ការស្ដារ​សេចក្ដីស្នេហា​ឡើងវិញ​ក្នុង​ជីវិត​ប្ដី​ប្រពន្ធ

គេ​និយាយថា “ឃ្លាន​ឆ្ងាញ់ ស្រឡាញ់​ល្អ” តែ​ដល់ពេល​នៅ​ជាមួយគ្នាយូរៗទៅ “ទោះ​ឃ្លាន​ក៏​លែង​ឆ្ងាញ់ ទោះ​ស្រឡាញ់​ក៏​លែង​ល្អ។ ហេសៗ រឿង​បែបនេះ តើ​វា​ជាការ​ពិត ឬ​យ៉ាងណា?​ វា​ក៏ដូចជា​រាង​ពិបាក​នឹង​ប្រាប់​ដែរ ព្រោះថា គូ​ស្វាមីភរិយា​ជាច្រើន​គូ​ក៏​នៅតែ​ផ្អែមល្ហែម​នឹង​គ្នា ទោះជា​ពេលវេលា​កន្លងទៅ​យូរ​សែន​យូរ​យ៉ាងណាក៏ដោយ ដូច្នេះ​យើង​នាំគ្នា​មក​មើលថា តើ​ពួកគេ​ទាំងនោះ​ធ្វើយ៉ាងណា​ខ្លះ ទើប​សម្ពន្ធភាព​ស្នេហ៍​របស់​ពួកគេ​នៅតែ​ស្ថិតស្ថេរ​យូរអង្វែង និង​ផ្អែមល្ហែម​រៀងរាល់ថ្ងៃ​បែប​ហ្នឹង?

“រឿង​បែប​ហ្នឹង​ហ្អេ៎? គ្មានអ្វី​ពិបាក​សោះ គ្រាន់តែ​និយាយ​គ្នា​ឱ្យដឹង និយាយ​គ្នា​ដោយ​ពាក្យ​ដែល​ពីរោះ​ត្រចៀក និង​មិន​ប៉ះពាល់​ក្ដៅក្រហាយ​ដល់​ចិត្ត​គ្នា​ទៅបាន​ហើយ តែ​ប៉ុណ្ណឹង​ឯង។ ប្ដី​ខ្ញុំ គាត់​ជាម​នុស្ស​មិនសូវ​មាត់ក និង​គួរឱ្យ​ស្រឡាញ់ ខ្ញុំ​ថា​យ៉ាងម៉េច ក៏​គាត់​មិនដែល​ប្រកែក​ដែរ តែបើ​ថ្ងៃ​ណា ស្រាប់តែ​គាត់​ប្រកែក​ឡើង ខ្ញុំ​ក៏​ព្រម​តាម​គាត់​ដូចគ្នា​ទៅ។ បែប​ហ្នឹង​គេ​ហៅថា ស្គាល់​ពី​ចិត្ត​គេ ស្គាល់​ពី​ចិត្ត​យើង នៅ​ជាមួយគ្នា​បានយូរ និង​មិនចេះ​ធុញទ្រាន់​ឡើយ”។

“ខ្ញុំ​វិញ ពេល​ឃើញ​ភរិយា​គាត់​រាងដូចជាធុញៗ ក្រញូវៗ ខ្ញុំ​ក៏​ធ្វើខ្លួន​ឱ្យ​សប្បាយរីករាយ ឬ​និយាយ​រឿង​កំប្លុកកំប្លែង​ឱ្យស្ដាប់ ព្យាយាម​នាំ​គាត់​ចេញពី​ស្ថានការណ៍​ដែល​ធ្វើឱ្យ​គាត់​មិន​សប្បាយចិត្ត ជួយ​គាត់​ធ្វើ​ការងារ​ផ្ទះ​ខ្លះទៅ នាំទៅ​ដើរលេង​នៅទីនេះ ទីនោះ​ខ្លះទៅ មិនយូរប៉ុន្មាន​គាត់​ក៏​តាំងស្មារតី​បាន​ឡើងវិញ និង​សប្បាយរីករាយ​ដូច​មុន​បាត់ទៅហើយ…”។

“ផស់​ខ្ញុំ​វិញ​ហ្អេ៎? ម៉ាក់​ប្រាប់ថា មនុស្ស​ប្រុស បើ​ញ៉ាំ​ឆ្អែត​គ្រប់យ៉ាង​ហើយ ធានាថា​មិន​ទៅណា​ទេ… ខ្ញុំ​ក៏​ព្យាយាម​រិះរក​វិធី​ឱ្យ​គាត់​បាន​ទទួលទាន​អាហារ​យ៉ាង​មាន​សេចក្ដីសុខ។ ពេល​ញ៉ាំ​បាយ​ជាមួយគ្នា ក៏​នឹងមិន​និយាយ​ពី​រឿង​ការងារ ឬ​រឿង​អ្វីដែល​ធ្វើឱ្យ​មិន​សប្បាយចិត្ត​ទេ ថែមទាំង​បើ​ថ្ងៃ​ណា​គាត់​កើតមាន​អារម្មណ៍​ភិសវង់​ផង ក៏​ផ្ដល់ឱ្យ​គាត់​បាន​ឆ្អែត​ជាមួយនឹង​សេចក្ដីស្នេហា​ដែល​យើង​ប្រគល់ឱ្យ​ទាំង​កាយ និង​ចិត្ត​ដោយ​ក្ដី​ស្មោះស្ម័គ្រ និង​ឆ្អែត​ទៅជា​មួយ​សេចក្ដីសុខ​ដែល​កើត​ពី​ទង្វើ​របស់​យើង​រួមគ្នា។ បែបនេះ នៅ​ជាមួយគ្នា​ប៉ុន្មាន​ឆ្នាំ ក៏​នៅតែ​ផ្អែមល្ហែម​ដូច​មុន​ដដែល​ដែរ”។

“ការពិតទៅ រឿង​ដែល​គួរឱ្យ​ធុញទ្រាន់​បំផុត គឺ​ភាពដដែលៗរវាង​គ្នា​នឹង​គ្នា និង​គ្មាន​អ្វីដែល​គួរឱ្យ​រំភើប​ឡើយ ដូច​ជីវិត​របស់​យើង​ដែល​ព្រឹក​ឡើង​ក៏​ទៅធ្វើ​ការ ល្ងាច​ត្រឡប់មកវិញ​ក៏​អស់កម្លាំង ឱកាស​ចង់​ស៊ិះ​ស៊ុ​ស​គ្នា​ក៏​កាន់តែ​តិច​ទៅ ព្រោះ​ស្ត្រី​មេផ្ទះ គេ​មាន​ការងារ​ច្រើន យូរៗទៅ​ក៏​ធុញ​ក្នុងការ​ស្រឡាញ់គ្នា ដល់​អី​ុ​ចឹ​ង ភាពស្និទ្ធស្នាល​គ្នា​ក៏​ចាប់ផ្ដើម​រលាយបាត់។ តែ​ល្អ​ណាស់ ដែល​ខ្ញុំ​ចេះ​សង្កេតឃើញ​ទាន់ និង​ចាប់ផ្ដើម​កែសម្រួល​ខ្លួន​ដោយ​ធ្វើ​ការងារ​ឱ្យ​តិចជាង​មុន មាន​ពេល​នាំ​ភរិយា​ទៅ​ដើរលេង​នៅទីនេះ ទីនោះ​ឱ្យបាន​ច្រើនឡើង។ លុះ​ពេល​មាន​បរិយាកាសល្អៗ រឿងរ៉ាវ​របស់​សេចក្ដី​ស្រឡាញ់ និង​ចំណង់​រវាង​គ្នា​និង​គ្នា​ក៏​ត្រឡប់មក​ជាថ្មី ហើយ​នៅពេល​មាន​សេចក្ដីសុខ​ជាមួយគ្នា​ញឹកញាប់​ទៅ អ្វីៗជាច្រើន​វា​ក៏​ត្រឡប់មក​ដូចដើម​វិញ”។

“ខ្ញុំ​សង្កេតឃើញថា ក្រោយពី​បានរស់នៅ​ជាមួយគ្នា​ហើយ គាត់​ប្រែប្រួល​មិន​ដូច​ពីមុន ខ្ញុំ​ក៏​ខិតខំ​ព្យាយាម​ក្នុង​ការធ្វើ​គ្រប់យ៉ាង​ឱ្យ​គាត់​ដូចដើម​វិញ ប្រាប់​ឱ្យ​គាត់​ចេះ​យកចិត្ត​គ្នា​ខ្លះ ប្រាប់​ឱ្យ​គាត់​ត្រឡប់មកផ្ទះ​វិញ​ទៀង​ពេលខ្លះ ទាំង​ការងារ​របស់គាត់​ក៏​ច្រើន។ ពេលនោះ​ប្រៀបដូចជា​មនុស្ស​ឆ្កួត ព្យាយាម​ប្រើ​អំណាច​ដើម្បី​គ្រប់គ្រង​គាត់​ឱ្យបាន​ដូច​ចិត្ត​ខ្លួនឯង​ចង់បាន តែ​មើលទៅ​ហាក់ដូចជា​កាន់តែ​ធ្វើ កាន់តែ​យ៉ាប់យ៉ឺន​ឡើង។ គាត់​ព្យាយាម​រក​វិធី​គេចវេះ​ពី​ការ​នៅក្បែរ​គ្នា ដែល​វារឹតតែ​ធ្វើឱ្យ​ខ្ញុំ​ខឹង​គាត់​កាន់តែខ្លាំង​ឡើង និង​កាចឡើង។ គាត់​ក៏​ចាប់ផ្ដើម​ឆ្ងាយទៅៗ ពេលនោះ​គិតថា មិនយូរ​ទេ​ជីវិត​គូរ​បស់​យើង​នឹង​ដួលរលំ​មិន​ខាន…។

លុះ​មកដល់​ថ្ងៃមួយ ពេល​នៅ​ម្នាក់ឯងស្ងាត់ៗ ខ្ញុំ​ក៏​នឹក​ឃើញថា ដែល​ប្រាប់​ខ្លួនឯង​ថា គាត់​ប្រែប្រួល​មិន​ដូច​មុន​នោះ ការពិតទៅ​គាត់​ប្រែប្រួល ព្រោះ​មកពី​ខ្ញុំ​ប្រែប្រួល​ខ្លួនឯង​ទេតើ! លុះ​នឹកឃើញ​ដូច្នេះហើយ ក៏​ចាប់ផ្ដើម​កែសម្រួល​ខ្លួនឯង​សាជាថ្មី ឱ្យ​ត្រឡប់​មកជា​នារី​ម្នាក់​ដែល​គាត់​ធ្លាប់​សុំ​សេចក្ដីស្នេហា និង​សុំ​រៀបការ​ជាមួយ​កាលពីមុន។ ប្លែក​មែនទែន តែ​ជា​រឿង​ពិត! គាត់​ក៏​ចាប់ផ្ដើម​ប្រែប្រួល​ត្រឡប់​ក្លាយ​មកជា​រូបគាត់​ដែល​គួរឱ្យ​ស្រឡាញ់ ដែល​ធ្លាប់​មកសុំ​សេចក្ដីស្នេហា​ពី​ខ្ញុំ​ដូច​កាលពីមុន​វិញ​ដែរ… បន្ទាប់ពី​នោះមក ខ្ញុំ​ក៏​លែង​ត្រឡប់​ទៅជា​នាង​យក្ខិនី​ទៀត ឯ​គាត់​ក៏​ត្រឡប់​មកជា​តួឯក​ដ៏​សែន​ល្អ​រហូត​តទៅ​ដូចគ្នា”។

ទាំងអស់នោះ ប្រហែល​វា​ជា​ផ្នែក​មួយ​របស់​ជីវិត​ពិត​ដែល​បាន​កើតឡើង និង​អាច​ហៅ​អតីតកាល​ដ៏​សែន​ផ្អែមល្ហែម​ឱ្យ​ត្រឡប់មក​សាជាថ្មី​វិញ​បាន តែ តើ​មាន​អ្នកណា​អាច​ដឹង​ទេ​ថា ហេតុ​អី​បាន​ពួកគេ​អាច​ហៅ​ភាព​ផ្អែមល្ហែម​របស់​ជីវិត​គូ​ឱ្យ​ត្រឡប់មកវិញ​បាន?

ចម្លើយ​ក៏​គឺ ពួកគេ​មើលឃើញ​អំពើ​ល្អ​របស់​គ្នា​ទៅវិញទៅមក ព្រោះ​នៅពេលដែល​មនុស្ស​យើង​មើលឃើញ​អំពើ​ល្អ​របស់​គ្នា​ទៅវិញទៅមក​ហើយ រឿង​អ្វី​ក៏​អាចធ្វើ​បានដែរ​សម្រាប់​ម​នុស្ស​ល្អ​ម្នាក់​នោះ គឺ​មនុស្ស​ដែល​យើង​ស្រឡាញ់…៕

Advertisement