បុកល្ហុង បង្គាស្រស់ ពីភោជនីយដ្ឋាន Needa

បើនិយាយពីបុកល្ហុងវិញគេជឿថា អ្នកណាៗក៏ធ្លាប់បានទទួលទានដែរ ប៉ុន្តែទាស់ត្រង់ថា បុកល្ហុងទាំងនោះអាចមានរសជាតិផ្សេងៗពីគ្នា ដែលវាអាស្រ័យទៅលើស្នាដៃរបស់អ្នកជំនាញក្នុងការបុក និងផ្សំគ្រឿងតែប៉ុណ្ណោះ។ សម្រាប់ទំព័រនេះ ឡារ៉ែន សូមបង្ហាញជូននូវរូបភាពបុកល្ហុងមួយចាន ដែលផ្សំឡើងពីបន្លែស្រស់ៗជាច្រើនមុខ រួមជាមួយនឹងសាច់បង្គាស្រស់ ពោរពេញទៅដោយរសជាតិឆ្ងាញ់ជាប់មាត់ ក្រោមភាពជំនាញរបស់ចុងភៅប្រចាំនៅភោជនីយដ្ឋាន Needa សាខាទួលគោកដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ58 ផ្លូវ337 សង្កាត់បឹងកក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គ្រឿងផ្សំ
• សណ្តែកកួរ
• ត្រសក់
• ប៉េងប៉ោះ
• ការ៉ុត
• ល្ហុងខ្ចី
• ស្ពៃបូកគោ
• ត្រកួន
• ទឹកក្រូចឆ្មារ
• បង្គាក្រៀម
• បង្គាស្រស់
• សណ្តែកដីលីង
• ខ្ទឹមស
• ម្ទេសក្រហម

វិធីធ្វើ
ជាដំបូងបន្ទាប់ពីយកវត្ថុធាតុដើម និងគ្រឿងផ្សំដូចបានរៀបរាប់ជូនខាងលើនេះរួចរាល់អស់ហើយ ត្រូវយកទៅចិត និងលាងសម្អាតហើយទុកមួយអន្លើ។ យកល្ហុងខ្ចីឈូសជាសរសៃ យកបង្គាស្រស់បកសម្បក រួចវះយកសរសៃខ្មៅចេញ, ចិតផ្លែប៉េងប៉ោះជាចំណិតជ្រុងៗ រួចហាន់សណ្តែកគួរជាកង់ខ្លីៗ ហាន់ផ្លែត្រសក់ជាជ្រុងទ្រវែង ហាន់ការ៉ុតជាបន្ទះស្ដើងៗ ហាន់ស្ពៃបូកគោ និងត្រកូនប្រវែងខ្លីល្មម ហើយទុកមួយអន្លើសិន។ បន្ទាប់មកបុកខ្ទឹមស ម្ទេសក្រហម រួចដាក់បង្គាក្រៀមចូលបុកជាមួយគ្នា បន្ទាប់យកដាក់សណ្ដែកដី សណ្ដែកកួរ ទឹកក្រូចឆ្មារ ចូលជ្រុំចូលគ្នាឱ្យសព្វ។ ជាចុងក្រោយដាក់ល្ហុងចូលបុកច្របល់ចូលគ្នាឱ្យសព្វ ដួសដាក់ក្នុងចានជាការស្រេច៕

Advertisement