បង្គាបំពងម្សៅស្រួយ

មុខម្ហូប បង្គាបំពងម្សៅស្រួយ ពីភោជនីយដ្ឋាន ក្តាមប្រៃ គឺពិតជាឈ្ងុយខ្លាំងណាស់ ស្រួយឆ្ងាញ់ជាប់ចិត្តតែម្តង ដូច្នេះសូមមកមើលពីរៀបធ្វើ និងគ្រឿងផ្សំជាមួយនឹងលោក ផង់ ផាន្នី មេចុងភៅធំ ប្រចាំភោជនីយដ្ឋាន ក្តាមប្រៃ ដែលមានអាសយដ្ឋាននៅ ផ្ទះលេខ41 ផ្លូវលេខ90 សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ សូមតាមដានទាំងអស់គ្នា។

គ្រឿងផ្សំ

– បង្គាស្រស់ 200ក្រាម
– ម្សៅបំពង 150ក្រាម
– ពងមាន់ (ផ្នែកក្រហម) 1គ្រាប់
– ម្សៅរ៉ូឌី 1ចុងស្លាបព្រាកាហ្វេ
– ទឹកស្អាត – អំបិល – ខ្លាញ់ កន្លះខ្ទះ
– បន្លែ : សាលាដ ការ៉ុត និងត្រសក់-ល- – ទឹកជ្រលក់ អាចជា ទឹកត្រីកោះកុង ឬ ទឹកម្ទេស

វិធីធ្វើ
ដំបូងត្រូវយកបង្គាស្រស់មកបកសម្បកចេញ និងលាងហូតយកអាចម៍ពីខ្នងរបស់វាឱ្យស្អាត រួចលាយម្សៅបំពងជាមួយនឹងទឹកស្អាត ពងមាន់ និងដាក់អំបិល និងម្សៅរ៉ូឌី កូរចូលគ្នាឱ្យសព្វ និងឡើងខាប់ល្មម។ បន្ទាប់មកយកបង្គាស្រស់ដែលបកលាងរួចនោះមកជ្រលក់នៅក្នុងល្បាយម្សៅបំពង រួចយកទៅបំពងនៅក្នុងខ្ទះ ដែលមានខ្លាញ់ក្តៅខ្លាំង រយៈពេល8នាទីឱ្យម្សៅជំុវិញបង្គាឡើងពណ៌ល្អ និងឆ្អិនបង្គាជាការស្រេច។ អ្នកអាចលម្អមុខម្ហូបនេះជាមួយនឹងសាលាដ ចំណិតការ៉ុត ឬចំណិតត្រសក់នៅលើចាន​​​ គឺកាន់តែគួរឱ្យចង់ទទួលទាន និងស្រស់ស្អាតឡើង៕

Advertisement