​គួរ​ធ្វើយ៉ាងណា បើ​សមត្ថភាព​ផ្លូវភេទ​ធ្លាក់ចុះ?

បើទោះជា​មានទ្រព្យ​សម្បត្តិ​ច្រើន​អនេក​រហូត​គរ​ដូច​ភ្នំ​យ៉ាងណាក៏ដោយ ក៏​មិន​ប្រាកដថា​មាន​សេចក្ដីសុខ និង​សុភមង្គល​ក្នុង​គ្រួសារនោះដែរ ខណៈ​បើ​លោកអ្នក​ជួបនឹង​បញ្ហា​អសមត្ថភាពផ្លូវភេទ។ មានពេលខ្លះ ដោយសារតែ​បញ្ហា​អសមត្ថភាព​មួយ​នេះ ក៏​អាច​បណ្តាលឱ្យកើតមាន​ជា​អំពើ​ភិត​ក្បត់​ផងដែរ។ បើ​ដូច្នេះ តើ​មាន​វិធី​ណា​អាច​ស្រោចស្រង់​បានទេ? ពេលនេះ ឡា​រ៉ែ​ន សូម​ឆ្លើយ​ប្រាប់ថា ពិតជា​មាន ហើយ​អាចជា​ដំណោះស្រាយ​យ៉ាង​ប្រសើរ​ថែមទៀត​ផង។ ជា​ជំហាន​ដំបូង​លោកអ្នក​គួរ​ដឹងថា ការ​ថមថយ ឬ​ធ្លាក់ចុះ​នៃ​សមត្ថភាពផ្លូវ គឺ​បណ្តាលមកពី​កត្តា​ជាច្រើន​ក្រោម​សកម្មភាព និង​ទង្វើ​ប្រចាំថ្ងៃ​របស់ លោក​អ្នក​ផ្ទាល់​តែម្ដង​ដូចជា ៖

ខិតខំ​បំពេញការងារ
មួយថ្ងៃៗនៅតែ​ជាមួយ​គំនរ​ក្រដាស ព្រឹក​ឡើង​បើកភ្នែក​មិនទាន់​ក៏​កាន់​ឯកសារ​ទៅ​កន្លែងធ្វើការ លុះ​ត្រឡប់មកផ្ទះ​វិញ​ក៏​នៅ​ជាមួយ​ឯកសារ​រហូតដល់​ពាក់​កណ្តាលអធ្រាត្រ។ ទង្វើ​បែបនេះ មិនយូរ​មិនឆាប់​នឹង​បណ្តាលឱ្យ​កើតមាន​ជំងឺស្ត្រេស ដែលជា​សត្រូវ​ធំ​បំផុត​ជាមួយនឹង​សម្ពន្ធ​ផ្លូវភេទ។ ដើម្បី​បញ្ចៀស​បញ្ហា​ដ៏​ធំ​មួយ​នេះ លោកអ្នក​គួរតែមាន​ការបែងចែក​ឱ្យបាន​ច្បាស់លាស់​រវាង​ពេលវេលា​សម្រាប់​បំពេញការងារ និង​ឱកាស​ក្នុងការ​បង្កើន​សេចក្ដីសុខ​ក្នុង​រង្វង់​គ្រួសារ ដោយ​ការផ្តោត​សំខាន់​ទៅលើ​ការរួមរស់​ជា​គូ ឬ​ជីវិត​សិច​នេះឯង។

សេព​ថ្នាំពុល​សម្លាប់​អារម្មណ៍​សិច​ដោយ​ខ្លួនឯង
ព្រឹក​ឡើង​មាន​កាហ្វេ​មួយ​កែវ​នៅលើ​តុ​ធ្វើការ ពេល​ថ្ងៃ​ក៏មាន​កាហ្វេ​នៅ​កៀក​នឹង​ដៃ លុះ​ពេល​ល្ងាច​ក៏មាន​កម្មវិធី​ជួបជុំ​ជាមួយ​មិត្តភក្តិ​ក្រោម​វត្តមាន​នៃ​គ្រឿង​ស្រវឹង។ សាក​គិត​ទៅ​មើលថា ទាំងអស់នេះ​ជា​ភេសជ្ជៈ​ជួយ​បង្កើន​ថាមពល​សិច ឬ​ជា​ឃាតករ​សម្លាប់​អារម្មណ៍​សិច? បើ​ចង់​ថែរក្សា​សមត្ថភាព​សិច គួរតែ​កាត់បន្ថយ ឬ​កាត់ផ្តាច់​នូវ​ទម្លាប់​ដ៏​អាក្រក់​ទាំងនេះ​ចោល​ឱ្យអស់ នោះ​លោកអ្នក​ពិតជា​អាចមាន​ថាមពល​សិច​យ៉ាង​គ្រប់គ្រាន់​ជាក់​ជាមិនខាន។

អនុវត្ត​ដោយ​ភាព​ផ្អែមល្ហែម​រាល់ថ្ងៃ
មិនត្រូវ​គិតថា ការអនុវត្ត​សិច​ជាប្រចាំ 3ដង​ក្នុង​មួយ​សប្ដាហ៍ (ល្អ​បំផុត) ឬ​ច្រើនជាង​នេះ គឺជា​ទង្វើ​ញៀន​សិច​នោះទេ។ ផ្ទុយទៅវិញ ជាមួយនឹង​ទង្វើ​បែបនេះ ក្រៅពី​អាចជួយ​រក្សា​នូវ​ថាមពល​សិច​ឱ្យមាន​ភាព​ស្ថិតស្ថេរ​យូរអង្វែង ថែមទាំង​អាច​រឹតបណ្តឹង​សម្ពន្ធភាព​ជាមួយ​ដៃគូ​យ៉ាង​ប្រសើរ ជាពិសេស អាចធ្វើឱ្យ​លោកអ្នក​មាន​អារម្មណ៍​ស្រស់- ស្រាយ សប្បាយចិត្ត និង​ជួយ​រក្សា​សម្រស់​ឱ្យនៅតែ​ស្រស់ស្អាត​ក្មេង​ជាង​វ័យ។

បន្ថែម​ថាមពល
ក្រៅពី​ព្យាយាម​ចាកចេញ​ពី​ទម្លាប់​អាក្រក់​ខាងលើនេះ លោកអ្នក​ក៏​អាច​ពង្រឹង​ថាមពល​សិច ឬ​រក្សា​សមត្ថភាព​ផ្លូវភេទ​ដោយ​ការទទួល​ទាន​អាហារ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ផងដែរ ដែល​អាហារ​ទាំងនោះ​មានដូចជា បន្លែ ផ្លែឈើ ត្រី សាច់ និង​គ្រឿង​សមុទ្រ​ជាដើម៕

Advertisement