តុបតែង​ផ្ទះ… តិច​និក និង​រឿង​ ដែល​គួរ​ដឹង​មុន​សម្រេចចិត្ត​ព្យួរ​កញ្ចក់

កញ្ចក់​ធ្វើឱ្យ​បន្ទប់​ដែល​តូចចង្អៀត​មើលទៅ​ធំ​ស្រឡះ​ឡើង ធ្វើឱ្យ​បន្ទប់​ដែល​ងងឹត​មើលទៅ​ភ្លឺស្វាងឡើង តែ​ប្រាកដ​ណាស់​ថាការចង់​នាំយក​ឧបករណ៍​ពិសេស​បែបនេះ​មក​ព្យួរ​នៅក្នុង​បន្ទប់​ឱ្យ​ស្អាត​បាន​នោះ ត្រូវតែមាន​តិច​និក និង​រឿង​ដែល​គួរ​ដឹង​មួយចំនួន ទើប​ថ្ងៃនេះ​យើង​បាន​ជជែក​ជាមួយ​អ្នកជំនាញ​ផ្នែក​នេះ ដើម្បី​សួរនាំ​ពាក់ព័ន្ធ​នឹង​ការព្យួរ​កញ្ចក់​នេះ មិនថាតែ​ទីតាំង​ដែល​ត្រូវ​ព្យួរ ឬ​ការព្យួរ​ឱ្យ​បានល្អ​ស្អាត​បែប​អ្នក​តុបតែង​ផ្ទះ​អាជីព​ក៏ដោយ។

ត្រៀមខ្លួន​មុន​ចាប់ផ្ដើម​ដាក់តាំង ឬ​ព្យួរលោកអ្នក​ត្រូវ​ដឹង​ជាមុនសិន​ថា មិនមែន​កញ្ចក់​គ្រប់​ប្រភេទ​សុទ្ធតែស័ក្តិសម​ក្នុងការ​នាំយកមក​ព្យួរ​នោះទេ អ្នក​គួរ​ជ្រើសរើស​ប្រភេទ​របស់​កញ្ចក់ និង​រូបរាង​ទ្រង់ទ្រាយ​កញ្ចក់ដែល​ស័ក្តិសម។ ក្រៅពីនោះ​នៅ​ត្រូវ​មក​មើល​ពី​រឿង​ឧបករណ៍​សម្រាប់​ព្យួរ​ទៀតផង ព្រោះ​លោកអ្នក​មិនអាច​ប្រើ​ត្រឹមតែ​ខ្សែ​មួយ​សរសៃ​ជាមួយនឹង​ដែក​ថ្ពក់ ឬ​ដែកគោល​មួយ​ដើម​ក្នុងការ​ព្យួរ​កញ្ចក់​នោះទេ ព្រោះ​វា​នឹង​គ្មាន​សុវត្ថិភាព។ ក្នុងការ​ព្យួរ​កញ្ចក់​នេះ លោកអ្នក​ត្រូវ​បំពាក់​ទំ​ពក់ ឬ​វាយ​ដែកគោល​ជាប់​នឹង​ជញ្ជាំង​ឱ្យមាន​ចំនួន​ស្មើនឹង​រន្ធ​ថ្ពក់​នៅ​ផ្នែក​ខាងក្រោយ​នៃ​ផ្ទាំង​កញ្ចក់។ សម្រាប់​រឿង​ទីតាំង​នែ​ការព្យួរ​វិញ យើង​ណែនាំ​ថា គួរ​ព្យួរ​កញ្ចក់​នៅលើ​ជញ្ជាំង​ឱ្យ​ខ្ពស់​បន្តិច ហើយ​សេ​រេ​ឱ្យ​កញ្ចក់​រាង​ងោក​មក​ខាងមុខ​បន្តិច ដើម្បីឱ្យ​ឆ្លុះ​ឃើញ​ទិដ្ឋភាព​របស់​បន្ទប់​បាន​ធំ​ទូលាយ។

ត្រូវ​ព្យួរ​កញ្ចក់​យ៉ាងណា​ល្អ?
ក្នុង​បន្ទប់ទឹក: ជាធម្មតា​នៅក្នុង​បន្ទប់ទឹក នៅ​ខាងលើ​អាង​ឡា​បូ​សម្រាប់​លាងដៃ លុបមុខ តែងមាន​កញ្ចក់​បែប​គ្មាន​គែម ឬ​ស៊ុម​បំពាក់​ជាប់​នៅលើ​ជញ្ជាំង​ស្រាប់​ហើយ តែ​ត្រង់នេះ​បើ​លោក​អ្នកយក​ស៊ុមស្អាតៗទៅ​បំពាក់​ជុំវិញ​កញ្ចក់​នោះ​ផង នឹង​ធ្វើឱ្យ​កាន់តែ​ចង់​សម្លឹងមើល​ខ្លាំង​ឡើង​ទៀត (វិធី​នេះ​សន្សំសំចៃ​ប្រាក់​ជាង​ការ​ដោះ​កញ្ចក់​
ចាស់​នោះ​ចេញ ហើយ​ទិញ​កញ្ចក់​ថ្មី​យកមក​ដាក់ជំនួស)។
នៅលើ​ជញ្ជាំង​ដែល​ពិបាក​ចោះ​ព្យួរ: រឿង​សំខាន់​ក្នុង​ចំណុច​នេះ​គឺ ត្រូវ​ជ្រើសរើស​ប្រើ​ដែកស្វាន​ឱ្យ​ត្រូវ​ប្រភេទ​ដែល​សម្រាប់​ចោះ​កែវ ចោះ​ឥដ្ឋការ៉ូ ឬ​ចោះ​ជញ្ជាំង​ស៊ីម៉ង់ត៍ បន្ទាប់ពីនោះ​ក៏​ប្រើ​ឧបករណ៍​ដែល​ស័ក្តិសម​សម្រាប់​ព្យួរ​កញ្ចក់​នៅលើ​ទីនោះ​ដូចដែល​ព្យួរ​នៅលើ​ជញ្ជាំង​ទូទៅ​ដែរ។
នៅលើ​ទ្វារ: ជ្រើសរើស​ប្រើ​កញ្ចក់​បែប​ពេញ​មួយ​ជំហរ និង​រៀបចំ​ទីតាំង​ឱ្យ​សមល្មម​នឹង​ទ្វារ​ឱ្យ​ខ្លាំង​បំផុត ហើយ​ប្រើ​ឧបករណ៍​ព្យួរ​កញ្ចក់​មកចាត់ការ​ឱ្យ​រៀបរយ។ ផ្នែក​សំខាន់​ដែល​លោកអ្នក​ត្រូវ​សង្កេត​គឺ ទ្វារ​ដែល​នឹង​ព្យួរ​កញ្ចក់​នោះ ត្រូវធ្វើ​ពី​វត្ថុ​ដែលមាន​សាច់​រឹង ទើប​បំពាក់​រួមជាមួយ​ឧបករណ៍​ព្យួរ​កញ្ចក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

តើ​ត្រូវ​ព្យួរ​កញ្ចក់​នៅក្នុង​បន្ទប់​ណា​ល្អ?
– កញ្ចក់​បែបស្អាតទំនើបៗ គួរ​ព្យួរ​នៅក្នុង​បន្ទប់​ទទួលទាន​បាយ​ទើប​ស័ក្តិសម​បំផុត ជាពិសេស​បើ​លោកអ្នក​មាន​ចង្កៀងគោម​រំយោល​នៅលើ​ពិ​ដាន​ចំ​កណ្ដាល​បន្ទប់​ផង​នោះ វា​នឹង​ចាំង​ជះ​ពន្លឺ​ធ្វើឱ្យ​ភ្លឺ​ស្រស់ស្អាត​ទ្វេ​ឡើង តែ​គួរ​ប្រយ័ត្ន បើ​ចង្កៀងគោម​រំយោល​នោះ​មាន​អំពូល​ភ្លើង កញ្ចក់​អាច​នឹង​ជះ​ពន្លឺ​ពី​អំពូល​ភ្លើង​ធ្វើឱ្យ​ចាំង​ភ្នែក​បាន។
– ទីកន្លែង​នៅក្នុង​ផ្ទះ​ដែល​ស័ក្តិសម​នឹង​ការ​មាន​កញ្ចក់​ខ្លាំង​បំផុត​គឺ បរិវេណ​បន្ទប់​ធំ​ផ្លូវ​ចូល​ផ្ទះ ព្រោះ​វា​មិនមែន​ត្រឹមតែ​ធ្វើឱ្យ​ស្អាត​ប៉ុណ្ណោះ​ទេ តែ​នៅ​ធ្វើឱ្យ​បន្ទប់​នេះ​មើលទៅ​ធំ​ស្រឡះ និង​មាន​ពន្លឺ​ភ្លឺ​ល្អ​ទៀតផង។

គន្លឹះល្អៗ
– បន្ទប់​ដែលមាន​ពិ​ដាន​ខ្ពស់ ស័ក្តិសម​សម្រាប់​កញ្ចក់​បែប​បញ្ឈរ ខណៈដែល​បន្ទប់​ដែល​រាង​ទ្រវែង ស័ក្តិសម​នឹង​ផ្ទាំង​កញ្ចក់​បែប​ផ្ដេក។
– គិត​ឱ្យ​ច្បាស់​ជាមុនសិន បើ​ចង់​ព្យួរ​កញ្ចក់​នៅក្នុង​កន្លែង​ដែល​មានការ​រើរុះ​ជាប់​ជានិច្ច និង​បើ​ចង់​ព្យួរ​កញ្ចក់​នៅលើ​ក្បាល​ដំណេក លោកអ្នក​គួរ​ហៅ​អ្នកជំនាញ​មក​បំពាក់​ឱ្យ ព្រោះ​វា​នឹងមាន​សុវត្ថិភាព​ជាង​លោកអ្នក​បំពាក់​ដោយ​ខ្លួនឯង៕

Advertisement