ក្រមុំៗត្រៀម​ផ្អៀង​ត្រចៀក​ចាំ​ស្ដាប់​ណា៎ “ចំណុច​ល្អ5យ៉ាង​របស់​ការរៀប​កា​រ”

ខាងក្រោម​នេះ​ជា​ចំណុចល្អៗរបស់​ការរៀប​ការដែលក្រមុំៗនៅ​លីវ​ទាំងឡាយ​គួរតែ​ដឹង ព្រោះ​ការរៀប​មង្គលការ​បាន​ផ្ដល់នូវអ្វីៗច្រើនជាងអ្នក​នឹកគិត​ទៅទៀត។ មិន​ប្រាកដ​ដែរ នៅពេល​បាន​អាន​ហើយ វា​អាច​នឹង​ធ្វើឱ្យ​រូបអ្នក​ហ៊ាន​បើក​បេះដូង​ទទួលយក​អ្នក​កំលោះណា​ម្នាក់​មក​សិក្សា​ចិត្ត​គ្នា​ក៏​អាច​ថា​បានដែរ​ណា៎(ហេសៗ)។

ការរៀប​អាពាហ៍ពិពាហ៍​ គឺជា​ក្ដី​ស្រមៃ​មួយ​របស់​មនុស្ស​ជាច្រើន ជាពិសេស​បំផុតក្រមុំៗដែល​ចង់​ស្លៀក​ឈុត​រៀបការស្អាតៗ ហ៊ុមព័ទ្ធ​ដោយ​អ្នក​កំដរ​កូនក្រមុំ​ដ៏​គួរឱ្យ​ស្រឡាញ់ ព្រមទាំង​បាន​បោះ​បាច់ផ្កា​ឱ្យក្រមុំៗដទៃទៀត​បាន​ផ្សងសំណាង​ទៀតផង។ ទាំងអស់នេះ​គឺជា​ទិដ្ឋភាព​នៃ​ការរៀប​អាពាហ៍ពិពាហ៍​ក្នុង​ឧត្ដមគតិ​ដែល​មនុស្ស​ជាច្រើន​សុទ្ធតែ​នឹក​ស្រមៃ រហូត​ធ្វើឱ្យក្រមុំៗយើង​ទាំងឡាយ​លែង​គិត​ចង់​នៅ​ម្នាក់ឯង​តទៅទៀត។ ឥឡូវ​យើង​នាំគ្នា​មក​មើលថា តើ​ចំណុចល្អៗដែល​បានមកពី​ការរៀប​ការ​នោះ​មាន​អ្វីខ្លះ? ព្រោះ​ជីវិត​របស់​អ្នកនឹង​ផ្លាស់ប្ដូរ​ពី​បាតដៃ​ទៅជា​ខ្នងដៃ​បាន​យ៉ាង​ស្រស់ថ្លាភ្លាមៗតែម្ដង បើ​អ្នក​បាន​ជួប​ស្នេហ៍​ជាមួយ​អ្នក​កំលោះ​ជាទី​ស្នេហា​ណា​ម្នាក់​ដែល​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការសុំ​អ្នក​រៀបការ​នោះ(អឺុហ៊ឺ…)។

1. ធ្វើ​អ្វីដែល​ប្រថុយប្រថាន​តិចជាង​មុន
គេ​នាំគ្នា​និយាយថា មនុស្ស​ដែល​រៀបការ​ហើយ នៅពេល​ធ្វើ​អ្វី​ក៏ដោយ​នឹង​នឹក​ដល់​សុវត្ថិភាព​ខ្លួនឯង​ជា​ចម្បង ព្រោះ​គិតថា បើសិនជា​ខ្លួនឯង​កើត​អី​ទៅ អ្នក​នៅ​ខាងក្រោយ​នឹង​ទៅជា​យ៉ាងណា? នោះ​ទើប​ធ្វើឱ្យ​អ្នក​ត្រូវតែ​បង្កើន​ភាព​ប្រយ័ត្នប្រយែង​ក្នុង​ជីវិត​កាន់​តែ​ច្រើនឡើង​។ ពី​ធ្លាប់តែ​ចិត្ត​ក្ដៅ​ដូច​ភ្លើង មកចិត្ត​ត្រជាក់​ច្រើនឡើង ទើប​មិនមែនជា​រឿង​ប្លែក​ឡើយ​ដែលថា ហេតុ​អី​បាន​អ្នកមាន​គូ​ហើយ​​គេ​ងា​កមក​យកចិត្តទុកដាក់​រឿង​សុខភាព​ខ្លួនឯង​នោះ ដោយសារ​គេច​ង់​មាន​សេចក្ដីសុខ​ក្នុងការ​រស់នៅ​រួមជាមួយ​មនុស្ស​ដែល​គេ​ស្រឡាញ់​នោះ​ឱ្យបាន​យូរអង្វែង​ហ្នឹងឯង។

2. ក្រុមគ្រួសារ​សប្បាយចិត្ត
នារីៗយើង​ជាច្រើន​អាចមាន​កង្វល់​ថា នៅពេល​រៀបការ​ហើយ ឪពុកម្ដាយ​នឹង​រឹតតែ​រញ៉ាំរ​ញូ​វ​ជាមួយ​អ្នក​ច្រើនជាង​មុន តែ​នៅក្នុង​សភាព​ពិត​វិញ… ក្រុមគ្រួសារ​នឹង​មក​រវីរវល់​ជាមួយ​អ្នក​កាន់តែ​តិច​ទៅ​យ៉ាង​សង្កេតឃើញ​ច្បាស់​តែម្ដង នោះ​ក៏​ព្រោះតែ​គេ​មើលឃើញ​ថាអ្នកមាន​គ្រួសារ​ប្ដីសី​រួចហើយ និង​ជឿថា​អ្នកមានចំណេះដឹង​ច្រើន​គ្រប់គ្រាន់​ក្នុងការ​ចាត់ការ និង​ដោះស្រាយ​បញ្ហាផ្សេងៗបាន​ហើយ ហើយ​ថែម​មានអ្នក​នៅចាំ​មើលថែទាំ​រូបអ្នក​ទៀតផង។ ពី​ពេលនេះ​ទៅ អ្នក​ក៏​លែង​ចាំបាច់​មក​ស្ដាប់​លោកប៉ា​អ្នក​ម៉ាក់​របស់​អ្នក​រអ៊ូ​រឿង​អ្នក​ត្រឡប់មកផ្ទះ​វិញ​យប់​ជ្រៅ ឬ​ដើរលេង​យប់​ទៀត​ដែរ (តែ​អាចជា​គូជីវិត​របស់​អ្នកជា​អ្នក​រអ៊ូ​ជំនួស​វិញ)។

3. ទស្សន​គតិ​ផ្លាស់ប្ដូរ
ព្រោះ​ការរៀប​ការ​នឹង​មក​ព្រមជាមួយ​តួនាទី​ការទទួលខុសត្រូវ​ទាំង​ក្នុងឋានៈ​ស្វាមី-ភរិយា ឪពុក-ម្ដាយ ធ្វើឱ្យ​ជីវិត​បានដឹង​ពី​គោលដៅ​កាន់តែច្បាស់​លាស់​ឡើង គិត​អ្វី​ល្អិតល្អន់​ឡើង ចង់​ចាយវាយ​អី​ក៏​ប្រយ័ត្ន រៀន​យល់ដឹង​ក្នុងការ​លះបង់ និង​ស្គា​ល់ពី​ការសម្រុះសម្រួល។ ទាំងអស់នេះ​នឹង​ហាត់ពត់លត់ដំ​ទស្សន​គតិ​របស់​អ្នកជាបណ្ដើរៗ ពី​រយៈដំបូងដែល​មើលទៅ​ហាក់ដូចជា​មិនសូវ​ជា​ស៊ីចង្វាក់​គ្នា រហូតដល់​កើត​ភាពស៊ាំ​ធ្លាប់នៅពេលវេលា​កន្លងទៅ។

4. មាន​អ្នក​ចែករំលែក​អារម្មណ៍​ទៅ​ជាមួយគ្នា
អ្នក​អាច​នឹង​ធ្លាប់​គិតថា មាន​ត្រឹមតែ​ឪពុកម្ដាយ​បងប្អូន និង​មិត្ត​ភក្ដិ​ក៏​គ្រប់គ្រាន់​សម្រាប់​ឱ្យ​អ្នក​ចែករំលែក​អារម្មណ៍ល្អ និង​មិនល្អ​ទៅ​ជាមួយគ្នា​បាន​ហើយ… តែក៏​មិនមែន​ទាំងអស់​ដែរ​ចា៎ស! ប្រាកដ​ណាស់​ថា ការ​មានជីវិត​គូ​ដែល​ល្អ​នឹង​ជួយ​ឱ្យ​អ្នក​ឆ្លង​ផុត​ឧបសគ្គផ្សេងៗបាន មាន​អ្នក​នៅចាំ​ផ្ដល់​កម្លាំងចិត្ត​ពេល​អ្នក​អស់សង្ឃឹម និង​នឿយហត់ ជា​មិត្ត​ជួយ​គិត ជួយ​សម្រាល​បន្ទុក​មុខ​ងារផ្សេងៗ និង​ដែល​សំខាន់​គឺ ចែករំលែក​ទុក្ខ និង​សុខ​ព្រមជាមួយ​រូបអ្នក។

5. សាង​អត្ថន័យ​ដល់​ជីវិត
“ប្រញាប់​ត្រឡប់ទៅផ្ទះ​ធ្វើ​អី?” “ធ្វើការ​រកលុយ​ដើម្បី​អី?” “ពេលយប់ នៅសុខៗស្រាប់​តែមាន​អារម្មណ៍​អផ្សុក” ឬ “ទំនេរៗ មិនដឹង​ជា​ធ្វើ​អី?”។ ប្រយោគ​ទាំងអស់នេះ​ប្រហែលជា​ធ្លាប់​កើតឡើង​នៅក្នុង​អំឡុង​ជីវិត​នៅ​លីវ​របស់​មនុស្ស​ជាច្រើន តែបើ​អ្នក​បាន​រៀបការ​រួចហើយនោះ អ្នកគ្រូ ឆវី​ សូម​ប្រាប់​ទៅ​ចុះ​ថា ប្រយោគ​ទាំងអស់នោះ​នឹង​បាត់អស់​បន្តិចម្ដងៗជាមិនខាន។ ការរៀប​ការ​នឹង​ក្លាយជា​អ្វីមួយ​ដែល​ចូលមក​បំពេញបន្ថែម​ជីវិត​របស់​អ្នក​ឱ្យ​រឹត​តែមាន​អត្ថន័យ​ខ្លាំង​ឡើង និង​ធ្វើឱ្យ​អ្នក​បានដឹងថា អ្នកមាន​ជីវិត​ដើម្បី​អ្វី និង​ដើម្បី​អ្នកណា។

ការពិតទៅ ការរៀប​អាពាហ៍ពិពាហ៍​ក៏​មិនមែន​មានតែ​ចំណុច​ល្អ​ទាំងអស់​នោះដែរ ព្រោះអ្វីៗគ្រប់យ៉ាង​នៅលើ​ពិភពលោក​នេះ សុទ្ធ​តែមាន​ចំណុច​ល្អ និង​ចំណុច​អាក្រក់​នៅក្នុង​នោះ​ទាំងអស់ តែ​យ៉ាងហោចណាស់​ក៏​អ្នកមាន​មនុស្ស​ម្នាក់​នៅក្បែរ ដែល​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​កែសម្រួល និង​កែខៃ​ចំណុច​មិនល្អ​ទៅ​ជាមួយនឹង​រូបអ្នក​ដែរ។ ងាក​មក​បើក​បេះដូង​ទទួលយក​នរណាម្នាក់​ឱ្យ​ចូលមក​សាក-ល​មើល៍… ជួនកាល​អាច​នឹង​ជួប​អ្នក​ដែល​គេ​ស្រឡាញ់​យើង​ពិត ហើយ​មនុស្ស​ម្នាក់​នោះ​ក៏​ព្រម​នឹង​ជួយ​ផ្លាស់ប្ដូរ​ជីវិត​យើង​ជាថ្មី​ក៏​អាច​ថា​បានដែរ​ណា៎…៕

Advertisement