សំបុត្រពីស្រ្តីជាម្ដាយ ជូនដល់ស្រ្តីជាម្ដាយ “រឿងតូចៗដែលសាងអនាគតកូន”

ខ្ញុំមានអាជីពជាម្ដាយគេ និងក៏មិនខុសប្លែកពីស្រ្តីជាម្ដាយដទៃទៀតដែរយើងព្យាយាមក្នុងការសម្របសម្រួលជីវិតការធ្វើការងាររបស់យើងជាមួយនឹងការធ្វើជាម្ដាយគេ។ យើងត្រូវបានធ្វើឱ្យភ័យខ្លាច និងមិនសូវមានទំនុកចិត្តជាប់ជានិច្ចថា តើយើងបានធ្វើខ្លួនជាម្ដាយដែលល្អគ្រប់គ្រាន់ហើយឬនៅ?

កំណត់ត្រាទាំងឡាយរឹតតែធ្វើឱ្យយើងញាប់ញ័រ មិនថាតែ “ជាងពាក់កណ្ដាលនៃកុមារយើង សព្វថ្ងៃមានសៀវភៅអានមិនដល់3ក្បាលឡើយ” “ឪពុកៗជិតពាក់កណ្ដាល មិនមានពេលវេលាលេងជាមួយកូន” “40%នៃក្មេងតូច ខកខានឱកាសល្អៗក្នុងការអភិវឌ្ឍ” និង “កុមារយើងបច្ចុប្បន្នមាន IQ ទាបជាងកម្រិតស្តង់ដារ”។

ព័ត៌មានទាំងអស់នេះធ្វើឱ្យយើងត្រៀមខ្លួនជាស្រេចក្នុងការតស៊ូដើម្បីក្លាយជាម្ដាយដ៏ល្អ តែក៏ចង់លើកទង់ជ័យសចុះចាញ់ម្ដងម្កាលដែរ ​ព្រោះមិនមានជំនួយ… ឬមួយក៏ដល់ពេលត្រូវទទួលស្គាល់ការពិតហើយថា ការចិញ្ចឹមកូនក្នុងសង្គមបែបនេះ ពិតជាលំបាកមែនទែន?

ខ្ញុំបានដឹងពីលោកគ្រូពេទ្យជំនាញម្នាក់ដែលគាត់តែងតែបញ្ជាក់ប្រាប់ដដែលៗថា ការចិញ្ចឹមក្មេង សំខាន់បំផុតក្នុងអំឡុងបីឆ្នាំដំបូង។ ក្មេងនឹងសាងខ្លួនឯង និងជឿទុកចិត្តពិភពលោកមួយនេះតាមរយៈការទទួលបានសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់យ៉ាងគ្រប់គ្រាន់… ត្រូវហើយ! ខ្ញុំដឹង អ្នកក៏ដឹង តែបញ្ហាសេដ្ឋកិច្ចគ្រួសារបានរឹតរួតយើងឱ្យនៅជាប់នឹងកៅអីធ្វើការ ហើយយើងត្រូវជួលមនុស្សម្នាក់មកចិញ្ចឹមមើលថែដំណក់ឈាមរបស់ខ្លួនឯង…​ ពិភពលោកគឺដូច្នេះឯង ហើយតួនាទីរបស់យើងគឺត្រូវតែទទួលយកបែបហ្នឹង។

ព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតគឺ អង្គប្រកបផ្សេងៗរបស់ស្ថានភាពជុំវិញខ្លួនមានភាពសំខាន់បំផុត គឺបើឱ្យកុមារធំធាត់ឡើងដោយខ្លួនឯង សក្ដានុពលរបស់គេនឹងថយចុះ30%… តួលេខនេះ គឺជាភាពធ្ងន់ធ្ងរមួយដែលអ្នកម្ដាយគ្រប់រូបត្រូវទទួលបន្ទុក។

ក្នុងឋានៈជាម្ដាយ ខ្ញុំដឹងច្បាស់ណាស់ថា ម្ដាយគ្រប់រូបចង់ឱ្យកូន “ពូកែ ល្អ ឆ្លាត” ពាក្យបីម៉ាត់នេះគឺ ភាពសាកល្បង។ ទោះជាហត់នឿយប៉ុនណា បើមិនបានអានរឿងនិទានមុនពេលគេងឱ្យកូនស្ដាប់ យើងនឹងក្លាយជាម្ដាយដែលមិនបានការភ្លាមតែម្ដង ព្រោះលុយកាក់មិនមានន័យស្មើនឹងពេលវេលា និងការយកចិត្តទុកដាក់ចំពោះកូនៗឡើយ។ ការចាប់ផ្ដើមធ្វើដោយដៃទាំងពីររបស់ម្ដាយ គឺជារឿងតូចមួយដែលជួយជំរុញវិវឌ្ឍនាការរបស់កូនបានល្អបំផុត។ យើងគ្រប់គ្នាគួរតែបានដឹងពីវិធីការសាងវិវឌ្ឍនាការដល់កូន។

ចេះគិត ចេះធ្វើការ ចេះរៀនសូត្រ ចេះដោះស្រាយបញ្ហា ចេះរស់នៅជាមួយអ្នកដទៃ និងអ្វីដែលសំខាន់បំផុតគឺ “ចេះមានសេចក្តីសុខ” ពាក្យចុងក្រោយគេនេះ ជាពាក្យដែលសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ ព្រោះខ្ញុំខ្លាចមែនទែន ខ្លាចកូនមិនដឹងពីវិធីមានសេចក្ដីសុខក្នុងពិភពលោកដែលកាន់តែពិបាករស់នៅទៅដូចសព្វថ្ងៃ។

មួយទៀត ការបន្ថែមជំនាញផ្នែកភាសា ក៏ជារឿងដែលមិនគួរមើលរំលងដែរ ដូច្នេះអ្វីដែលសំខាន់គឺ “ការអានសៀវភៅ”។

លោកគ្រូពេទ្យខាងលើបន្ថែមថា “រឿងចាំបាច់ចំពោះការជំរុញវិវឌ្ឍនាការរបស់កុមារគឺ សេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ ស្ថានភាពជុំវិញខ្លួនដែលល្អ អានសៀវភៅ និងកន្លែងក្មេងលេង” គាត់បន្តថា របស់លេងនៅក្នុងកន្លែងក្មេងលេង សំខាន់ស្មើនឹងសៀវភៅ​ដែរ។ ខួរក្បាលរបស់កុមារ ជាមួយនឹងការអានក្នុងអំឡុង3ដំណាក់កាលនឹងអភិវឌ្ឍសន្សឹមៗតាមលំដាប់ ចាប់ផ្ដើមពីការរៀនអានដើម្បីូការរៀនយល់ដឹង រៀនយល់ដឹងពីជំនាញការអាន រហូតទៅដល់អានបានដោយខ្លួនឯងដើម្បីការរៀនយល់ដឹងបន្ត។

ការជ្រើសរើសសៀវភៅដែលមានពាក្យចុងជួន មិនចាំបាច់មានអត្ថន័យខ្លឹមសារឱ្យគិតច្រើន មានសំឡេងឡើងចុះ នឹងធ្វើឱ្យខួរក្បាលរបស់កុមារបើកទទួលយកកាន់ងាយស្រួលឡើង… អីុចឹងតើ! បានជាកូនតូចរបស់ខ្ញុំសើចក្អាកក្អាយគ្រប់ពេលដែលម្ដាយធ្វើសំឡេងឡើងចុះ ឬអានរឿងនិទានដែលមើលទៅដូចជាគ្មានន័យអ្វីទាំងអស់ឱ្យស្ដាប់។ ការអភិវឌ្ឍខួរក្បាលជារឿងសំខាន់ក៏ពិតមែន តែការសម្រាកខួរក្បាលក៏សំខាន់មិនចាញ់គ្នាប៉ុន្មានដែរ ហើយនេះអាចជាលេសមួយដែលអាចឱ្យម្ដាយៗដូចរូបយើងរកពេលសម្រាក និងបានធ្វើការងាររបស់ខ្លួនខ្លះ ព្រោះវាប្រហែលជាដូចដែលគេនិយាយមែនហើយថា ម្ដាយដែលមានសេចក្ដីសុខ នឹងសាងកូនដែលមានសេចក្ដីសុខបានដូចគ្នា។ សូមជួយជាកម្លាំងចិត្តដល់អ្នកម្ដាយគ្រប់រូបយ៉ាងមុតមាំ ហើយយើងនឹងឆ្លងកាត់សមរភូមិនៃការចិញ្ចឹមមើលថែកូនទៅជាមួយគ្នា…៕

ពីខ្ញុំ ស្រ្តីជាម្តាយម្នាក់

Advertisement