លេច​នោម មិនមែនជា​បញ្ហា​តូចតាច​ទេ សម្រាប់​ស្ត្រី

លេច​នោម ជា​បញ្ហា​ដែល​ជួបប្រទះ​ច្រើន​នៅលើ​មនុស្ស​ស្រី ដោយសារ​បច្ច័យ​មួយចំនួន ដូចជា ការ​មានគភ៌ ការ​ប្រសូត​បុត្រ ការវះកាត់​ខាង​ជំងឺ​ស្ត្រី ជាពិសេស​ការវះកាត់​ស្បូន។ល។ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា មនុស្ស1នាក់​ក្នុងចំណោម5នាក់​ដែល​កើត​ជំងឺ​នេះ គឺជា​ស្ត្រី និង​ច្រើនជាង​បុរស​ដល់​ទៅ3ដង​ឯណោះ។

មូលហេតុផ្សេងៗរបស់​ជំងឺ​លេច​នោម

មូលហេតុ​សំខាន់​គឺ​ភាពខុសប្រក្រតី​ដែល​កើតឡើង​ទាំង​ខាង​ផ្នែក​នៃ​ការធ្វើការងារ និង​ខាង​ផ្នែក​រូបរាង​របស់​អវយវៈ​ដែលមាន​ចំណែក​ក្នុងការ​គ្រប់គ្រង​ការ​បន្ទោបង់​ទឹកនោម ដូចជា ខួរក្បាល និង​ប្រព័ន្ធ​ប្រសាទ​ដែល​គ្រប់គ្រង​ទ្រាំ​ទប់ និង​បញ្ចេញ​ទឹកនោម ប្លោកនោម បង្ហួរនោម ប្រព័ន្ធ​ខ្ជឹប​បង្ហួរនោម និង​សាច់ដុំ​ក្នុង​ឆ្អឹងត្រគាក។

ក្នុងវ័យកុមារ : កើតឡើង​ដោយសារ​ប្រព័ន្ធគ្រប់គ្រង​ការ​បន្ទោបង់​នៅ​មិនទាន់​ដំណើរការ​ស្រួល និង​ទង្វើ​រួមទាំង​ទម្លាប់​និស្ស័យ​មួយចំនួន និង​ច្រើនតែ​ចេញមក​ក្នុង​រូប​បែប​នៃ​ការ​លេច​នោម​ដាក់​ពូក​នៅ​ពេលយប់​ញឹកញាប់។

ក្នុងវ័យក្រមុំ : ច្រើនតែ​កើតឡើង​ដោយសារ​តែមាន​ទម្លាប់​និស្ស័យ​មួយចំនួន​ដែល​មិន​ត្រឹមត្រូវ ដូចជា ទទួលទាន​ទឹក​តិច ទ្រាំ​ទប់​មិន​ព្រម​នោម​រយៈពេល​យូរ ឬ​ញឹកញាប់ ធ្វើឱ្យ​ប្លោកនោម​កើត​មានការ​ច្របាច់​ខ្លួន​ខុស​ប្រក្រតី​រហូតដល់​ទ្រាំ​ទប់​ទឹកនោម​លែងរួច។

សម្រាប់មនុស្សវ័យកណ្តា អ្នក​ដែល​ធ្លាប់​មានគភ៌ ឬ​ធ្លាប់​វះកាត់​ស្បូន​ពីមុនមក អាចមាន​ការចុះ​ខ្សោយរ​បស់​សាច់ដុំ​ខ្ជឹបមាត់​ប្លោកនោម ធ្វើឱ្យ​បិទ​មិន​ជិត។ នៅលើ​មនុ​ស្សវ័យ​ចំណាស់ និង​អស់​វដ្ត​រដូវ​វិញ អ័រម៉ូន​ភេទ​ស្រី​នឹង​ថយចុះ​ធ្វើឱ្យ​ប្រព័ន្ធ​ការបិទ​ខ្ជឹប​របស់​បង្ហួរនោម​ចុះខ្សោយ ធ្វើឱ្យមាន​ទឹកនោម​លេច​ជ្រាប​ចេញមក​បាន​ដូចគ្នា។

អា​ការដែល​បង្ហាញ​ពី​ការ​លេច​នោម

អាការផ្សេងៗរបស់​ការ​លេច​នោម​បែបនេះ​មានដូចជា មាន​អារម្មណ៍​ថា​ត្រូវតែ​នោម តែ​មិនអាច​ទៅ​នោម​បាន​ទាន់  ពេល​កណ្តាស់ ក្អកមាន​ទឹកនោម​លេចចេញ​មក អាការ​ទឹកនោម​ហូរ​ចេញមក​ដោយ​មិនដឹង​ខ្លួន ឬ​ទឹកនោម​ស្រក់​ចេញមក​ក្រោយពេល​បត់ជើងតូច​រួច​ជាដើម។

វិធី​បំបាត់ និង​កែ​អាការ​លេច​នោម

ការព្យាបាល អាស្រ័យ​លើ​មូលហេតុ​របស់​អាកា​រថា តើ​កើត​ភាពខ្វះ​ចន្លោះ​នៅលើ​អវយវៈ​ដែល​គ្រប់គ្រង​ការ​បត់ជើងតូច​ក្នុង​ផ្នែក​ណាមួយ។ ជាទូទៅ វិធី​ក្នុង​ការរក្សា​ព្យាបាល​មាន3យ៉ាង គឺ ការព្យាបាល​ដោយ​ទង្វើ ការព្យាបាល​ដោយ​ប្រើ​ថ្នាំ និង​ការព្យាបាល​ដោយ​វះកាត់។ អ្នក​ដែលមាន​អាការ​មិនសូវ​ខ្លាំង​ប៉ុន្មាន គួរ​ចាប់ផ្តើម​ពី​ការព្យាបាល​ដោយ​ទង្វើ គឺ​ការ​បង្វឹក​សាច់ដុំ​ក្នុង​ឆ្អឹងត្រគាក ដោយ​ការ​ខ្ជឹបមាត់​បង្ហួរនោម​ដែលមាន​លក្ខណៈ​ដូច​ពេល​ខ្ជឹប​ទ្រាំ​ទប់​នោម​អ៊ីចឹង ដោយ​ត្រូវ​ធ្វើឱ្យបាន100 ដង​ក្នុង​មួយថ្ងៃ។ វិធី​នេះ​ត្រូវមាន​ការអត់ធ្មត់ ព្រោះ​ត្រូវ​ប្រើពេល​រាប់​ខែ​ទំរាំ​នឹង​ឃើញ​លទ្ធផល និង​គួរ​ធ្វើឱ្យបាន​ជាប់លាប់ ដើម្បី​កុំឱ្យ​អាការ​នេះ​កើតឡើង​ទៀត។

វិធីងាយៗក្នុងការ​ការពារ​មិនឱ្យ​កើត​អាការ​លេច​នោម

. គួរ​ទទួលទាន​ទឹក​ឱ្យបាន​យ៉ាងតិច​ក្នុង​មួយថ្ងៃ​ពី8-10កែវ។

. មិនគួ​ទ្រាំ​ទប់​នោម​ញឹកញាប់ ឬយូរៗជ្រុល​ពេក​ឡើយ។

. ចៀសវាង​ពីស​ភាវណា​ដែល​ត្រូវ​ប្រើ​កម្លាំង​ប្រឹង​នៅ​ខាងក្នុង​ប្រអប់​ពោះខ្លាំងៗ និង​អាការ​ទល់លាមក។

. ធ្វើ​លំ​ហាត់ប្រាណ​សាច់ដុំ​ក្នុង​ឆ្អឹងត្រគាក​ដោយ​ការ​ខ្ជឹបមាត់​បង្ហួរនោម​ជាប្រចាំ។

បញ្ហា​ធំ​នឹង​ក្លាយជា​បញ្ហា​តូច​ដែល​អាច​ការពារ និង​ដោះស្រាយ​វិញ​បាន ដោយ​គ្រាន់តែ​កែសម្រួល​ទង្វើ​ណា​ដែល​ប្រថុយ​នឹង​ការកើត​ជំងឺ និង​ឧស្ស​ហ៍​មើលថែទាំ​ខ្លួន​ដោយ​វិធីងាយៗទាំងនេះ នារីៗសម័យថ្មី​យើង នឹង​ច្បាស់​ជា​ស្ថិតនៅ​ឆ្ងាយ​ពី​ជំងឺ​លេច​នោម​នេះ​ជាមិនខាន៕

Advertisement