បាត់​ខ្លួន 7ឆ្នាំ វិស្វករ​ក្រុមហ៊ុន​ក្រដាស Double A ក្លាយជា​គ្រោងឆ្អឹង​នៅក្នុង​ឡាន​លិច​ទឹក

0

កីឡាករ​អត្ត​ព​លិ​កម្នា​ក់បាន​ទៅ​ហ្វឹកហាត់​ហែល​ទឹក​បន្ថែម​នៅក្នុង​បឹង​មួយ​នៅក្នុង​ខេត្ត ចន្ទ​ប៊ុ​រី ប្រទេស ថៃ ក៏​ស្រាប់តែ​ប្រទះឃើញ​រថយន្ត​មួយគ្រឿង​លិច​នៅក្រោម​បាត​បឹង​នោះ ក៏​រត់​ទៅប្ដឹង​ប៉ូលិស​ឱ្យមក​ពិនិត្យមើល ហើយក៏​បានដឹងថា ជា​រថយន្ត​របស់​វិស្វករ​ម្នាក់​ដែល​ធ្លាប់មាន​ការប្រកាស​តាមរក​ពី​សំណាក់​បងប្អូន​ដោយបាន​បាត់​ខ្លួន​កាលពី 7ឆ្នាំមុន និង​បាន​បាត់​ខ្លួន​ក្រោយពី​ទៅ​ជួប​គូស្នេហ៍ ហើយ​នៅក្នុង​រថយន្ត​នោះ​មាន​គ្រោងឆ្អឹង​មនុស្ស ដែល​ប៉ូលីស​សន្និដ្ឋានថា អាចជា​ការធ្វើ​អត្ថ​ឃាត។

ក្រុមមន្ត្រី​ប៉ូលិស​បាន​យក​រថយន្តស្ទូច​សណ្ដោង​ខ្នាតតូច​មួយ​ចូលមក​ស្ទូច​ស្រង់​អូស​សំណាក​រថយន្ត​ដែល​លិច​នៅក្រោម​ទឹក​នោះ​ឡើងមក គឺជា​រថយន្ត​ម៉ាក ហុងដា ស៊ី​ធី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ គ្រុង​ថេព 4327 ស្ថិតក្នុង​សភាព​មាន​ស្លែ​កាន់​ពេញ​ទាំងអស់ លិច​ក្នុង​បាត​ទឹក​បឹង​ជម្រៅ​ប្រមាណ​ជា 4ម៉ែត្រ ឆ្ងាយ​ពី​មាត់ច្រាំង​ប្រមាណ​ជា 20ម៉ែត្រ។

ក្រុមប៉ូលិស​បាន​ខំព្យាយាម​ស្រង់​ឡើង​ប្រហែល​ជាជាង 1ម៉ោង​ទម្រាំ​ស្រង់ និង​អូស​រថយន្ត​នោះ​ឡើងមក​លើគោក​បាន។ នៅពេលដែល​នាំមក​ដល់​លើគោក​ហើយ ភ្លាមៗនោះ​ក្រុមប៉ូលិស​បាន​ប្រទះឃើញ​គ្រោងឆ្អឹង​មនុស្ស​ធ្លា​ក់នៅ​រាយប៉ាយ​លើ​ពូក​កៅអី​ខាង​អ្នកបើក និង​លើ​កម្រាល​ក្នុង​រថយន្ត។

រថយន្ត​នោះ​ស្ថិតក្នុង​សភាព​ចំហ​កញ្ចក់​ខាង​អ្នកបើក ដោយមាន​កូនសោ​ដោត​ជាប់​នៅ​កន្លែង​បញ្ឆេះ​ក្នុង​ទីតាំង on ចំណែក​ចង្កឹះ​លេខ​ស្ថិតក្នុង​ទីតាំង D3។ នៅលើ​កម្រាល​ក្រោម​កៅអី​អ្នកបើក ឃើញ​មាន​ដប​ថ្នាំ​សម្លាប់សត្វ​ល្អិត​មួយ និង​មាន​ដប​ទឹក​សុទ្ធ​មួយ​នៅលើ​កៅអី​អ្នកបើក។

ទូទាំង​ផ្ទៃ​រថយន្ត​មាន​កំណក​ស្លែ​កាន់​ពេញ​នោះ​ទាំងអស់ ក្រៅពីនោះ ក្រុមប៉ូលិស​នៅបាន​រកឃើញ​មាន​កាបូប​លុយ​មួយ​ស្ថិតនៅលើ​ពូក​កៅអី​ខាងក្រោយ ពិនិត្យមើល​ខាងក្នុង​កាបូប​ឃើញ​មាន​អត្តសញ្ញាណប័ណ្ណ​ឈ្មោះ លោក រឿងឫទ្ធិ ជិត​ថូ រស់នៅ​ខេត្ត ខន​គែន ដែល​ប៉ូលិស​សន្និដ្ឋានថា ជា​របស់​ជនរងគ្រោះ។

ក្រុមមន្ត្រី​បាន​ពិនិត្យ​វត្ថុតាង​ទាំងអស់នោះ និង​គ្រោងឆ្អឹង ដោយ​រកឃើញថា បំណែក​ឆ្អឹងធំៗនៅសល់​សឹងតែ​គ្រប់​ទាំងអស់ និង​គ្មាន​ស្លាកស្នាម​នៃ​ការ​វាយ​ធ្វើបាប​ណាមួយ​ឡើយ។

តម​ក មន្ត្រីប៉ូលិស​បានធ្វើការ​ពិនិត្យ​ស្លាក​លេខ​រថយន្ត និង​បានដឹងថា រថយន្ត​មួយគ្រឿង​នោះ​ត្រូវបាន​គេ​ប្រកាស​ស្វែងរក​ព្រមជាមួយ​មនុស្ស​ម្នាក់​ឈ្មោះ រឿងឫទ្ធិ ជិត​ថូ ឬ​ឈ្មោះ​ហៅ​ក្រៅ​ថា កុប កាលពី​ថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2011 ឬ 7ឆ្នាំ​មកហើយ ដោយ​ឈ្មោះ រឿងឫទ្ធិ​នេះ​បាន​បាត់​ខ្លួន​ពេលធ្វើ​ដំណើរ​ទៅ​ជួប​គូស្នេហ៍​នៅឯ​ខេត្ត ចន្ទ​ប៊ុ​រី និង​តាម​ការស្រាវជ្រាវ​បានឱ្យដឹង​ទៀតថា ជនរងគ្រោះ​គឺជា​វិស្វករ ធ្វើការ​នៅក្នុង​ក្រុមហ៊ុន ដាប់​ប៊​ល អេ ច្រើន​ឆ្នាំ​មកហើយ៕

ចែករំលែក