7វិធី​ធ្វើឱ្យ​ស្វាមី​ស្រឡាញ់​ងប់​បាត់​មុខ​មិនបាន

ទំព័រ​អាពាហ៍ពិពាហ៍ និង​សុភមង្គល​គ្រួសារ​របស់​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន លេខ​នេះ អ្នកគ្រូ​ឆវី​សូម​តម្រូវ​ចិត្តបងស្រីៗជា​ឧត្ដម​ភរិយា​ម្ដង​ដោយ​សូម​នាំយកមក​នូវ “វិធី​ធ្វើឱ្យ​ស្វាមី​ស្រឡាញ់​ងប់ រហូត​បាត់​មុខ​មិនបាន” មក​ជម្រាបជូន។ សម្រាប់​ផ្ទះ​ណា គ្រួសារ​ណា​ដែល​រស់នៅ​ជាមួយគ្នា​យូរហើយ ស្វាមី​លែង​ចង់​ធ្វើ​កិច្ចការ​ផ្ទះ ឬ​ចាប់ផ្ដើម​មាន​អាការ​ស្ពឹក​ស្រពន់ លែង​ចាប់អារម្មណ៍​នឹង​អ្នក លែង​មើលមុខ​អ្នក ពេល​អ្នកដើរ​ទៅជិត​បែរជា​ដើរគេច​ពី​អ្នកនោះ សូមបងៗជា​ឧត្ដម​ភរិយា​ទាំងអស់​នាំគ្នា​មក​មើល​ពី​វិធី​អន្ទង​ហៅ​ស្វាមី​ត្រឡប់មកវិញ​ដូចខាងក្រោម​នេះ​ដូចតទៅ ព្រោះ​អ្នកគ្រូ​ឆវីធ្លាប់​សាកល​មើល​ហើយ ពិតជា​បាន​ផល​ល្អ​មែន។

1/ កុំ​ព្រងើយកន្តើយ​នឹង​សម្ពន្ធភាព​ប្ដី​ប្រពន្ធ

ទោះជា​តួនាទី​នៃ​ភាពជា​ម្ដាយ​ដែល​ចាំបាច់​ត្រូវ​មើលថែទាំ និង​យកចិត្តទុកដាក់កូនៗយ៉ាងខ្លាំង​យ៉ាងណាក៏ដោយ តែ​តួនាទី​របស់​ភរិយា​ក៏​មិនត្រូវ​ភ្លេច​ក្នុងការ​មើលថែទាំ​សម្ពន្ធភាព​ដ៏​ស្អិតល្មួត​ជាមួយ​ស្វាមី​ដែរ។

លោក Charles D. Schmitz អ្នកជំនាញការ និង​ជា​អ្នកនិពន្ធ​ល្បីឈ្មោះ​បាន​ពោលថា “នៅពេលណា​ដែល​ស្ត្រី​ជា​ម្ដាយ​គិតតែ​ពី​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​ពួកកូនៗច្រើន​ជ្រុល​ពេករហូតដល់​ភ្លេច​ផ្ដល់​ការចាប់អារម្មណ៍​ចំពោះ​ស្វា​មីនោះ ប្រាកដ​ណាស់ រឿង​នោះ​នឹង​ក្លាយជា​បញ្ហា​ចំពោះ​ជីវិត​អាពាហ៍ពិពាហ៍​មិន​ខាន” ហើយ​លោក​នៅបាន​បន្ថែមទៀតថា “សម្ពន្ធភាព​រវាង​ស្វាមី និង​ភរិយា ជា​រឿង​សំខាន់​លើស​អ្វី​ទាំងអស់។

2/ សាង​ភាព​ចម្លែក​ចិត្ត​ដល់​ស្វាមី​ដោយ​ពាក្យ​ស្ងើចសរសើរ

តើ​អ្នកជា​ភរិយា​ដែល​តែងតែ​នៅចាំ​ប្រាប់​ឱ្យ​ស្វាមី​ធ្វើយ៉ាងណា​ទើប​ត្រឹមត្រូវ​រហូត​ឬ? បើ​យ៉ាង​ដូច្នោះ​មែន ចូរ​បញ្ឈប់​ទង្វើ​បែប​ហ្នឹង​ភ្លាម​ទៅ។ ការធ្វើ​ខ្លួន​ជា​មេបញ្ជាការ ឬ​គ្រប់គ្រង​ស្វាមី​យ៉ាង​ម៉ឺងម៉ាត់ អាច​នឹង​ធ្វើឱ្យ​ស្វាមី​មាន​អារម្មណ៍​ធុញថប់​ធុញទ្រាន់ ព្រោះ​មនុស្ស​ប្រុស​ជាច្រើន​មិនអាច​ទ្រាំ​នឹង​ពាក្យរិះគន់ ឬ​ពាក្យ​បញ្ជាផ្សេងៗដែល​ចេញ​មកពី​គូជីវិត​របស់ខ្លួន​បានទេ ទោះជា​អាច​នឹង​ធ្លាប់​ពេញចិត្ត​ក្នុង​គ្រាដំបូងៗនៃ​ជីវិត​គូ​ខ្លះ​ក៏ដោយ។ តែ​អ្នក​គួរ​ជួយ​នៅពេលដែល​ស្វាមី​មាន​សំណូមពរ និង​ធ្វើឱ្យ​ស្វាមី​នឹក​ចម្លែក​ចិត្ត​ដោយ​ពោល​ពាក្យ​ស្ងើចសរសើរ នឹង​ធ្វើឱ្យ​ស្វាមី​មាន​អារម្មណ៍​ថា ខ្លួនគេ​មានតម្លៃ និង​បានទទួល​ការគោរព​កោតខ្លាច​ពី​ភរិយា​របស់គេ។

3/ ពោល​ពាក្យ “អរគុណ” ចំពោះ​អ្វីដែល​ស្វាមី​ធ្វើឱ្យ​អ្នក

នៅក្នុង​គំនិត​របស់​មនុស្ស​ប្រុស ការធ្វើ​នូវ​អ្វីដែល​ភរិយា​ចង់ឱ្យ​ធ្វើ គឺ​ដើម្បី​ត្រូវ​ការឱ្យ​ភរិយា​មាន​សេចក្ដីសុខ​ហ្នឹងឯង ដូច្នេះ​បើសិនជា​ស្វាមី​ជួយ​លាងចាន ឬ​ធ្វើ​អ្វី​ម្យ៉ាង​ដែល​អ្នកត្រូវការ​ចង់​ឱ្យគេ​ធ្វើ​រហូតដល់​រួចស្រេច​យ៉ាង​ស្អាតបាត​នោះ អ្នក​ក៏​គួរតែ​ហាមាត់​ពោល​ពាក្យ “អរគុណ” ចំពោះ​អ្វីដែល​គេ​បានធ្វើ​ដើម្បី​អ្នកនោះ​ផង។

4/ បើ​មិនចាំបាច់ កុំ​រអ៊ូ ឬ​និយាយ​ច្រើន

ញឹកញាប់​ណាស់​ដែល​លោក​ប្ដី​មិន​ចូលចិត្ត​ជាប់​នៅក្នុង​ការសន្ទនា​ដ៏​សែន​យូរអង្វែង ឬ​ការសន្ទនា​ដែល​គេ​មិន​ប៉ងប្រាថ្នា តែ​ដោយសារតែ​ការដែល​ស្វាមី​មិនដឹង​ពី​វិធី​ក្នុងការ​ប្រាប់​ភរិយា​ឱ្យ “កុំ​និយាយ​ច្រើន” នោះ វា​ក៏​ក្លាយជា​មូលហេតុ​មួយ​ដែល​អ្នក​គិតថា “ស្វាមី​មិន​យកចិត្តទុកដាក់” ទៅវិញ។ ដូច្នេះ ការហ្វឹកហាត់​ក្នុងការ​និយាយស្ដី​ឱ្យ​តិច​និង​និយាយ​ឱ្យខ្លីៗ នឹង​ជួយ​ឱ្យ​ស្វាមី​ឆាប់​យល់ពី​រឿង​ដែល​អ្នកត្រូវការ​ចង់​រៀបរាប់​ប្រាប់​បានល្អ​ជាង។

5/ ទុក​ឱ្យគេ​ចាត់ការ​អ្នក​តាមចិត្ត ក្នុងពេលដែល​គេ​ត្រូវការ (រឿងនេះ​សំខាន់)

រឿង​ការធ្វើ​កិច្ចការងារ​លើ​គ្រែ​របស់​អ្នក​ជាមួយ​ស្វាមី​គឺជា​រឿង​ដែល​មិនគួរ​មើលរំលង​ឡើយ ទោះជា​មានកូន​ជាមួយ​គ្នាច្រើន​នាក់​ហើយក៏​ដោយ។ ទោះជា​លោក​ប្ដី​អាច​នឹងមិន​បានបង្ហាញ​ឱ្យដឹង ឬ​និយាយ​វា​ចេញមក​ក៏ដោយ តែ​ការប៉ះពាល់​រាងកាយ​ដែល​ស្វាមី​របស់​អ្នកធ្វើ​ចំពោះ​អ្នក​វា​ជា​សញ្ញា​ដែល​អ្នក​យល់បាន​ថា គេ​ត្រូវការ​រូបអ្នក​ខ្លាំង​ថ្នាក់​ណា ហើយ​ក្រៅពី​សេចក្ដីត្រូវការរបស់​ស្វាមី​ខ្លួនឯង​ហើយ គេ​ថែមទាំង​មិនត្រូវ​ការធ្វើ​ខ្លួន​ជា​អ្នក​ចាប់ផ្ដើម​មុន​ជានិច្ច​នោះដែរ ដូច្នេះ​ពេលខ្លះ​អ្នក​ចាំបាច់​ត្រូវ​ចាប់ផ្ដើម​វាយលុក​មុន​ខ្លះ​ហើយ។

6/ បង្កើត​សេចក្ដីសុខ​គ្រប់​ពេលដែល​រួមរ័ក​គ្នា

សម្រាប់​មនុស្ស​ប្រុស ការរួម​ដំណេក​ដែល​ល្អ​គឺជា​អ្វីមួយ​ដែលមាន​ន័យ​ច្រើនជាង​ការ​ដល់​សេចក្ដី​ស្រណុក​ផុត​កំពូល​ទៅទៀត។ លោក​ប្ដី​នឹងមាន​អារម្មណ៍​ដឹង​ពី​សេចក្ដីសុខ​ផុត​កំពូល​នៅពេល​បានឃើញ​ភរិយា​របស់ខ្លួន​មាន​សេចក្ដីសុខ និង​រីករាយ​ក្នុង​ការរួម​សិច​ជាមួយគ្នា ហើយ​គេ​នឹងមាន​អារម្មណ៍​កើតទុក្ខ​នៅពេល​ឃើញថា គូជីវិត​របស់គេ​គ្មាន​ប្រតិកម្ម​តបស្នង។ ដូច្នេះ​សាកល្បង​ស្វែងរក​វិធី​ការ​ក្នុងការ​ធ្វើឱ្យ​រូបអ្នក​ទាំង​គូ​បានទទួលអារម្មណ៍ល្អៗ និង​បទពិសោធល្អៗក្នុងការ​រួមដំណេក ដែល​នេះ​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យ​ស្វាមី​ស្រឡាញ់​ងប់​លើ​រូបអ្នក​ដែរ។

7/ សម្ដែង​ពី​សេចក្ដី​គោរព​ស្រឡាញ់​ដែល​អ្នកមាន​ចំពោះ​ស្វាមី

ស្វាមី​ត្រូវការ​មាន​អារម្មណ៍​ថា ខ្លួនគេ​មាន​ភាព​សំខាន់​ចំពោះ​ភរិយា​របស់គេ ដូច្នេះ​ការ​ប្រាប់​ពី​សេចក្ដីស្រឡាញ់ និង​សម្ដែង​ឱ្យឃើញថា រូបគេ​សំខាន់​ប៉ុនណា​សម្រាប់​ជីវិត​របស់​អ្នកជា​រៀងរាល់​ថ្ងៃនោះ តែ​ប៉ុណ្ណឹង ក៏​នឹង​ធ្វើឱ្យ​ស្វាមី​របស់​អ្នក​កាន់តែ​ស្រឡាញ់​រូបអ្នក​ខ្លាំង​ឡើង​រាល់ថ្ងៃ​ដូចគ្នា​ដែរ​មិន​ខាន។

ចុះ​អ្នក​វិញ មាន​រូបមន្ត​ស្នេហ៍​សម្រាប់​ចងចិត្ត​ស្វាមី​បែបណាខ្លះ​ដែរ?

Advertisement