ដំណាំ ប្រពាយ

បន្លែ​ប្រពាយ ឬ​ឈ្មោះ​ខាង​វិទ្យាសាស្ត្រ​ហៅថា Psophocarpus tetragonolobus Linn ជា​រុក្ខជាតិ​ប្រភេទ​វល្លិ៍ ដែល​គ្មាន​សាច់​ឈើ ដើម​របស់​វា​លូត​តោង​វារ​ព័ទ្ធ មាន​លក្ខណៈ​ជា​ស្លឹក​រៀង​ឆ្លាស់គ្នា មាន​ស្លឹកតូច3សន្លឹក មាន​លក្ខណៈ​រាង​ពងក្រពើ គល់​ស្លឹក​មូល និង​ចុង​ស្លឹក​ស្រួចផ្កា​មាន​លក្ខណៈតូចៗមាន​ពណ៌​សលាយ​ស្វាយ ឯ​ផ្លែ​ជា​បន្លែ​ដែលមាន​រាង​ទ្រវែង​មាន4ឆែក​តាម​បណ្ដោយ​ផ្លែ ដែលមាន​ប្រវែង​ប្រមាណ​ពី10ទៅ12សង់ទីម៉ែត្រ ខាងក្នុង​មាន​គ្រាប់​មូល​រលោង និង​មាន​ពណ៌​ស។ ដើម​ប្រពាយ​អាច​ដាំ​បាន​ពេញ1ឆ្នាំ មិន​ថា​រដូវ​ណាក៏ដោយ។

បន្លែ​ប្រពាយ គេ​អាច​នាំយក​ផ្លែខ្ចីៗ ត្រួយ(ឬ​ស្លឹកខ្ចី) និង​ផ្កាខ្ចីៗមក​ធ្វើជា​អាហារ​បាន ហើយថែមទាំង​មានគុណ​សម្បត្តិ​ខាង​ថ្នាំ​បំបាត់​អាការផ្សេងៗបាន ដូចជា ឫស​ប្រើ​សម្រាប់​ថែបំប៉ន​រាងកាយ បំបាត់​អាការ​ទន់ខ្សោយ​អស់កម្លាំង បំបាត់​អាការ​ក្ដៅ​ក្នុង​ស្រេកទឹក ព្យាបាល​មុន និង​រោគ​សើ​ស្បែក​ប្រភេទ​ខ្លះ​បាន​ទៀតផង។

** ការដាំដុះ
ការត្រៀម​ដី: ដើម​ប្រពាយ​ជា​រុក្ខជាតិ​វល្លិ៍ដែលមាន​ឫស​ចាក់​ជ្រៅ​កម្រិត​មធ្យម ដូច្នេះ​ការត្រៀម​ដី​គួរ​ភ្ជួរ​ដី​ឱ្យបាន​ជ្រៅ​ប្រមាណ​ជា25-30សង់ទីម៉ែត្រ។ ហាល​ដី​ទុកចោល​ប្រមាណ​ជា7ថ្ងៃ ដាក់​ជីលា​មក​គោ ឬ​ជីកំប៉ុស រួច​ជ្រួយដី​ឱ្យ​ល្អិត លើក​ជា​រង​ដោយមាន​ទុក​ផ្លូវ​ដើរ និង​ត្រៀមដាំ​ជាស្រេច។

វិធី​ដាំ​ដុះ: ការដាក់​ដាំ​ប្រើ​ចម្ងាយ​ពី​ដើម​មួយ​ទៅ​ដើម​មួយ60សង់ទីម៉ែត្រ និង​ចម្ងាយ​ពី​ជួរ​មួយ​ទៅ​ជួរ​មួយ100សង់ទីម៉ែត្រ។ ប្រពាយ​គេ​និយម​ដាំ​ដោយ​គ្រាប់ បន្ទាប់ពី​ត្រៀម​ដី​រួចរាល់​ហើយ ចូរ​ជីក​រន្ធ​ដាក់​ដាំ​តាម​ចម្ងាយ​ដាំ ទម្លាក់​គ្រាប់ពូជ​ចូលក្នុង​រន្ធនីមួយៗប្រមាណ​ជា5គ្រាប់ ជម្រៅ​ប្រមាណ​ជា2សង់ទីម៉ែត្រ រោយ​ដី​គ្របពីលើស្ដើងៗ ហើយ​គ្របពីលើ​រង​ដោយ​ចំបើង​ស្ងួត រួចស្រោច​ទឹក​ឱ្យ​សើម​ជោក។ បន្ទាប់ពី​គ្រាប់ពូជ​លាស់​ឡើង​ប្រមាណ​ជា1-2សប្ដាហ៍ ចូរ​ដក​បំបែកចេញ​ឱ្យ​នៅសល់​ក្នុង​មួយ​គុម្ព​តែ3ដើម។

ចំណែក​ការធ្វើ​ទ្រើង​ប្រពាយ មាន​វិធី​ធ្វើបាន​ច្រើនបែប ដូចជា ទ្រើង​ទោល ដោត​ត្រង់​គុម្ព​ប្រពាយ​ទុកឱ្យ​ដើម​ប្រពាយ​វារ​តោង​ឡើង ឬ​ទ្រើង​បែប​គូ គឺ​ដោត​បង្គោល​ទ្រើង​តាម​បណ្ដោយ​រង ហើយ​ចាប់​ចុង​បង្គោល​ទ្រើង​ចង​ជាគូៗ រួច​យក​សំណាញ់​មក​គ្របពីលើ​ក៏បាន តែ​ត្រូវ​ឧស្សាហ៍​ចាប់​ចុង​ត្រួយ​ដើម​ប្រពាយ​ឱ្យ​ព័ទ្ធ​នឹង​បង្គោល​ទ្រើង ​ដើម្បីឱ្យ​ដើម​ប្រពាយ​ឆាប់​ឡើង​ពេញ​ទ្រើង។

** វិធី​មើលថែទាំ​រក្សា
ការ​ស្រោច​ទឹក: ស្រោច​ទឹក​មួយថ្ងៃ1-2ដង រៀងរាល់ថ្ងៃ។

ការដាក់​ជី: បន្ទាប់ពី​ដាក់​ដាំ​បាន30ថ្ងៃ​រួចហើយ ចូរ​ចាប់ផ្ដើម​ដាក់​ជីកំប៉ុស​សរីរាង្គ​ក្នុង​បរិមាណ100ក្រាម​ក្នុង1គុម្ព រៀងរាល់15ថ្ងៃ ឬ​អាស្រ័យ​លើ​ភាពសម្បូរ​ជីវជាតិ​របស់​ដី។

ការការពារ និងការ​កម្ចាត់​សត្រូវ​ដំណាំ: ចូរ​បាញ់​ទឹក​ត្រាំ​ឱសថ​បុរាណ​បណ្ដេញ​សត្វល្អិត​ដែល​ត្រាំ​ពី​ដើម​ស្ដៅ​រៀងរាល់7ថ្ងៃ​ម្ដង ដើម្បី​ការពារ និង​កម្ចាត់​សត្រូវ​ដំណាំ ដូចជា ដង្កូវ​ស៊ី​ត្រួយ​ មេរោគ​ក្រា ដង្កូវ​ស៊ី​ក្ដិ​ប និង​ក្នុងករណី​ដែល​ឃើញ​មានការ​ឆ្លង​រាលដាល​របស់​ដង្កូវ​ស៊ី​ត្រួយ​ធ្ងន់ធ្ងរ​នោះ អាច​បាញ់​ទឹក​ត្រាំ​ថ្នាំ​ឆួល លាយ​ជាមួយ​កាក​ស្ករត្នោត​បន្ថែម ដោយ​បាញ់​ក្នុងអំឡុង​ម៉ោង08ៈ00-09ៈ00ព្រឹក រៀងរាល់ថ្ងៃ​រហូត​ទាល់តែ​លែងមាន​ការឆ្លង​រាលដាល ហើយ​ក្រៅពីនោះ​ចូរ​ឧស្សាហ៍​កម្ចាត់​ពពួក​ស្មៅ​ ដើម្បី​កុំឱ្យ​កើតការ​ដណ្ដើម​ទឹក និង​ជីវជាតិ​ពី​ដី ហើយ​ថែមទាំង​អាចជា​កន្លែង​ស្នាក់នៅ​របស់​ស​ត្វល្អិត​សត្រូវ​ដំណាំ​ទៀតផង។

** ការប្រមូល​ផល
នៅពេល​ដើម​ប្រពាយ​មាន​អាយុ​បាន70-80ថ្ងៃ ក៏​អាច​ប្រមូល​ផល​បាន​ហើយ ដោយ​គួរ​បេះ​ក្នុងអំឡុង​ពេលដែល​ថ្ងៃ​មិនសូវ​ក្ដៅ ចង់​បេះ​នៅពេល​ព្រឹក ឬ​ពេល​ល្ងាច​ក៏បាន ព្រោះ​ស្រទាប់​ផ្លែ​ប្រពាយ​ហាក់ដូចជា​រាងស្ដើង បើ​បេះ​ក្នុងអំឡុង​ពេលដែល​ថ្ងៃ​ក្ដៅ​ខ្លាំង នឹង​ធ្វើឱ្យ​ស្រទាប់​ផ្លែ​ប្រពាយ​ឆាប់​ជាំ ហើយ​កន្ត្រក ឬ​កញ្ច្រែង​ដែល​ទុកដាក់​ផ្លែ​ប្រពាយ​នោះ ក៏​គួរ​ទ្រាប់​ដោយ​ស្លឹកចេក​ផង​ ដើម្បី​ការពារ​ភាពស្រស់​ខ្ចី​របស់​ផ្លែ​ប្រពាយ៕

Advertisement