តោះ! ទៅ​ស្វែងយល់​ពីប្រវត្តិ​សង្ខេប នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ទាំង​អ្នក​គ្នា…

ហេតុអ្វី​ចាំបាច់​មាន​ពិធីបុណ្យ​ចូលឆ្នាំថ្មី? ហើយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​មានកំ​ណើ​រ​ពី​ណា ពេលណា មាន​អ្វីខ្លះ និង​ដើម្បី​អ្វី? ក្នុងនាម​ជា​កុលបុត្រ​ខ្មែរ តើ​យើង​ត្រូវធ្វើ​អ្វីខ្លះ​ចំពោះ​ពិធី​ចូលឆ្នាំ​ខ្មែរ​នេះ?

ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ៖ ជាតិ​សាសន៍​ណាក៏ដោយ តែងមាន​ប្រវត្តិ និង​ប្រពៃណី​របស់​ប្រទេសជាតិ​ខ្លួននីមួយៗ ទៅតាម​ជាតិ​សាសន៍ និង​តំបន់ ពិសេស​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ហើយ​ពួកគេ​តែងតែ​ប្រារព្ធ​ធ្វើឡើង​ទៅតាម​តំបន់​ទឹកដី និង​ជំនឿ​សាសនា​របស់គេ​ប៉ុណ្ណោះ។ សម្រាប់​ប្រជាជាតិ​ខ្មែរ​វិញ ប្រវត្តិ​នៃ​ធ្វើបុណ្យ​ចូលឆ្នាំថ្មី មាន​តាំងពី​បុរាណកាល​មក ហើយ​ប្រជាព​រដ្ឋ​ខ្មែរ ក៏បាន​រៀបចំ​កម្មវិធី​ចូលឆ្នាំ​នេះ​ជា​រៀងរហូត​មកដល់​បច្ចុប្បន្ន។ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ជា​ពិធីបុណ្យ​ប្រពៃណីជាតិ​ធំ​មួយ​របស់​ខ្មែរ ហើយ​មាន​ម្តងគត់ ក្នុង​រយៈពេល​មួយឆ្នាំ​ពេញ។

ប្រវត្តិ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ៖ នៅ​ដើម​នៃ​ភទ្ទកប្ប​មាន​សេដ្ឋី​ម្នាក់ មាន​បុត្រា​ឈ្មោះ​ធម្មបាល​កុមារ​ម្នាក់ អាយុ​ទើបតែ​ប្រាំពីរ​ឆ្នាំ តែមាន​ចំណេះវិជ្ជា​ដ៏​វិសេស និង​ចេះ​ចាំ​ចប់​នូវ​គម្ពីរ​ត្រី​វេទ។ ធម្មបាល​កុមារ ត្រូវបាន​សេដ្ឋី​ជា​បី​តា​របស់ខ្លួន សង់​ប្រាសាទ​មួយនា​មាត់ទន្លេរ ក្រោម​ដើម​ជ្រៃ​មួយ​ដ៏​ធំ ដែលជា​ទីស្នាក់អាស្រ័យ​នៃ​បក្សី​ទាំងឡាយ។ ធម្មបាល​កុមារ ក្រៅពី​វិជ្ជា​ដ៏​ពិសេស​ខាងលើ​ហើយ មាន​ជំនាញ​ជាច្រើន​ទៀត​ដូចជា អាច​និយាយ និង​ស្តាប់​គ្រប់​ភាសាសត្វ និង​អាច​ធ្វើជា​អាចារ្យ​សម្ដែង​មង្គលផ្សេងៗ ដល់​មនុស្ស​គ្រប់រូប​ផង។

កាល​គ្រានោះ មនុស្សលោក​រមែង​រាប់អាន​មហាព្រហ្ម និង កបិល​មហាព្រហ្ម មួយអង្គ​ទៀត ដែលជា​អ្នក​សម្ដែង​មង្គល​ដល់​មនុស្ស​ទាំងពួង ហើយ​កបិល​មហាព្រហ្ម បាន​ជ្រាប​ព័ត៌មាន ពី​ធម្មបាល​កុមារ ក៏​ចុះមក​សួរ​បញ្ហា​នូវ​ចំណោទ​បី​ប្រការ ដល់​ធម្មបាល​កុមារ ហើយ​បានដាក់​ការ​សន្យាថា ប្រសិនបើ​ធម្មបាល​កុមារ អាច​ដោះប្រស្នា​បាន កបិល​មហាព្រហ្ម នឹង​កាត់​ព្រះ​សិរសា​ទ្រង់ បូជា​ចំពោះ​ធម្មបាល​កុមារ ប៉ុន្តែ​ប្រសិន​បើសិន​ធម្មបាល​កុមារ​មិនអាច​ដោះស្រាយ​ប្រស្នា​នោះ​រួច​ទេ កបិល​មហាព្រហ្ម​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។ ចំពោះ​ប្រស្នា​នេះ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារពេល​ប្រាំ​ពីថ្ងៃ​ដើម្បី​រក​ចម្លើយ។

លុះ​កន្លងទៅ​ប្រាំមួយ​ថ្ងៃ​ហើយ ធម្មបាល​កុមារ​នៅតែ​រក​ចម្លើយ​មិនឃើញ និង​បានដឹងខ្លួន​ថា ព្រឹកស្អែក​នឹងត្រូវ​ស្លាប់​ដោយ​អាជ្ញា កុ​បិ​ល​មហាព្រហ្ម​ជា​ប្រាកដ ដូច្នោះ​ហើយ​ធម្មបាល​កុមារ​បានសម្រេច​ចិត្តរ​ត់ទៅ​លាក់ខ្លួន​ពួន​អាត្មា។ ធម្មបាល​កុមារ បានរ​ត់ទៅ​ឆ្ងាយ​ពី​ភូមិ ហើយ​អស់កម្លាំង និង​ដល់ពេល​ល្ងាច​ល្មម​ត្រូវ​ឈប់សំរាក​ផង ក៏បាន​ចូលទៅ​សម្រាក​នៅក្រោម​ដើមត្នោត​មួយគូ​ដែលជា​សម្បុក​របស់​សត្វ​ឥន្ទ្រី​ញី ឈ្មោល​មួយគូ។

នា​វេលា​យប់នោះ​សត្វ​ឥន្ទ្រី​ញី បាន​សួរ​ទៅ​ឥន្ទ្រី​ឈ្មោល​ថា «តើ​ព្រឹកស្អែក​នេះ យើង​នឹង​បាន​អាហារ​ពី​ណា​ស៊ី?» ឥន្ទ្រី ឈ្មោល​បាន​ឆ្លើយថា «យើង​នឹង​ស៊ីសាច់​ធម្មបាល​កុមារ» ដែល​នឹងត្រូវ​កុ​បិ​ល​មហាព្រហ្ម​សម្លាប់​ពីព្រោះ​ដោះប្រស្នា​មិន​រួច។ ឥន្ទ្រី​ញី​បាន​សួរ​បន្តថា «ប្រស្នា​នោះ​ដូចម្តេច​ខ្លះទៅ?»។ ឥន្ទ្រី​ឈ្មោល បាន​និយាយ​រៀបរាប់ថា ប្រស្នា​ទីមួយ​នៅវេលា​ព្រឹក តើ​សិរី​សួស្តី​ស្ថិតនៅ​ត្រង់ណា? ត្រូវ​ឆ្លើយថា «ស្ថិតនៅត្រង់​មុខ»  ព្រោះ​មនុស្ស​ទាំងឡាយ​ត្រូវយក​ទឹក​លប់មុខ​នៅពេល​ភ្ញាក់​ពី​ដំណេក​នា​ព្រឹក​ព្រលឹម។ ប្រស្នា​ទី​ពីរ សួរថា «នៅវេលា​ថ្ងៃត្រង់ តើ​សិរី​សួស្តី​ស្ថិតនៅ​ត្រង់ណា?» ត្រូវ​ឆ្លើយថា «ស្ថិតនៅត្រង់​ដើមទ្រូង» ព្រោះ​មនុស្ស​ត្រូវយក​ទឹក​មក​លប់លាង​ដើមទ្រូង​នា​វេលា​ថ្ងៃត្រង់ ដែល​អាកាសធាតុ​កំពុង​ក្តៅ។ ប្រស្នា​ទី​បី​សួរថា «នៅវេលា​យប់ តើ​សិរី​សួស្តី​ស្ថិតនៅ​ត្រង់ណា?» ។ ត្រូវ​ឆ្លើយថា «នៅត្រង់​ជើង» ព្រោះ​មនុស្ស​ទាំងឡាយ​ត្រូវយក​ទឹក​លាង​សំអាត​ជើង​មុនពេល ចូល​សម្រាក​និ​ន្ទ្រា​នា​រាត្រីកាល (ពេលយប់)។

ធម្មបាល​កុមារ​បានឮ​ដូច្នោះ​ហើយ​មានចិត្ត​ត្រេកអ​រណាស់ ហើយក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ លុះ​ព្រឹក​ឡើង​កុ​បិ​ល​មហាព្រហ្ម​ក៏បាន​មក​សួរ​ប្រស្នា  ធម្មបាល​កុមារ​បាន​ឆ្លើយ​ដោះស្រាយ​តាម​ពាក្យ​ដែល​សត្វ​ឥន្ទ្រី​បាន​ឆ្លើយឆ្លង​គ្នា។ មុន​កាត់​ព្រះ​កេស កុ​បិ​ល​មហាព្រហ្ម បាន​ហៅ​ទេពធីតា​ទាំង​ប្រាំពីរ​អង្គ ដែលជា​បុត្រី​មក​ប្រាប់ថា «ឥឡូវ​បិតា​ត្រូវ​កាត់​ក្បាល បូជា​ធម្មបាល​កុមារ ប៉ុន្តែ​ប្រសិនបើ​ដាក់​ក្បាល​នោះ​នៅលើ​ផែនដី​នឹង​កើតជា​ភ្លើង​ឆេះ​ទាំង​លោកធាតុ។  បើ​បោះ​ទៅលើ​អាកាស​ភ្លៀង​នឹង​រាំង បើ​ចោល​ក្នុង​មហាសមុទ្រ ទឹកនឹង​រីងស្ងួត​ហួត​អស់។ ដូច្នេះ​ចូរ​កូន​ទាំង​ប្រាំពីរ​អង្គ យកពាន​មក​ទទួល​ក្បាល»។ និយាយ​ចប់  កុ​បិ​ល​មហាព្រហ្ម​ក៏​កាត់​ក្បាល​របស់ខ្លួន​ហុច​ទៅ​ឲ្យ​ព្រះ​នាង ទុ​ង្សា​ទេវី ជា​បុត្រ​ច្បង។ ព្រះ​នាង ទុ​ង្សា​ទេវី បាន​យកពាន​ទៅ​ទទួល​ព្រះ​កេស​បិតា ដើរ​ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ  និង ទៅ​ប្រតិ​ស្ថាន​ទុក​ក្នុង​គុហា​គន្ធ​មាលី​ភ្នំ​កៃលាស ដោយ​បូជា​គ្រឿង​ទិព្វផ្សេង។

ព្រះ​វិស្សកម្ម​ទេវបុត្រ​ក៏​និមិត្ត​រោង​ទិព្វ​ដោយ​កែវ​ប្រាំពីរ​ប្រការ ឈ្មោះថា «ភគវតី​សភា» ឲ្យ​ជាទី​ប្រជុំ​នៃ​ទេវតា​លុះដល់​គម្រប់​មួយឆ្នាំ ជា​សង្ក្រាន្ត ហើយ​ព្រះ​នាង​ទេព​ធិ​តា​ទាំង​ប្រាំពីរ​អង្គ ត្រូវ​ផ្លាស់​វេន​គ្នា​មក​អញ្ជើញ​ព្រះ​កេស​កុ​បិ​ល​មហាព្រហ្ម ចេញ​ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ រៀងរាល់ឆ្នាំ ទើប​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​វិញ។ ព្រះ​នាង​ទាំង​ប្រាំពីរ​នោះ​ត្រូវ​ផ្តើមចេញពី​ព្រះ​នាង​ច្បង និង​បន្តបន្ទាប់​រហូតដល់​ព្រះ​នាង​ពៅ ដោយ​កំណត់​យក ស​ង្ក្រា​ន​ត្រូវ​នឹង​ថ្ងៃអាទិត្យ គឺ​វេន​នាង​ច្បង​ទ​ស្សា​ទេវី សៀតផ្កា​ទទឹម បើ​ស​ង្ក្រា​ន​ត្រូវ​នឹង​ថ្ងៃ​ច័ន្ទ គឺ វេន​នាង​គោ​រាគៈ​ទេវី សៀតផ្កា​អង្គា​បុស្ស បើ​ស​ង្ក្រា​ន​ត្រូវ​នឹង​ថ្ងៃ​អង្គារ គឺ វេន​នាង​រា​ក្យ​សា​ទេវី សៀតផ្កា​ឈូក បើ​ស​ង្ក្រា​ន​ត្រូវ​នឹង​ថ្ងៃ​ពុធ គឺ វេន​នាង​ម​ណ្ឌា​ទេវី សៀតផ្កា​ចម្ប៉ា បើ​ស​ង្ក្រា​ន​ត្រូវ​នឹង​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ គឺ វេន​នាង​កិ​រិ​ណី​ទេវី សៀតផ្កា​ម​ណ្ឌា បើ​ស​ង្ក្រា​ន​ត្រូវ​នឹង​ថ្ងៃ​សុក្រ គឺ វេន​នាង​កិ​មិ​រា​ទេវី សៀតផ្កា​ចង្កុលនី បើ​ស​ង្ក្រា​ន​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ គី វេន​នាង​ម​ហោ​ទរា​ទេវី សៀតផ្កា​ត្រកៀត ។ វេន​នេះ គឺ ព្រះ​នាង​ទាំង​ប្រាំពីរ​ត្រូវ​ហែរ​ព្រះ​កេស​បិតា ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ  ហើយ​ទៅ​ប្រតិ​ស្ថាន​ទុក​ក្នុង​គុហា​គន្ធ​មាលី​ភ្នំ​កៃលាស។

ពេលវេលា​ចូលឆ្នាំ​ខ្មែរ ៖ ដើមឡើយ​ប្រជាពលរដ្ឋ​ខ្មែរ យើង​ប្រារឰ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នេះ ក្នុង​ខែ «មិគសិរ» ព្រោះ​ដូនតា​បានកំណត់​យក​ខែ​នេះ​ជា​ខែ​ដើមឆ្នាំ។ សម័យ​ព្រេងនាយ ឆ្នាំនីមួយៗ បាន​ចែកចេញជា​បី​រដូវ «ហេមន្ដរដូវ គិម្ហ​រដូវ និង​វស្សានរដូវ»។ បុរាណ​ចា​រ្យ​លោក​គិតថា ហេមន្ដរដូវ ជា​រដូវ​ត្រជាក់​ត្រូវ​ចាត់ទុកជា​ដើមឆ្នាំ ប្រៀបបាន​នឹង​ពេលព្រឹក​ព្រលឹម គឺ ជាដើម​ថ្ងៃ។ គិម្ហ​រដូវ ជា​រដូវក្ដៅ ត្រូវ​ចាត់ទុកជា កណ្ដាល​ឆ្នាំ​ប្រៀបដូចជា​ពេល​ពេល​ថ្ងៃត្រង់។ ចំណែកឯ វស្សានរដូវ ជា​រដូវ​ដែល​មេឃមីរ​ងងឹត​មាន​ភ្លៀង​ផ្គរ ត្រូវ​ចាត់ទុកជា​ចុងឆ្នាំ ប្រៀបបាន​នឹង​ពេលយប់។ លុះ​ចំណេរ​កាល​ក្រោយមក គ្រា​ដែល​បុព្វបុរស​ខ្មែរ យើង​អនុលោម​ប្រើ ចុល្លសករាជ ជាសំខាន់​នោះ ទើប​ការ​ចូលឆ្នាំថ្មី​មានការ​ប្រែប្រួល ហើយ​កំណត់​យក​ខែចេត្រ​ជាដើម​ឆ្នាំ​វិញ។ តាម​ទំនៀម​ពិធី​ចូលឆ្នាំ​ប្រព្រឹត្តទៅ​ចំនួន​បី​ថ្ងៃ ហើយ​ថ្ងៃ​ដំបូង​ជា​ថ្ងៃ​មហាសង្ក្រាន្ត ថ្ងៃ​កណ្តាល ជា​ថ្ងៃ​វារៈ​វ័ន​បត និង​ថ្ងៃ​ចុងក្រោយ ជា​ថ្ងៃ​ឡើងស័ក។

«ថ្ងៃ​មហាសង្ក្រាន្ត» ជា​ថ្ងៃ​ទីមួយ  ឬ​ជា​ថ្ងៃ​ចូលឆ្នាំ​ដំបូង គេ​សង្កេតឃើញ នៅតាម​គេហដ្ឋាន​ប្រជាពលរដ្ឋ​ខ្មែរនីមួយៗ មាន​សមាជិក​ស្លៀកពាក់​ស្អាតបាត មក​អង្គុយ​ជួបជុំគ្នា​នៅមុខ​អាសនៈ ដោយមាន​រៀប​ពលីកា រង់ចាំ​ស្ដាប់​សំឡេង​ស្គរ​ពី​វត្ត ឯនាយ​ឲ្យ​សញ្ញា​ថា ឆ្នាំ​ថ្មី​នឹង​មកដល់​បន្តិចទៀតនេះ។ កាល​ឮសូរ​សំឡេង​ស្គរ​រោទ៍​រណ្ដំ​ហើយ ពិធី​ក៏​ចាប់ផ្ដើម​ប្រព្រឹត្តទៅ ដោយមាន ទាន ធូប ត្រូវបាន​ដុត​ឡើង ដោយ​គារវៈ​ក្រាបថ្វាយបង្គំ​ព្រះពុទ្ធ​បដិមា​បី​ដង និង​នាំគ្នា​ចាប់ផ្ដើម​សមស្សការ​ថ្វាយបង្គំ​ព្រះ​រតនត្រ័យ បន្ទាប់មក​នាំគ្នា​សូម​ស្វា​គម​វត្តមាន​ទេវតា​ឆ្នាំ​ថ្មី។

«ថ្ងៃ​វារៈ​វ័ន​បត» ជា​ថ្ងៃទី​ពីរ ឬ​ថ្ងៃ​កណ្តាល​នៃ​ថ្ងៃ​ចូលឆ្នាំ  គឺជា​ថ្ងៃ​សម្រាប់​បូជា និង​ដាក់​ទាន ហើយក៏​ជា​ថ្ងៃ​ដែល​មនុស្សម្នាក់ៗភ្ញាក់​ពី​ព្រលឹម​ខុសពី​ធម្មតា​ដែរ ព្រោះ​ត្រូវ​រៀបចំ​វត្ថុ​ជាច្រើន​មុខ យ៉ាង​សមរម្យ មាន​សម្លៀកបំពាក់​ថ្មី និង ចំណីអាហារ​យកទៅ​ជូន​ដល់​មាតាបិតា ជីដូន​ជីតា និង​គ្រូបាធ្យាយ​ជ​ដើម ដើម្បី​ជាការ​រំលឹក​នូវ​ការគោរព ការដឹងគុណរ ចំពោះ​អ្នកមានគុណ​ទាំងឡាយ ហើយ​គ្រួសារ​បរិច្ចាគ​លុយកាក់​ដាក់​ទាន​ដល់​ជនក្រីក្រ ដល់​អ្នកបម្រើ និង​គ្រួសារ​ទុគ៌ត​ទាំងឡាយ និង​ទៅ​វត្ត​ដើម្បី​ធ្វើ​បុណ្យឧទ្ទិសកុសល​ដល់​បុព្វការី​ជន​ផង និង​ពូន​ភ្នំ​ធំ​ខ្សាច់ ដែលមាន​ពំនូក​ខ្សាច់កណ្តាល​មួយ​ធំ និង​ពំនូក​ភ្នំខ្សាច់តូចៗបួន​អម​សង្ខាង ធ្វើ​រាជវ័តិ​ព័ទ្ធជុំវិញ ដោយមាន​ទ្វារ​ចេញចូល​បួន​ទិស។

«ថ្ងៃ​វារៈ​ឡើងស័ក្ក» ជា​ថ្ងៃ រៀបចំ​នូវ​ពិធី​និមន្ត​ព្រះសង្ឃ ស្រង់ទឹក និង​ស្រង់​ព្រះ​ពុទ្ធរូប​នៅវេលា​រសៀល ហើយក៏​មានកម្ម​វិធី​មួយ​ផ្សេងទៀត គឺ ការ​និមន្ត​ព្រះសង្ឃ​ធ្វើ​កិច្ច​ឆ្លង​ភ្នំខ្សាច់។

ថ្ងៃខែ​ចូលឆ្នាំ​ខ្មែរ​ត្រូវបាន​កំណត់​យក និង​តែ​ប្រ​ព្រឹ​ត្ដ​ឡើង ក្នុង​ខែចេត្រ មិន​យក​ខែ​មិគសិរ​ទេ ព្រោះ​បុព្វបុរស​ខ្មែរ​យល់ថា នៅក្នុង​ខែ​មិគសិរ​នេះ ប្រជាកសិករ​ខ្មែរ មានភាពវ​ល់ និង​មមាញឹក​ច្រើន ក្នុង​របរ​កសិកម្ម និង​ការងារ​ស្រែចម្ការ​ជាដើម។ ហេតុនេះ​បុព្វបុរស​ខ្មែរ បាន​កំណត់ពេល​ចូលឆ្នាំ មក​ធ្វើ​ក្នុង​ខែចេត្រ ព្រោះ​ខែ​នេះ ប្រជាកសិករ បាន​ច្រូតកាត់ បោក​បែន​ចប់សព្វគ្រប់ ហើយ​ពលរដ្ឋ​ក៏មាន​ពេលទំនេរ និង​ឱកាស​ធ្វើ​បុណ្យទាន​កម្សាន្ដ​សប្បាយ​តាម​ប្រាថ្នា។ តាម​ជំនឿ​នេះ ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ប្រ​ព្រឹ​ត្ដទៅ​រយៈពេល​បី​ថ្ងៃ គឺ​នៅ​ថ្ងៃ12 13 14 រោច​ខែចេត្រ​ត្រូវ​នឹង​ថ្ងៃទី13 14 15 ឬ​ថ្ងៃទី14 15 16 ខែមេសា។

ល្បែង​ប្រជាប្រិយ ៖ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខែ្មរ នៅ​ភូមិដ្ឋាននីមួយៗ ពិសេស​វត្ត​អារាម បងប្អូន​ប្រជាពលរដ្ឋ នាំគ្នា​លេងល្បែង​ប្រជាប្រិយ ដែល​បន្សល់ទុក​ពី​ដូច​តា​មក ដែលជា​ការឆ្លុះបញ្ចាំង​នូវ​មរតក​វប្បធម៌​ដ៏​ល្អ​ផូរផង់ ដែល​បាន​ចាក់​ឬ​ស​ចូលក្នុង​ផ្នត់គំនិត ពលរដ្ឋ​ខ្មែរគ្រប់ៗរូប។ ល្បែង​ប្រជាប្រិយ​សម្រាប់​លេង​កំសាន្ត​ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ​រួមមាន​ដូចជា បោះអង្គញ់ ចោល​ឈូង ទាញព្រ័ត្រ លាក់កន្សែង ដណ្តើម​ស្លឹកឈើ វាយក្អម ឡើង​សរសរ​ខ្លាញ់​ជាដើម។ ក្រៅពី​ល្បែង​កម្សាន្ត​នេះ នៅមាន​ពិធី​រាំ​សប្បាយរីករាយ​ឆ្នាំ​ថ្មី​ទៀត​ដូចជា រាំវង់ រាំក្បាច់ សា​រ៉ា​វ៉ាន់ ឡាំ​លាវ ជាដើម។ កេរដំណែល​ពី​ដូច​តា​ទាំងនេះ ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ សូម​ចូលរួម​ថែរក្សា​ទាំងអស់គ្នា៕

Advertisement