មិនធម្មតា ក្នុង​មួយឆ្នាំ ប្រាសាទ Lotus Tower អាច​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់លាន​នាក់

Lotus Temple គឺជា​ប្រាសាទ​ដ៏​អច្ឆរិយៈ និង​ជា​សំណង់​តំណាងឱ្យ​ស្ថាបត្យកម្ម​ដ៏​កំពូល និង​មហិមា​មួយនា​ដើម​សតវត្សរ៍​ទី21 ដែល​បាន​ទាក់ទាញ​អ្នកទេសចរ​មកពី​បណ្តា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោកទៅ​ទស្សនា​រាប់លាន​នាក់​ក្នុងមួយឆ្នាំៗ។ សម្រាប់​ការចេញផ្សាយ​ប្រចាំ​ខែមីនា ឆ្នាំ2018 លេខ118​នេះ ទស្សនាវដ្ដី ឡា​រ៉ែ​ន សូម​នាំយក​ព័ត៌មាន​ខ្លះ​ដែល​បង្ហាញ​ពី​ទិដ្ឋភាព ក៏ដូចជា​លក្ខណៈពិសេស​នៃ​ប្រាសាទ​ដ៏​ល្បី​មួយ​នេះ​ដើម្បី​បាន​ស្វែងយល់ និង​ទទួល​បាន​​ចំណេះដឹងទាំងអស់គ្នា។

ប្រាសាទ Lotus Tower មាន​ទីតាំង​ស្ថិតនៅ​ទីក្រុង​ដេលី ប្រទេស​ឥណ្ឌា និង​ជា​ព្រះវិហារ​សាសនា Bahaí សម្រាប់​ឧទ្ទិស​ដល់​ព្រះ ដោយបាន​កសាងឡើង​នៅក្នុង​អំឡុង​ខែធ្នូ ​ឆ្នាំ1986 ដោយ​ចំណាយ​ទឹកប្រាក់​ក្នុងការ​សាងសង់​ក្នុង​ទំហំទឹក​ប្រាក់​ប្រមាណ10លាន​ដុល្លារ ហើយ​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ អាគារ ​Lotus Tower ដែលមាន​រាងដូចផ្កាឈូក​នេះ​បាន​ក្លាយជា​កន្លែង​ដ៏​ទាក់ទាញ និង​លេចធ្លោ​បំផុត​នៅក្នុង​ទីក្រុង​ដ៏​ធំ​របស់​ប្រទេស​ឥណ្ឌា។ Lotus Tower ត្រូវបាន​គេ​បើក​យ៉ាង​ទូលំទូលាយ​ឱ្យ​មនុស្ស​គ្រប់គ្នា​បាន​ចូល​ទស្សនា ដោយ​មិន​គិតពី​និន្នាការ​សាសនា ឬ​លក្ខណៈសម្បត្តិ​ផ្សេង​ឡើយ។ អគារ​ដែល​ត្រូវបាន​គេ​បង្កើតឡើង​ក្នុង​រូបរាង​ជា​ផ្កាឈូកមាន​ត្របក​ចំនួន27ស្រទាប់​ និង​រៀបចំ​ជា​ចង្កោម​ដោយមាន​ស្រះ​ទឹក​យ៉ាង​ថ្លាឆ្វេង ​ផ្តល់នូវភាព​ត្រជាក់ អម​ទៅដោយ​សួនច្បារ​ផ្កា​ចម្រុះ​ពណ៌​ជាច្រើន​ប្រភេទ ដាំ​យ៉ាង​មាន​របៀប​រៀបចំ​ចេញ​ជាទី​លាន​សម្រាប់​ដំណើរ​កម្សាន្ត​នៅ​ព័ទ្ធជុំវិញប្រាសាទ​ផងដែរ។ អគារ​នេះ​មាន​ទ្វារ​ចំនួន9 បើក​នៅ​ចំ​សាល​កណ្ដាល​នៃ​អគារ​ដែលមាន​កម្ពស់​ជាង40ម៉ែត្រ មាន​វិសាលភាព​អាច​ផ្ទុក​មនុស្ស​បាន​ប្រមាណជាង2,500នាក់។

Lotus Tower បានឈ្នះ​ពានរង្វាន់​ស្ថាបត្យ-កម្ម​ជាច្រើន​ប្រភេទ ​ព្រមទាំង​មានការ​ចុះផ្សាយ​ជា​អត្ថបទ​ព័ត៌មាន​នៅតាម​បណ្តា​ស្ថា​ប័ននានា និង​សាយភាយ​កេរ្តិ៍ឈ្មោះ​ស្ទើរ​ពាសពេញ​ពិភពលោក ដែល​សូម្បីតែស្ថាប័ន​សារព័ត៌មាន​ដ៏​ល្បី​ជា​សាកល ទូរទស្សន៍ CNN ក៏បាន​ធ្វើការ​ចុះផ្សាយ​ក្នុងអំឡុង​ឆ្នាំ2001 ដោយ​បញ្ជាក់ថា ប្រាសាទ​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក​នេះមានការ​គាំទ្រ​ និង​មាន​អ្នក​ចូល​ទស្សនា​ច្រើនជាងគេ​នៅលើ​ពិ​ភ​លោក។

គួរកត់សម្គាល់​ផងដែរ​ថា បន្ទាប់ពី​បាន​សម្ពោធ​ដាក់ឱ្យ​សាធារណជន​ចម្រុះ​ជាតិ​សាសន៍​បាន​ចូល​ទស្សនា​ ក្រោយ​ការសាងសង់​ប្រមាណ​ជាង4ឆ្នាំ​នោះ​រួចមក រហូតមកដល់​ត្រឹម​ឆ្នាំ2014 សំណង់​ប្រាសាទ Lotus Tower ត្រូវបាន​គេ​រាយការណ៍​ថា បាន​ទាក់ទាញ​ភ្ញៀវទេសចរ​នានាទៅ​ទស្សនា​បាន​ប្រមាណ​ជាង100លាន​នាក់ ដែល​ចំនួន​នេះ​បានធ្វើឱ្យ​វា​ក្លាយជា​អគារ​មួយ​ក្នុងចំណោម​អគារ​ដ៏​ល្បីល្បាញ​ដទៃទៀត ដែល​អាច​ទាក់ទាញ​អ្នកទស្សនា​បាន​ច្រើន​បំផុត​នៅក្នុង​ពិភពលោក៕

Advertisement