Feliz សណ្ឋាគារ ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​ ដល់​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍

សណ្ឋាគារ Feliz (Feliz Urban Hotel) ដែល​មានន័យថា “រីករាយ” (តាម​ភាសា​អេ​ស្ប៉ា​ញ) គឺជា​សណ្ឋាគារ​បែប​ខ្មែរ 100% ដែលមាន​ម្ចាស់​ជា​ជនជាតិខ្មែរ និង​បុគ្គលិក​បម្រើការ​ងារ​ទាំង​អស់​ជា​ជនជាតិខ្មែរ ហើយ​ឈ្មោះ​របស់​សណ្ឋាគារ​នេះ​គឺ​ផ្តល់នូវ​ភាពកក់ក្តៅ និង​អារម្មណ៍​ប្រៀបដូចជា​ផ្ទះ​របស់ខ្លួន​ដល់​ភ្ញៀវទេសចរ​ទាំងអស់ ដែល​មក​ស្នាក់​នៅក្នុង​សណ្ឋាគារ Feliz។ សូម​តាមដាន​ជា​បន្ត​ជាមួយនឹង​អត្ថបទ​លម្អិត​ពី​សណ្ឋាគារ​បែប​ខ្មែរ-អា​សី​ុ ដែល​ទើបតែ​បើក​ដំណើរការ​កាលពី​ពាក់​កណ្តាលខែ8 ឆ្នាំ2017នេះ​ដូចតទៅ។

សណ្ឋាគារ Feliz មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ 3 ផ្លូវ​លេខ288 សង្កាត់​បឹង​កេងកង1 ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ បើតាម​កិច្ច​សម្ភាសន៍​ជាមួយនឹង​លោក រាំង អា​រុណ ដែលជា​នាយក​គ្រប់គ្រង​នៃ​សណ្ឋាគារ Feliz បានឱ្យដឹងថា សណ្ឋាគារ Feliz ទើបតែ​បើក​ដំណើរការ​សាខា​ទី2របស់ខ្លួន​មិនទាន់បាន1ឆ្នាំ​ផង តែ​សណ្ឋាគារ Feliz បានទទួល​នូវ​ការគាំទ្រ និង​ការ​មក​សា្ន​ក់នៅ​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ជា​រៀងរាល់ថ្ងៃ ដោយ​រាប់បញ្ចូល​ទាំង​ភ្ញៀវ​ជនជាតិខ្មែរ (អ្នកជំនួញ) ភ្ញៀវ​ជនជាតិ​អា​ស៊ី (ជនជាតិ​ជប៉ុន និង​ជនជាតិ​កូរ៉េ​ជាដើម) និង​ភ្ញៀវទេសចរ​មកពី​ប៉ែក​បស្ចិមប្រទេស (ជនជាតិ​អូស្ត្រាលី និង​ជនជាតិ​កាណាដា​ជាដើម) ចំណែកឯ​សាខា​ទីមួយ ដែលមាន​ឈ្មោះថា Feliz Hotel Café & Bar គឺជា​ភោជនីយដ្ឋាន ហាង​កាហ្វេ និង​មាន​កន្លែង​ស្នាក់​បែប​អន្តេវាសិកដ្ឋាន ដែលចែកចេញជា3ប្រភេទ គឺ​អន្តេវាសិកដ្ឋាន​សម្រាប់នារីៗ អន្តេវាសិកដ្ឋាន​សម្រាប់បុរសៗ និង​អន្តេវាសិកដ្ឋាន​រួម ដែលមាន​ទីតាំងនៅ​ម្តុំ​បឹង​កេងកង1 ជិត​នឹង​សាខា​ទី2ដែរ។

លោក អា​រុណ បាន​បន្ថែមទៀតថា សណ្ឋាគារមាន​បន្ទប់​សរុប​ទាំងអស់36បន្ទប់ ដែល​ចែកចេញជា6ប្រភេទ​ផ្សេងគ្នា ដើម្បី​ផ្តល់​ជា​ជម្រើស​ដ៏​សម្បូរបែប​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​គ្រប់លំដាប់​ថ្នាក់ ក្នុងនោះ​មាន​ប្រភេទ​បន្ទប់​ដូចជា Superior King, Superior Queen, Deluxe King, Deluxe Queen, Connected Family សម្រាប់​ការ​ស្នាក់នៅ​ជា​លក្ខណៈ​គ្រួសារ និង​បែប​បន្ទប់Suite សម្រាប់​អ្នកជំនួញដែល​ត្រូវការ​បន្ទប់ធ្វើកា​រ និងបន្ទប់ទទួលភ្ញៀវ​ដាច់ដោយឡែក​ពី​បន្ទប់​គេង។ លើសពីនោះ​ទៀត លោកអ្នក​ក៏​អាចមាន​ជម្រើស​ជាមួយនឹង​តម្លៃ​បន្ទប់ ដែលមាន​ផ្តល់ជូន​អាហារ​ពេលព្រឹក និង​តម្លៃ​បន្ទប់​មិនមាន​បូករួម​ជាមួយនឹង​អាហារ​ពេលព្រឹក ដែលជា​ការផ្តល់ជូន​នូវ​ជម្រើស​កាន់តែ​ល្អប្រសើរ​ដល់​ភ្ញៀវ​ដែល​មក​សា្ន​ក់នៅ​ក្នុង​សណ្ឋាគារ Feliz។ ភ្ញៀវ​ដែល​មក​ស្នាក់នៅ​សណ្ឋាគារ Feliz 99% គឺជា​អ្នកទេសចរ ដែល​មក​ស្នាក់នៅ​យ៉ាងតិច​ក៏​ចំនួន2យប់​ដែរដោយសារតែ​នៅ​ម្តុំ​បឹង​កេងកង គឺជា​ទីប្រជុំជនដែលអំណោយផល​ដល់​ការ​ស្នាក់នៅ (ស្ងប់ស្ងាត់) និង​នៅ​ចំ​កណ្តាល​ទីក្រុង ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​នៅក្នុង​រាជធានី​ភ្នំពេញ និង​ទៅកាន់​ទី​រមណីយដ្ឋាន​នានា ហើយ​ភ្ញៀវ​ដែល​ស្នាក់​នៅក្នុង​សណ្ឋាគារ Feliz ក៏​អាច​ទទួលបាន​សេវាកម្ម​ដឹក​អ្នកដំណើរ​ពី​ព្រលានយន្តហោះ​មក​សណ្ឋាគារ ពី​សណ្ឋាគារ​ទៅ​ព្រលានយន្តហោះ និង​ការជូន​ដើរ​ទស្សនា​នៅតាម​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នៅក្នុង​រាជធានី និង​នៅតាម​បណ្តា​ខេត្ត​នានា ជាមួយនឹង​រថយន្ត ឬក៏​តុ​ក​តុ​ក ដែលជា​ដៃគូ​យ៉ាង​ជិតស្និត​របស់​សណ្ឋាគារ ដោយ​ភ្ញៀវ​អាចមាន​ទំនុកចិត្ត​ក្នុងការ​ធ្វើដំណើរ​ដោយ​មិនមាន​ការតំឡើង​តម្លៃលើស​តម្លៃ​ទីផ្សារ និង​អាច​ផ្តល់​ការងារ​ដល់​អ្នកបើក​តុ​ក​តុ​ក និង​អ្នកបើករថយន្ត​តាក់​ស៊ី ដែលជា​ជនជាតិខ្មែរ​ផងដែរ។

ភ្ញៀវ​ដែល​មក​ស្នាក់នៅ​សណ្ឋាគារ Feliz ក៏​អាច​រីករាយ​ជាមួយនឹង​សេវា​ម្ហូបអាហារ​នៅ​ភោជនីយដ្ឋាន Amigo ដែលជា​ភោជនីយដ្ឋាន​បែប​ខ្មែរ-អា​ស៊ី និង​បែប​អាហារ​អឺរ៉ុប ស្ថិ​ត​នៅក្នុង​សណ្ឋាគារ Feliz ផងដែរ ហើយ​ភ្ញៀវ​ទាំងអស់​ក៏​អាច​ឡើងទៅ​ហែល​ទឹក​លេង​នៅ​អាង​ហែល​ទឹក​ដ៏​ស្រស់ស្អាត​នៅ​ជាន់​ខាងលើ អាច​រីករាយ​ជាមួយនឹង​ការទទួល​ទាន​អាហារ​នៅ​ជាន់​ស្កា​យបារ ដែល​អាច​មើលឃើញ​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​រាជធានី​ភ្នំពេញ ជាពិសេស​គឺអាច​មើល​ទេសភាព​ពេល​ថ្ងៃ​រៀប​អស្ត​ង្គ​ត់ គឺ​ស្រស់ស្អាត​ខ្លាំងណាស់។ លើសពីនេះ​ទៀត ភ្ញៀវ​ទាំងអស់​ក៏​អាច​ប្រើប្រាស់​កន្លែង​ហាត់ប្រាណ និង​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ដែលមាន​ល្បឿន​លឿន រហូតដល់​អាច Live វីដេអូ​បាន​ដោយ​រលូនមិនមាន​ទាក់ ឬ​រអាក់រអួល​ឡើយ ហើយ​លោកអ្នក​ក៏​អាច​ចុះមក​ជាន់​ក្រោម​ផ្ទាល់​ដី ដើម្បី​ប្រើប្រាស់​កុំព្យូទ័រ សម្រាប់​ទំនាក់ទំនង​គ្នា ឬ​ធ្វើ​ការងារ​របស់លោក​អ្នក​បាន​ដោយ​សេរី និង​គ្រប់ពេលវេលា​ទៀតផង។

ភោជនីយដ្ឋាន Amigo ដែលមាន​ន័យ​ជា​ភាសា​អេ​ស្ប៉ា​ញ​ថា “មិត្តសម្លាញ់” ជា​ភោជនីយដ្ឋាន​បម្រើ​អាហារ​បែប​ខ្មែរ បែប​អាហារ​អា​ស៊ី និង​បែប​អាហារ​អឺរ៉ុប​ស្ថិតនៅក្នុង​សណ្ឋាគារ Feliz បើក​បម្រើ​អាហារ​ទាំង3ពេល ពីម៉ោង6:30នាទី​ព្រឹក​ដល់​ម៉ោង11យប់ ព្រមទាំង​មានប​ម្រើ​ស្រា​ក្រឡុក និង​ភេសជ្ជៈ​ជាច្រើន​មុខ​ទៀត ដើ​ម្បី​បម្រើ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​រៀងរាល់ថ្ងៃ។ ក្រៅពី​បើក​បម្រើ​អាហារ​ទាំង3ពេល ភោជនីយដ្ឋាន Amigo ក៏មាន​ទទួល​រៀបចំ​កម្មវិធី​តូចធំ ដូចជា កម្មវិធី​ខួបកំណើត កម្មវិធី​ជប់លៀង កម្មវិធី​ជួបជុំផ្សេងៗផងដែរ គឺអាច​ទទួលភ្ញៀវ​បាន​រហូតដល់70-80នាក់ ដែល​អាច​រៀបចំ​នៅក្នុង​ភោជនីយដ្ឋាន Amigo ផ្នែក​ខាងក្នុង និង​នៅ​ស្កា​យ​បារ​ខាងលើ​ដំបូល​ក៏បាន៕

Advertisement