ញ៉ាំ​ត្រី ជួយ​ដល់​រឿង IQ និង​ការ​គេង​លក់​របស់​កុមារ

លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​រកឃើញថា ក្មេង​ដែល​បាន​ញ៉ាំ​ត្រី​យ៉ាងតិច​មួយអាទិត្យ 1ដង ឬ​ច្រើនជាង​នេះ នឹងធ្វើ​ឱ្យ​ការ​គេង​ល្អប្រសើរ​ឡើង ហើយ​លទ្ធផល​សាកល្បង​កម្រិត​ប្រាជ្ញា​ស្ថិតក្នុង​លំដាប់​ដែល​ល្អ​ជាង​ក្មេង​ដែល​មិនបាន​ញ៉ាំ​ត្រី ឬ​ញ៉ាំ​តិច​ជាងមួយ​សប្ដាហ៍​មួយដង។

គេហទំព័រ CNN បាន​នាំយក​របាយការណ៍​មួយ​ដែល​បានទទួល​ការបោះពុម្ពផ្សាយ​នៅក្នុង The Journal Scientific Report ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ដែល​បានបង្ហាញ​ឱ្យឃើញថា អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា3ដែល​គេ​ឃើញ​មាននៅ​ក្នុង​សាច់​ត្រី​ជាច្រើន​ប្រភេទ ដូចជា ត្រី​សាល់​ម៉ុ​ន ត្រី​សារ​ឌី​ន និង​ត្រី​ប្លាធូ មាន​ចំណែក​ជួយ​ធ្វើឱ្យ​កម្រិត​ភាព​ឆ្លាត​វៃ និង​ការ​គេង​លក់​របស់​កុមារ​ល្អប្រសើរ​ឡើង។

តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​កុមារ​ជនជាតិ​ចិន​ច្រើនជាង 500នាក់​ដែលមាន​អាយុ​អំឡុង​ពី 9-11ឆ្នាំ​ជាមួយនឹង​សំណួរ​ថា តើ​ពួកគេ​ញ៉ាំ​ត្រី​ចំនួន​ប៉ុន្មាន​ដង​ក្នុង​មួយខែ​កន្លងមក ជាមួយនឹង​ចម្លើយ​ឱ្យ​ជ្រើសរើស​គឺ “មិនដែល​សោះ” និង “យ៉ាងតិច​មួយអាទិត្យ 1ដង”។

ក្នុង​ក្រុម​កុមារ​ដែល​ឆ្លើយថា ញ៉ាំ​ត្រី​រៀងរាល់​សប្ដាហ៍​មាន​ពិន្ទុ​វាស់ IQ 4.8 ខ្ពស់ជាង​កុមារ​ដែល​ឆ្លើយថា មិន​ញ៉ាំ​ត្រី​សោះ ឬ​ញ៉ាំ​ដែរ តែ​ញ៉ាំ​តិច។ ដោយ​ក្រុម​អ្នកស្រាវជ្រាវ​មិនបាន​សួរក្មេងៗថា តើ​ត្រី​ប្រភេទ​ណា​ដែល​ពួកគេ​បាន​ញ៉ាំ​នោះឡើយ ក្នុងខណៈ​ក្រុម​ដែល​ឆ្លើយថា ញ៉ាំ​ត្រី​ដែរ តែ​ញ៉ាំ​មិន​ញឹកញាប់​មាន​ពិន្ទុ IQ 3.3។

ចំណែក​ចម្លើយ​ពី​ក្រុមគ្រួសារក្មេងៗពាក់ព័ន្ធ​នឹង​គុណភាព​ការ​គេង​វិញ បាន​រកឃើញថា ក្មេង​ដែល​បាន​ញ៉ាំ​ត្រី​ជាប្រចាំ ច្រើន​មានគុណ​ភាព​នៃ​ការ​គេង​ល្អប្រសើរ​ជាង ព្រោះ​គ្មាន​រឿង​មករុកកួន​រំខាន​ក្នុងអំឡុងពេល​គេង​លក់​ឡើយ។ ក្នុង​ចំណុច​ល្អ​ដែល​កើតឡើង​នេះ ធ្វើឱ្យ​ក្រុមអ្នកវិភាគ​ណែ​នាំទៅ​ឪពុកម្ដាយ ​អ្នកអាណាព្យាបាល​ឱ្យ​បន្ថែម​សាច់​ត្រី​ចូលទៅក្នុង​មុខម្ហូប​របស់​កុមារ និង​បង្ហាត់​ឱ្យ​កុមារ​ចេះ​ញ៉ាំ​ត្រី​តាំងពី​អាយុ2ឆ្នាំ​ឡើងទៅ។

ត្រី​ជាស​ត្វ​ដែល​មានគុណ​តម្លៃ​ខាង​ភោជនាហារ​ខ្ពស់ និង​ជា​អាហារ​មួយ​ក្នុងចំណោម​អាហារ​ដ៏​ពេញនិយម ព្រោះ​នៅក្នុង​សាច់​ត្រី​មាន​ប្រូតេអុីន​ដែល​ល្អ និង​សម្បូរ​ទៅដោយ​ខ្លាញ់​ល្អ ស័ក្តិសម​សម្រាប់​អ្នក​ដែល​កំពុងស្ថិត​ក្នុងអំឡុង​ពេល​បញ្ចុះទម្ងន់ ហើយ​ត្រី​ប្រភេទ​ខ្លះ​ថែមទាំង​មាន​អូ​មេ​ហ្កា3 ដែលជា​អាស៊ីត​ខ្លាញ់​ល្អ​ដែល​ជួយ​បង្កើន​សុខភាព​បេះដូង និង​សរសៃឈាម ដែល​គេ​ប្រទះឃើញ​មាន​ច្រើន​នៅក្នុង​ត្រី​សាល់-​ម៉ុ​ន ជាពិសេស​ត្រី​សាល់​ម៉ុ​ន​ដែល​រស់​នៅតាម​ធម្មជាតិ​នឹងមាន​វីតាមីន និង​សារធាតុ​រ៉ែ​ខ្ពស់​ណាស់៕

Advertisement