វិធីបោកសម្អាតខ្នើយ តើត្រូវបោកយ៉ាងណាឱ្យឡើងសស្អាតដូចថ្មី?

ខ្នើយកើយ គឺជា​វត្ថុ​មួយ​ដែលបងៗស្ត្រី​មេផ្ទះ និង​សមាជិក​ក្នុង​គ្រួសារ​ត្រូវតែ​ប្រើប្រាស់​រៀងរាល់ថ្ងៃ ហើយ​អ្វីដែល​សំខាន់​នោះ ​គឺ​ខ្នើយ​ត្រូវ​ប៉ះ​នឹង​ផ្ទៃមុខ​របស់​អ្នក​គ្រប់​ពេលដែល​អ្នក​គេងសម្រាក ដូច្នេះហើយ​ទើប​អ្នក​ចាំបាច់​ខ្លាំងណាស់​ត្រូវតែ​ឧស្សាហ៍​បោកគក់​សម្អាត​ឱ្យបាន​ញឹកញាប់ ដើម្បី​ការពារ​វត្ថុ​កខ្វក់ផ្សេងៗទាំងនោះ​មិនឱ្យ​មក​ប៉ះ​ដល់​រាងកាយ​របស់​អ្នក​បាន។

ការបោក​សម្អាត​ខ្នើយកើយ និង​ខ្នើយ​គង ​គឺជា​រឿង​សំខាន់​មួយ តែ​សម្រាប់​វិធី​ការថែទាំ​ក៏មាន​ភាព​សំខាន់​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ។ ខាងក្រោម​នេះ ​គឺជា​វិធី​បោក​សម្អាត​ខ្នើយ​តាមបែប​ផ្សេង ​ដែលបងៗស្ត្រី​មេផ្ទះ​គួរតែ​យល់ដឹង​ ដើម្បី​ភាព​ស្អាតមាន​អនាម័យ និង​សុខភាព​ល្អ​របស់សមាជិកក្នុងគ្រួសារ និង​ខ្លួនឯង​ផ្ទាល់។

ការបោក​សម្អាត​ខ្នើយ​ថ្មី
សម្រាប់​ខ្នើយ​ដែល​ទើបតែ​ទិញ​មកថ្មីៗ ចាំបាច់​ណាស់​ត្រូវតែ​បោក​សម្អាត​ជាមុនសិន មុននឹង​យកមកប្រើ ដោយ​វិធី​ការបោក​គក់​ក៏​អាចធ្វើ​ឡើង​ដោយ​ការប្រើ​ម៉ាស៊ីន​បោកគក់​បានដែរ។ ដោយ​មុនដំបូង​ចូរ​យក​ម្សៅ​សាប៊ូប្រមាណ​ជា 1កូន​ពែង លាយ​ជាមួយ​ទឹក​ថ្នាំ​ដាក់ឱ្យ​ស 1/2កូនពែង និង​ម្សៅ​បេ​ក​គីង​សូ​ដា 1/2កូន​ពែង ដាក់​
ត្រាំ​នៅក្នុង​ទឹក​ក្ដៅ​រយៈពេល20នាទី រួចហើយ​សឹម​យកទៅដាក់​ចូលក្នុង​ម៉ាស៊ីន​បោកគក់​ ដើម្បី​បោក​តាម​ធម្មតា រួចហើយ​ទើប​យកទៅដាក់​ហាល​ឱ្យ​ស្ងួត។

ការបោក​សម្អាត​ខ្នើយ​ធ្វើ​ពី​អេ​ប៉ុង
គឺជា​ខ្នើយ​ដែល​មនុស្ស​ជាច្រើន​ជ្រើសរើស​ប្រើ តែ​រឿង​ដែល​សំខាន់​នោះ​គឺ ដោយសារតែ​វា​មិនអាច​បោក​សម្អាត​ដោយ​ម៉ាស៊ីន​បោកគក់​បាន ដូច្នេះហើយ​ទើបត្រូវ​បោក​សម្អាត​ដោយការ​ដោះ​ស្រោម​ចេញមក​បោក​ដោយឡែក និង​សម្រាប់​អេ​ប៉ុង​វិញ​អាចធ្វើ​ការសម្អាត​ដោយ​ការប្រើ​ម៉ាស៊ីន​បូម​ធូលី​ចេញ ហើយបន្ទាប់ពីនោះ​អាច​ប្រើ​ផលិតផល​កម្ចាត់​ស្នាម​ប្រឡាក់ វែ​នី​ស ដើម្បី​កម្ចាត់​ស្នាម​ប្រឡាក់​ផ្សេងៗ ហើយ​សឹម​លាង​ចេញ​ដោយ​ទឹកស្អាត និង​ជូត​ផ្ដិត​ដោយ​កន្សែងពោះគោ រួចហើយ​ទើប​យកទៅដាក់​ហាលថ្ងៃ​ឱ្យ​ស្ងួត។

ការបោក​សម្អាត​ខ្នើយ​ដែល​ប្រឡាក់​ញើស​ឡើង​ពណ៌​លឿង
សម្រាប់​ខ្នើយ​ដែល​ប្រឡាក់​ឡើង​ពណ៌​លឿង​នេះ​គឺជា​រឿង​ធំ​ណាស់ តែ​ក៏​អាច​ចាត់ការ​បញ្ហា​នេះ​បាន​យ៉ាង​ងាយ​ដែរ ដោយ​ការយក​ខ្នើយ​នោះ​ទៅ​ដាក់​ត្រាំ​នៅក្នុង​ទឹក​ក្ដៅ រួមទាំង​ដាក់​ម្សៅ​សាប៊ូ 1ពែង ទឹកសាប៊ូ​លាងចាន​មួយ​ពែង ម្សៅ​បូ​រែក​ស៍(អា​ចរក​ទិញ​បាន​នៅ​ក្នុង​ហាង និងផ្សារ​ទំនើប) 1/2ពែង ត្រាំ​ទុកចោលរយៈពេល30នាទី រួច
ហើយ​ទើប​បោកគក់​នឹង​ដៃ​តាម​ធម្មតា ឬ​ដាក់​បោក​ក្នុង​ម៉ាស៊ីន​​រហូតដល់​ស្នាមលឿងៗទាំងនោះ​រលាយបាត់​អស់។

ការបោក​សម្អាត​ខ្នើយ​ដែល​ដុះ​ផ្សិត
ខ្នើយ​ដែល​កខ្វក់​ឡើង​ដុះ​ផ្សិត គឺជា​រឿង​ធំ​មួយទៀត​ដែល​ចាំបាច់​យ៉ាងខ្លាំង​ត្រូវតែ​យកចិត្តទុកដាក់ តែ​ក៏​អាចធ្វើ​ការបោក​សម្អាត​បា​ន​ដោយ​ងាយ​ដែរ ដោយ​ចាប់ផ្ដើម​ពី​ការយក​ខ្នើយ​នោះមក​ដាក់​ត្រាំ​នៅក្នុង​ទឹក​ក្ដៅ ហើយ​បន្ថែម​ទឹក​ថ្នាំហាយ​ដ្រូ​ជេន ភើ​រ៍​អុក​សាយ​ដ៍(Hydrogen Peroxide) 1ពែង បន្ទាប់មក​ដាក់​ទឹក​សាជូរ​ចូលទៅ 1/2ពែង រួច​ត្រាំ​ទុកចោល។ បន្ទាប់ពី​នោះមក​ទើប​បន្ថែម​ម្សៅ​បេ​ក​គីង​សូ​ដា និង​បន្ថែម​ទឹក​សាជូរ​ចូលទៅ​ទៀត រួចហើយ​សឹម​បន្តក់​ទឹក​ប្រេង​ក្រអូប​ចូលទៅ​បន្តិច។ បន្ទាប់ពី​កម្ចាត់​មេរោគ​ផ្សិត​រួចហើយ ទើប​យកទៅ​បោក​សម្អាត​តាម​ប្រក្រតី។

ចំណេះដឹង​បន្ថែម
បងៗស្រី​មេផ្ទះ​ជាច្រើន​តែង​នឹក​ឆ្ងល់​ថា ក្នុង​ការបោក​សម្អាត​ក្រណាត់ផ្សេងៗ ហេតុអ្វី​ចាំបាច់​ត្រូវ​កំណត់​សីតុណ្ហភាព​ទឹក(ទឹក​ក្ដៅ)? ព្រោះថា ការបោក​គក់ខោអាវ ឬ​ក្រណាត់ផ្សេងៗដោយ​ប្រើ​ទឹក​ដែលមាន​សីតុណ្ហភាព 40 អង្សា​នោះ​គឺ ដោយសារតែ​ទឹក​ក្ដៅ​មាន​ប្រសិទ្ធភាព​ក្នុងការ​សម្លាប់​មេរោគផ្សេងៗ រួមទាំង​អាច​កម្ចាត់​ស្នាម​ប្រឡាក់ផ្សេងៗបាន​យ៉ាង​ល្អ ដែល​នឹង​ធ្វើឱ្យ​យើង​កាន់តែ​ងាយ​បោកគក់​សម្អាត​បាន​កាន់​តែ​ស្អាត​ឡើង​៕

Advertisement