ស្ត្រី​អតីត​សង្សារ​វិស្វករ​រោងចក្រ​ក្រដាស ​Double A ទ្រហោយំ​ហ៊ូ ពេល​ដឹងថា សង្សារ​ធ្វើ​អត្ថ​ឃាត

July 13, 2018​ ម៉ោង 9:04 am

ក្លាយជា​រឿង​ដែល​ប្រជាពលរដ្ឋ​ថៃ​កំពុង​ចាប់អារម្មណ៍​ខ្លាំង​បំផុត ករណី​លោក រឿងឫទ្ធិ ជិត​ថូ ឈ្មោះ​ក្រៅ​ថា កុប វិស្វករ​រោងចក្រ​ក្រដាស​ល្បីឈ្មោះ​ដែល​នៅសុខៗស្រាប់តែ​បាត់​ខ្លួន​សូន្យឈឹង​យ៉ាង​អាថ៌កំបាំង និង​មករក​ឃើញ​ម្ដងទៀត​ក្រោយពី​ពេលវេលា​កន្លងផុតទៅ 7ឆ្នាំ​នៅក្នុង​បាត​បឹង​មួយ​ក្នុង​ខេត្ត​ចន្ទ​ប៊ុ​រី​ដែលមាន​ជម្រៅ​ជិត 6ម៉ែត្រ ទំហំ​ធំ​ដល់​ទៅ​ជាង 10ហិកតា ដូចដែល ឡា​រ៉ែ​ន​ បាន​ជម្រាបជូន​កាលពី​ម្សិលមិញ​ម្ដង​រួចមកហើយ។

យ៉ាងណាក៏ដោយ សម្រាប់​ព័ត៌មានថ្មីៗដែល ឡា​រ៉ែ​ន ​ទើប​ទទួលបាន​គឺមាន​ដូចតទៅ៖

លោក​វរសេនីយទោ ពី​ទិ ផានិត អធិការ​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​មឿង ខេត្ត​ចន្ទ​ប៊ុ​រី បាន​បង្ហើប​ឱ្យដឹងថា ពេលនេះ​យើង​បាន​ទាក់ទង​ទៅខាង​សាច់ញាតិ​របស់​ជនរ​គ្រោះ​ដែល​នៅឯ​ខេត្ត​ខន​គែន​នោះ​ហើយ និង​ថែមទាំង​បាន​ទាក់ទង​ទៅ​អតីត​គូសង្សារ​របស់​ជនរងគ្រោះ​ទៀតផង ជាបឋម យើង​បានដឹងថា នាង​ជា​សាស្ត្រាចារ្យ បង្រៀន​នៅ​មហាវិទ្យាល័យ​មួយ​ក្នុង​ខេត្ត​ចន្ទ​ប៊ុ​រី​នេះឯង។

«ទាំងពីរ​នាក់​ជា​គូស្នេហ៍​នឹង​គ្នា​តាំងពី​ពួកគេ​នៅ​រៀន​ឯ​វិទ្យាល័យ​ក្នុង​ខេត្ត​ខន​គែន​ជាមួយគ្នា​ម្ល៉េះ លុះ​ពួកគេ​ទាំងពីរ​រៀន​ចប់ ខាង​ស្រី​ក៏បាន​ទៅ​រៀន​បន្ត​យក​បរិ​ញ្ញា​ទោ រហូតមក​បានការ​ងា​រ​ធ្វើ​នៅក្នុង​មហាវិទ្យាល័យ​មួយ​ក្នុង​ខេត្ត ចន្ទ​ប៊ុ​រី ចំណែក​ខាង​ប្រុស​ក៏បាន​ធ្វើការ​នៅឯ​ក្រុមហ៊ុន​ក្រដាស​នៅឯ​ខេត្ត ប្រា​ជីន​ប៊ុ​រី ធ្វើឱ្យ​អ្នក​ទាំងពីរ​មាន​ពេល​ជួបគ្នា​មួយខែ​បានតែ​ម្ដង​ប៉ុណ្ណោះ»

រហូតមកដល់​ថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2010 ជនរងគ្រោះ​បាន​មករក​គូស្នេហ៍​នៅ​ខេត្ត​ចន្ទ​ប៊ុ​រី វេលា​ម៉ោង​ប្រមាណ​ជា 3រសៀល តែ​គូស្នេហ៍​កំពុង​ជាប់​បង្រៀន​សិស្ស ក៏បាន​ចុះមក​ជជែក​គ្នា ដោយ​ខាង​ប្រុស​បាន​ប្រាប់ថា គេ​កំពុង​ពិបាកចិត្ត​ក្នុង​រឿង​ការងារ​ខ្លាំងណាស់ ដោយមាន​បញ្ហា​ជាមួយ​អ្នកធ្វើការ​ជាមួយគ្នា និង​ចង់​ឈប់​ធ្វើការ។ គូស្នេហ៍​ក៏​ផ្ដល់​កម្លាំងចិត្ត និង​ចង់ឱ្យ​តស៊ូ​បន្តិចទៀត។ បន្ទាប់ពីនោះ​គូស្នេហ៍​ក៏​ឱ្យ​កូនសោ​បន្ទប់​ខុន​ដូ​របស់ខ្លួន​ទៅ​សង្សារ​ដើម្បី​ឱ្យទៅ​សម្រាក​នៅ​បន្ទប់​របស់ខ្លួន​សិន។

បន្ទាប់ពីនោះ នៅ​ម៉ោង​ប្រមាណ​ជា 8យប់ គូស្នេហ៍​ចប់​ពី​ការងារ និង​បាន​ត្រឡប់មក​បន្ទប់​របស់​ខ្លួន តែ​មិនបាន​ជួប​គូសង្សារ​ទេ ឃើញតែ​ទូរស័ព្ទដៃ​របស់គេ​ប៉ុណ្ណោះ ទើប​គិតថា ប្រហែលជា​ទៅ​អង្គុយ​ញ៉ាំ​ស្រា​នៅក្នុង​ហាង​ណាមួយ​ហើយ។ លុះ​រង់ចាំ​រហូត​ដល់ក​ណ្ដា​ល​អធ្រាត្រ​ហើយ​នៅតែ​មិនឃើញ​មក ក៏បាន​ចុច​ទូរស័ព្ទ​របស់​គូសង្សារ​រកមើល​លេខ​ដែល​គេ​បាន​ទាក់ទង និង​បាន​ទូរស័ព្ទ​ទៅរក​អ្នក​ដែល​សង្សារ​បាន​ទូរស័ព្ទ​ទៅរក​ក្រោយ​គេ​បំផុត តែ​ក៏​មិនបាន​ទទួលដំណឹង​អ្វី​ដែរ ទើប​ទូរស័ព្ទ​ប្រាប់​រឿងនេះ​ទៅ​សាច់ញាតិ​របស់​សង្សារ និង​បាន​ប្ដឹង​ប៉ូលិស​អំពី​ការបាត់​ខ្លួន​គូសង្សារ​នេះ​ផងដែរ។

លោកស្នងការ​រង​បាន​រៀបរាប់​ទៀតថា រហូតមកដល់​ថ្ងៃ​ម្សិលមិញ មាន​អ្នក​កីឡាហែលទឹក​ម្នាក់​បាន​ប្រទះឃើញ​រថយន្ត​នោះ​លិច​នៅក្នុង​ទឹក​បឹង ហើយ​បាន​ប្ដឹង​មក​ខាង​ប៉ូលិស ទើបបាន​ជួបនឹង​រឿងហេតុ​ដូច​កាលពី​ម្សិលមិញ។ បន្ទាប់ពី​បាន​ត្រួតពិនិត្យ​ស្រាវជ្រាវ​តាម​ស្លាក​លេខ​រថយន្ត​នោះ​រួចហើយ​ទើបបាន​ដឹងថា រថយន្ត​នេះ​ជា​របស់​គូស្នេហ៍ (ខាង​ស្រី) របស់​ជនរងគ្រោះ។

«នៅក្នុង​ឡាន​មាន​កូនសោ​ដោត​ជាប់​នៅ​កន្លែង​កុងតាក់​បញ្ឆេះ ឃើញ​មាន​ថ្នាំ​សម្លាប់​សត្វល្អិត​មួយ​ដប​នៅក្នុង​ឡាន ចង្កឹះ​លេខ​ស្ថិតក្នុង​ទីតាំង​លេខ​D ទើប​សន្និដ្ឋានថា ប្រហែលជា​ពិបាកចិត្ត​ខ្លាំងណាស់ ហើយ​ផឹកថ្នាំ​សម្លាប់សត្វ​ល្អិត​នោះ រួច​បើកឡាន​ទម្លាក់​ចូលទៅក្នុង​ទឹក​បឹង​ធ្វើ​អត្ថ​ឃាត​តែម្ដង ហើយ​យើង​សង្កេតឃើញថា កញ្ចក់​ខាង​អ្នកបើក​បាន​បើកចំហ ដូច្នេះ​សន្និដ្ឋានថា អាច​នឹង​ចត​នៅ​មាត់បឹង​មួយស្របក់ ដើម្បី​សម្រេចចិត្ត​សិន​ក៏​អាច​ថា​បានដែរ»

រថយន្ត​របស់​ខាង​ស្រី​នេះ គឺ​ខាង​ប្រុស​បានមក​ខ្ចី​កាលពី​ពេលមុន​ហ្នឹង​ដើម្បី​បើក​ទៅធ្វើ​ការ​នៅឯ​ខេត្ត ប្រា​ជីន​ប៊ុ​រី ឯ​ថ្នាំ​សម្លាប់​សត្វល្អិត ខាង​ស្រី​បាន​អះអាងថា ខ្លួន​មិនដែល​ធ្លាប់​ទិញ​មក​ប្រើ​ទេ។

បន្ទាប់ពី​នាង​បានដឹង​ដំណឹង​នេះ​កាលពី​ម្សិលមិញ នាង​បាន​ស្រែក​ទ្រហោយំ​ហ៊ូ​ឡើង​តែម្ដង។ នាង​បាន​រៀប​រាប់ទាំង​ខ្សឹកខ្សួល អណ្ដឺតអណ្ដក់​ថា នាង​គិតថា​ដែល​គូស្នេហ៍​ធ្វើ​អត្ថ​ឃាត​បែបនេះ គឺ​ព្រោះតែ​គិតថា នាង​គ្មាន​ពេលវេលា​សម្រាប់​គេ នាង​គិតថា ខ្លួនឯង​គឺជា​ដើម​ហេតុដែល​ធ្វើឱ្យ​គូសង្សារ​តូចចិត្ត​រហូតដល់​ថ្នាក់​ធ្វើ​អត្ថ​ឃាត​បែបនេះ។ នាង​បាន​ខឹ​ត​ខំ​តាមរក​រូបគេ​រហូតមក​អស់​រយៈពេល ៤ឆ្នាំ តែ​ក៏​គ្មាន​បានទទួល​ដំណឹង​អ្វី​ទាំងអស់ រហូតដល់​មិនដឹងថា​នឹង​ទៅ​តាមរក​នៅទីណា​ទៀតឡើយ។ តែ​សម្រាប់​ដំណាក់កាល​ដំបូង​នេះ ខាង​ប៉ូលិស​សន្និដ្ឋានថា មូលហេតុ​អាច​បណ្ដាលមកពី​បញ្ហា​រឿង​ការងារ​របស់​ខាង​ប្រុស​ខ្លាំង​ជាង​រឿង​ផ្សេងទៀត។

ឯ​មូល​ហេតុដែល​គ្មាន​អ្នកណា​ប្រទះឃើញ​នោះ គឺ​ព្រោះតែ​បឹង​នោះ​មាន​ជម្រៅ​ទឹក​ជ្រៅ​ខ្លាំងណាស់ ប្រមាណ​ជា 5 – 6 ម៉ែត្រ និង​ធំ​មែនទែន ហើយ​ថែមទាំង​មិនបាន​នៅក្បែរ​ផ្លូវថ្នល់​ទៀតផង ដូច្នេះហើយ​ទើប​មិនមាន​នរណា​ប្រទះឃើញ។

បើ​មាន​ព័ត៌មាន​អ្វី​ថ្មី ក្រុមការងារ​គេហទំព័រ​ឡា​រ៉ែ​ន​នឹង​យកមក​ជម្រាបជូន​ជា​បន្ត៕