណ៌​ទឹកក្រូច និង​ពណ៌​បៃតងខ្ចី​ជាដើម។

4/ សម្បុរស្បែក​ស

ចំពោះ​អ្នក​ដែលមាន​សម្បុរស្បែក​ស យើង​សូម​ណែ​នាំឱ្យ​ជ្រើសរើស​អម្បូរ​ពណ៌ដិតៗ ដូចជា ពណ៌​ក្រហម ពណ៌​ទឹកប៊ិច ពណ៌​លឿង ពណ៌​លឿង​លាយ​ត្នោត ពណ៌​ត្នោត​ចាស់ ពណ៌​បៃតង ពណ៌​ស្វាយ និង​ពណ៌​កាប់​ស្ទាំង​ជាដើម។ អ្នក​មិនគួរ​ជ្រើសរើស​ពណ៌​សម្លៀកបំពាក់​បែប​ពណ៌​ស ប្រផេះ និង​ពណ៌ស្រាលៗ ព្រោះថា ប្រភេទ​ពណ៌​បែបស្រាលៗបែបនេះ អាច​នឹង​ធ្វើឱ្យ​សម្រស់​របស់​អ្នក​មិនសូវ​លើក ឬ​ឆ្លុះ​ឡើយ។ កត្តា​សំខាន់​សម្រាប់​មនុស្ស​ដែលមាន​សម្បុរស្បែក​ស គួរតែ​ព្យាយាម​ហាត់ប្រាណ​នាពេល​ព្រឹក​ព្រលឹម ដើម្បីឱ្យ​ស្បែក​បានទទួល​ពន្លឺ​រស្មី​ព្រះអាទិត្យ ព្រោះ​ដើម្បីជំនួយ​ឱ្យ​ស្បែក​អ្នក​ស​ភ្លឺរលោង និង​មាន​សំណើម ហើយ​មិនមាន​សភាព​ស្បែក​បែប​ស​ស្លេកស្លាំង​នោះឡើយ៕

Advertisement