ភ្លៅជ្រូកបំពងពិសេស

ជើងជ្រូកបំពង គឺជាមុខម្ហូបមួយប្រភេទដែលមានរសជាតិឈ្ងុយឆ្ងាញ់យ៉ាងពិសេសហើយក៏ជាមុខម្ហូប ដែលត្រូវបានភោជនីយដ្ឋាន Motor Café ជ្រើសធ្វើជាអាហារប្រចាំហាងផងដែរ។ ចំពោះមុខម្ហូបមួយនេះ ហាក់មានការពិបាកក្នុងការចម្អិន និងច្រើនវគ្គបន្តិច ប៉ុន្តែទោះជាយ៉ាងណា បន្ទាប់ពីឆ្លងកាត់នូវការចម្អិនរួចរាល់នោះពិតជាមិនធ្វើឱ្យលោកអ្នកស្តាយកម្លាំងនោះឡើយ។ ជាមួយគ្នានេះ ភ្លៅជ្រូកបំពងពិសេសនេះត្រូវបានគេទទួលទានជាមួយនឹងទឹកជ្រលក់ពិសេស រួមនឹងជ្រក់ស្ពៃក្ដោបផងដែរ។

គ្រឿងផ្សំ
• ភ្លៅជ្រូក 1.2Kg
• ការ៉ុត 0.3Kg
• ខ្ទឹមបារាំង 0.3Kg
• ខឹ្ទមខ្យល់ 0.2Kg
• ដើមសេរី 0.2Kg
• អំបិល 25g

វិធីចម្អិន
យកភ្លៅជើងជ្រូកទៅលាងទឹកឱ្យស្អាត​ រួចដាំទឹកឱ្យពុះដាក់អំបិល ការ៉ុត ខ្ទឹមបារាំង ខ្ទឹមខ្យល់​ ដើមសេរី​ និងដាក់ភ្លៅជ្រូក​ចំហុយជាមួយគ្នារហូតឆ្អិន និងកាត់បន្ថយជាតិខ្លាញ់ បន្ទាប់មកយកទៅបំពងជាមួយប្រេងឆាដែលក្តៅខ្លាំងរហូតស្រួយជាការស្រេច។

គ្រឿងផ្សំទឹកត្រីជ្រលក់ជើងជ្រូក
• ម្ទេសខៀវ 80g
• ម្ទេសហឹរ 80g
• ខ្ទឹមស 70g
• ស្ករស 120g
• ក្រូចឆ្មារ 100g
• ទឹកត្រី 80g
• ម្សៅស៊ុប 2tbs
• អំបិល 2tbs

វិធីធ្វើ​ទឹកត្រីជ្រលក់ជើងជ្រូក
យកខ្ទឹមសមកបុកជាមួយម្ទេស រួចដាក់ស្ករសចូល កូរឱ្យសព្វ បន្ទាប់មកដាក់ទឹកត្រី ម្ស៉ៅស៊ុប​ អំបិល និង​ទឹកក្រូចឆ្មារចូលជាការស្រេច។

គ្រឿងផ្សំជ្រក់ស្ពៃក្ដោប
• ស្ពៃក្ដោប
• ទឹកខ្មេះ
• អំបិល
• ស្រាស
• Juniper Berries

វិធីធ្វើជ្រក់ស្ពៃក្ដោប
យកស្ពៃក្ដោបទៅលាងទឹកឱ្យស្អាត រួចយកស្ពៃក្ដោបមកឈូស បន្ទាប់មកដាំទឹកឱ្យពុះ ដាក់អំបិល ស្ដៃក្ដោប ស្រាស ទឹកខ្មេះ និង Juniper Berries រួចហើយទុករយៈពេល2ម៉ោងជាការស្រេច៕

Advertisement