ប្រយោជន៍5យ៉ាង​របស់​ដុំ​ធ្យូង “ភាពល្អ​ស្អាត​ដែល​បង្កប់​ក្នុង​ភាព​ខ្មៅ”

ប្រយោជន៍ល្អៗរបស់​ធ្យូង ភាពល្អ​ស្អាត​ដែល​បង្កប់​ក្នុង​ដុំ​ពណ៌​ខ្មៅ តើ​អាច​នាំយក​ទៅធ្វើ​អ្វី​បាន​ខ្លះ ក្រៅពី​បង្កាត់​ជា​ភ្លើង​សម្រាប់​ចម្អិន​អាហារ? ដល់ពេល​ដុត​អាំង​ជប់លៀង​ផា​រ៍​ទី​ជុំគ្នាម្ដងៗ ត្រូវតែ​ទិញ​ធ្យូង​មក​ត្រៀម​ទុក​សម្រាប់​ចម្អិន​អាហារ​គ្រឿងក្លែម​មែន​ទេ? បងៗស្ត្រី​មេផ្ទះ​ជាច្រើន​តែង​ស៊ាំ​ធ្លាប់​ជាមួយ​ការប្រើប្រាស់​ធ្យូង​សម្រាប់តែ​ដាំ​ស្លចម្អិនម្ហូប​អាហារ​តែ​ម្យ៉ាង​ប៉ុណ្ណោះ តែ​ការពិត​វិញ ដុំឈើខ្មៅៗនេះ​អាច​នាំយក​ទៅធ្វើ​អ្វីផ្សេងៗទៀត​បានជា​ច្រើនយ៉ាង ដូច្នេះ​បើបងៗនៅ​មិនទាន់​ដឹងថា តើ​នឹង​ត្រូវយក​ដុំ​ធ្យូងដែល​នៅ​សេសសល់​ក្នុង​ចង្ក្រាន​បាយ​ទៅធ្វើ​អ្វី​ទេនោះ សូម​តាម​មក…អ្នកគ្រូ ឆវី នឹ​ង​ប្រាប់​ពី​ប្រយោជន៍ល្អផ្សេងៗទៀត​របស់​ដុំ​ធ្យូង​ដូចតទៅ។

1. ជួយ​បឺត​យក​ក្លិន​មិនល្អ
មិនថាតែ​ក្នុង​ថតតុ ក្នុង​ទូទឹកកក ក្នុង​ធុងសំរាម ក្នុង​បន្ទប់ទឹក ឬ​ទីកន្លែង​ណា​នៅ​ក្នុងផ្ទះ​នោះទេ បើសិន​ជាមាន​ធំក្លិន​មិនល្អ(ស្អុយ)ហើយ​នោះ ចូរ​នាំយក​ធ្យូង​ប្រមាណ​ជា2-3ដុំ​ទៅ​ដាក់​នៅត្រង់​កន្លែង​ដែល​ត្រូវការ​រ​បំបាត់​ក្លិន​ទាំងនោះ។ មិនយូរប៉ុន្មាន ក្លិនមិនគួរបេតីទាំងនោះនឹងរលាយបាត់អស់ជាបណ្ដើរៗ ព្រោះរន្ធតូចៗជាច្រើននៅលើដុំធ្យូងនឹងជួយបឺតស្រូបយកក្លិនអស់ទាំងនោះ ទោះជាក្លិនបារីក៏ដោយ។

2. ការពារសំណើម
បើសិនជាខ្យល់អាកាសខាងក្នុងផ្ទះបក់ចេញចូលមិនសូវល្អ ឬមានប្រឡោះខ្យល់តូចៗជ្រុលពេក ជាពិសេសបន្ទប់ដែលមានសំណើមខ្ពស់ដូចជា បន្ទប់ទឹក ជាដើម វានឹងធ្វើឱ្យមានក្លិនអាប់ និងកើតមេរោគផ្សិតឡើង តែបងៗស្រ្តីមេផ្ទះអាចការពារជាមុនបាន ដោយយកម្សៅសាប៊ូមកលាយជាមួយម្សៅបេកឃីងសូដា (មានលក់នៅតាមហាងផ្សារទំនើប) ឬទឹកខ្មេះមកជូតនៅតាមកម្រាលឥដ្ឋ ជញ្ជាំង និងពិតានឱ្យសព្វ ហើយសឹមយកដុំធ្យូងមកដាក់ទុកចោលនៅក្នុងនោះ ដើម្បីឱ្យវាបឺតជាតិសើមចេញ។ ក្រៅពីនេះ បើមានធុង ឬឡាំងដាក់របស់របរផ្សេងៗដូចជា គ្រឿងដែក ឬឧបករណ៍ជាង ជាដើមនោះ បងៗគ្រាន់តែយកធ្យូង1-2ដុំតូចៗទៅដាក់ក្នុងនោះចោល ក៏វាអាចជួយកាត់បន្ថយសំណើម និងការពារការកើតច្រែះបានដែរ។

3. បិទបាំងស្នាមឆ្កូតផ្សេងៗ
បើគ្រឿងសង្ហារិម ឬឧបករណ៍ប្រើប្រាស់ណាដែលមានផ្ទៃពណ៌ខ្មៅ ឬពណ៌ស្ករចាស់ ហើយចៃដន្យមានស្នាមឆ្កូតតូចៗដែលពិបាកនឹងលើកយកទៅឱ្យជាងជួសជុលសម្អាត និងបើទុកប្រើទាំងមានស្នាមឆ្កូតបែបហ្នឹង មើលទៅដូចជាមិនគួរឱ្យគយគន់សោះនោះ សូមបងៗស្រ្តីមេផ្ទះយកធ្យូងមកដុសៗខាត់ៗត្រង់កន្លែងដែលមានស្នាមឆ្កូត ឬស្នាមកខ្វក់ដែលលុបមិនជ្រះនោះទៅ។ ធ្វើត្រឹមតែប៉ុណ្ណឹង គ្រឿងសង្ហារិមពណ៌ខ្មៅដែលធ្លាប់តែមានស្លាកស្នាមមិនល្អទាំងនោះនឹងត្រឡប់ទៅជាថ្មីស្អាតដូចមុនវិញមិនខាន។

4. ពន្យារអាយុផ្កាស្រស់
ភាគច្រើនផ្កាស្រស់ដែលយើងតែងយកមកដាក់នៅក្នុងថូសម្រាប់តុបតែងលម្អផ្ទះនោះ ច្រើនតែនៅមិនសូវបានយូរប៉ុន្មានឡើយ បានតែប៉ុន្មានថ្ងៃក៏រោយស្រពោនទៅហើយ ទោះជាដាក់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ក៏ដោយ តែបញ្ហានេះងាយស្រួលកែណាស់ មិនពិបាកទេគ្រាន់តែដាក់ធ្យូងចូលទៅប្រមាណជា1-2ដុំ ព្រមជាមួយទឹកកន្លះថូប៉ុណ្ណោះ ផ្កាស្រស់ទាំងនោះនឹងនៅស្រស់បំព្រងបានយូរ និងថែមទាំងធ្វើឱ្យទឹកថ្លា និងស្អាតទៀតផង។

5. ថែបំប៉នដើមផ្កា
សម្រាប់ដើមរុក្ខជាតិតូចៗដាំក្នុងដី ចូរយកធ្យូងមកដំបំបែកជាដុំតូចៗ ហើយរោយនៅជុំវិញគល់ដើមផ្កាទាំងនោះ រួចហើយលប់ដីពីលើមួយជាន់ទៀត វានឹងជួយថែរក្សាសំណើមនៅក្នុងដី និងការពារការកើតស្មៅបានទៀតផង។ ចំណែកដើមផ្កាដែលដាំនៅក្នុងផើងវិញ ចូរដាក់ធ្យូងទ្រាប់បាតផើងជាមុនសិន មុននឹងដាក់ដីដាំដើមផ្កា ព្រោះធ្យូងនឹងជួយបៀមទឹកមិនឱ្យឆាប់ស្ងួតអស់លឿនពេក និងថែមទាំងជួយបង្កើនសារធាតុរ៉ែឱ្យដីទៀតផង។ ធ្យូង ក្រៅពីប្រើសម្រាប់បំបាត់ក្លិនស្អុយ ក្លិនអាប់ និងក្លិនមិនល្អផ្សេងទៀតដែលយើងមិនចូលចិត្តហើយនោះ នៅជួយការពារសំណើម ផ្ដល់ភាពថ្មីឡើងវិញដល់គ្រឿងសង្ហារិម និងធ្វើឱ្យផ្កាស្រស់នៅស្រស់បំព្រងបានកាន់តែយូរឡើងទៀតផង… ពិតជាប្រើប្រយោជន៍បានច្រើនយ៉ាងមែន៕

Advertisement