បទ​វិភាគ៖ ស៊ើប​ចេញពី​សាកសព​វិស្វករ​ក្រដាស​ស្លាប់​ក្រោម​បាត​បឹង 7ឆ្នាំ 7អាថ៌កំបាំង

រកឃើញ​គ្រោងឆ្អឹង​របស់​បុរស​វិស្វករ​ក្រុមហ៊ុន​ក្រដាស​ល្បីឈ្មោះ​ដែល​ខាង​សាច់ញាតិ​បាន​ប្ដឹង​ប៉ូលិស​ថា បាត់​ខ្លួន​សូន្យឈឹង​ជាង 7ឆ្នាំ​នៅក្នុង​រថយន្ត​ដែល​លិច​នៅក្នុង​បាត​បឹង “ណង​ណា​ម​ខាវ” ដែលមាន​ជម្រៅ​ជាង 5ម៉ែត្រ នៅក្នុង​ខេត្ត​ចន្ទ​ប៊ុ​រី ដែល​ដំណាក់កាល​ដំបូង ប៉ូលិស​បាន​ប្រទះឃើញ​ដប​ថ្នាំ​សម្លាប់សត្វ​ល្អិត​នៅ​ក្នង​រថយន្ត រហូត​ធ្វើឱ្យ​អ្នកពាក់ព័ន្ធ​ទាំងឡាយ​សន្និដ្ឋាន​អំពី​មូលហេតុ​នៃ​ការស្លាប់​នេះ​ថា ប្រហែល​បណ្ដាល​ពី​ការធ្វើ​អត្ថ​ឃាត។

1 . បើកឡាន​ទម្លាក់​ចូលទៅក្នុង​បាត​បឹង​ដែលមាន​ទឹក​ជម្រៅ​ជាង 5ម៉ែត្រ។
2 . រយៈពេល 7ឆ្នាំ​ទើប​មាន​មនុស្ស​ប្រទះឃើញ។
3 . សភាព​សាកសព នៅសល់តែ​ឆ្អឹង។
4 . ដំណាក់កាល​ដំបូង រកឃើញ​មាន​ដប​ថ្នាំ​សម្លាប់​សត្វល្អិត​នៅក្នុង​រថយន្ត។
5 . មន្ត្រីប៉ូលិស​សន្និដ្ឋាន​ដំណាក់កាល​ដំបូង​ថា ជនរងគ្រោះ​ចេតនា​ធ្វើ​អត្ថ​ឃាត។

តែ​អ្វីដែល​ពិសេស​បំផុត​នោះ​គឺ…តើ​បំណែក​ឆ្អឹង​ដែល​នៅ​សេសសល់ រួមទាំង​ដប​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​ប្រទះឃើញ នឹង​នាំ​ឆ្ពោះទៅ​ការស្វែងរក​មូលហេតុ​នៃ​ការស្លាប់​ដែល​ពិតប្រាកដ​បានដែរ​ឬទេ?

ថ្ងៃនេះ គេហទំព័រ ​ឡា​រ៉ែ​ន ​សូម​នាំយក​បទ​វិភាគ​របស់​អ្នកជំនាញការ​ថៃ​ខាង​ផ្នែក​ស៊ើបអង្កេត​តាមរយៈ​សាកសព​មក​វិភាគ​យ៉ាង​ស៊ីជម្រៅ​ថា តើ​អ្វី​គឺជា​រឿង​ដែល​គួរ​បកស្រាយ​ឱ្យបាន​ច្បាស់ មុននឹង​សរុប​បញ្ចប់​រឿងក្ដី​ដែល​បាន​ប្រើពេល​វេលា​តាមរក​យូរ​រហូតដល់​ទៅ 7ឆ្នាំ​ទម្រាំ​នឹង​រកឃើញ​សាកសព​បុរសរងគ្រោះ​ដែល​បាត់​ខ្លួន​សូន្យឈឹង​យ៉ាង​គ្មាន​ដំណឹង​នេះ!។

យើង​នាំគ្នា​ទៅ​ដេញតាម​ដំណើររឿង និង​ហេតុការណ៍​ម្ដង​មួយជំហានៗតាម​ដែល​ប្រភពព័ត៌មាន​អ្នកជំនាញការ​ផ្នែក ស៊ើបអង្កេត​តាមរយៈ​សាកសព​ទាំងអស់គ្នា​ដូចតទៅ…។

ចំណុច​ដំបូងៈ ការដែល​រថយន្ត​រប​ស់ជន​រងគ្រោះ​ធ្លាក់​ចូលទៅ​នៅក្នុង​បាត​បឹង​ដែលមាន​ទឹក​ជ្រៅ​បែប​នោះបាន ក្នុងអំឡុង​ពេលដែល​កើតហេតុថ្មីៗ កាលពី 7ឆ្នាំមុន​នោះ វា​ត្រូវតែមាន​នៅសល់​ស្នាម​កង់​រថយន្ត​បង្ហាញឱ្យឃើញខ្លះៗមិន​ខាន ជាពិសេស​បំផុត​សភាព​នៅ​កន្លែងកើតហេតុ​ជាដើម។ ក្រៅពីនេះ​រថយន្ត​ដែល​ធ្លាក់ចូល​ទៅក្នុង​ទឹកថ្មីៗ អំឡុងពេលដំបូងៗ វា​នឹង​បង្ហាញឡើង​នូវ​កំណកប្រេង​ម៉ាស៊ីន​ដែល​អណ្តែត​ឡើង​មកលើ​ផ្ទៃ​ទឹក ដែល​តាម​ដែល​បានដឹង​មក ចំណុចកើតហេតុ​នោះ​ស្ថិត​នៅក្បែរ​ស្ថាប័ន​រាជការ​មួយទៀត​ផង។

សំណួរ​ដែល​សំខាន់​គឺ…តើ​វា​អត់​មាន​នរណាម្នាក់​សង្កេតឃើញ​សោះតែ​ម្ដង​ឬ?

ខ្នាត​មនុស្ស​យើង​ដើរ​លុយ​វាលស្មៅ​ចូលទៅ វា​នៅមាន​បន្សល់​ស្នាម​ផ្លូវ​ដើរ​ដែល​អាច​សង្កេតឃើញ​បាន ចុះ​ករណីនេះ រថយន្ត​មួយគ្រឿង​ទាំងមូល?!? ហេតុ​អី​ក៏…។

ក្រៅពីនេះ តើ​ជម្រៅ​ទឹក​នៅក្នុង​បឹង​នៅមាន​កម្ពស់​ស្មើ​រហូត ឬ​មានការ​ប្រែប្រួល​ដែរឬទេ ក្នុងអំឡុង​រយៈពេល 7ឆ្នាំកន្លងមក? តើ​វា​មិនមាន​អំឡុងពេល​ណាមួយ​សោះតែ​ម្ដង​ឬ ដែល​កម្ពស់​ទឹក​ក្នុង​បឹង​មិន​ស្រក​ចុះ​ដល់​កម្រិត​ទាប​បំផុត​រហូត​សង្កេតឃើញ​រថយន្ត​ដែល​លិច​នោះ? ជាពិសេស​ក្នុង​រដូវក្ដៅ​ហួតហែង?!។

ខណៈពេល​ជាមួយគ្នា តើ​វា​គួរ​ដែរឬទេ ដែល​ត្រូវតែមាន​ការធ្វើ​ត្រាប់​ហេតុការណ៍​នៃ​ថ្ងៃ​ដែល​រថយន្ត​ធ្លាក់ចូល​ទៅក្នុង​ទឹក​បឹង​នោះ​សា​ឡើងវិញ ដើម្បី​ពិនិត្យមើល​ពី​ល្បឿន​របស់​រថយន្ត​ក្នុង​ថ្ងៃកើតហេតុ​នោះ​ថា តើ​វា​រត់​ចុះ​ទៅដោយ​ល្បឿន​ប៉ុន្មាន? ព្រោះ​ល្បឿន​របស់​រថយន្ត ជា​អ្វីដែល​អាច​បញ្ជាក់បាន​ថា តើ​វា​ជា​ឧប្បត្តិហេតុ​គ្រោះថ្នាក់ ឬ​ចេតនា​ធ្វើ​អត្ថ​ឃាត?

ចំណុច​ទី2 : DNA ពី​ឆ្អឹង​ដែល​ប្រទះឃើញ​នៅក្នុង​រថយន្ត ដើម្បី​បញ្ជាក់​ពី​តួ​បុគ្គល។ សួរថា តើ​ត្រួតពិនិត្យបាន​ឬទេ? តាម​ទ្រឹស្ដី​គឺ ពិនិត្យ​បាន! តែ​ភាពលំបាក ឬ​ស្រួល វា​អាស្រ័យ​លើ​ភាព​រលួយ​ស្អុយ​របស់​ឆ្អឹង។ បើសិន​បណ្ដូល​ឆ្អឹង​ផ្នែក​ខាងក្នុង​នៅ​ល្អ ការពិនិត្យ​ DNA វា​នឹង​បង្ហាញឡើង។ នៅពេល​បាន​លទ្ធផល​ហើយ សឹម​ទៅ​តាមរក​លក្ខណៈ​បុគ្គល​មក​ប្រៀបធៀប​តាមរយៈ​មនុស្ស​ក្នុង​ក្រុមគ្រួសារ​ដើម្បី​អះអាងថា ពិតជា​អ្នកស្លាប់​នោះ​មែន!។

ចំណុច​ទី3 : នៅពេល​មើលឃើញថា កញ្ចក់​រថយន្ត​បាន​បើកចំហ​ចោល សំណួរ​ដែល​គួរតែ​កើតមាន​តាម​មក​នោះ​គឺ តើ​វា​អាចទៅរួច​ដែរឬទេ​ថា កម្ទេច ឬ​បំណែក​របស់​សាកសព​មួយចំនួន វា​គួរតែ​អណ្ដែត​ឡើងមក​មុន​ហ្នឹង​ដែរឬទេ? ព្រោះ​សាកសព​ពេលដែល​វា​ស្អុយរលួយ​ពេញទំហឹង វា​នឹង​ហើម ហើយ​មាន​សម្ពាធ​រុញ​ឡើង​ខ្លាំង។

ចំណុច​ទី4 : ឆ្អឹង​ដែល​នៅ​សេសសល់​នោះ តើ​មាន​ច្រើន​គ្រប់គ្រាន់​សម្រាប់​ត​ភ្ជាប់​ទៅដល់​មូលហេតុ​នៃ​ការស្លាប់​បាន​ឬទេ? ដូចជា បើ​ត្រូវ​បាញ់សម្លាប់ ត្រូវ​ចាក់​សម្លាប់ ស្លាកស្នាម​ដែល​ប្រទះឃើញ​នៅក្នុង​គ្រោងឆ្អឹង​នោះ វា​នឹង​បញ្ជាក់ប្រាប់​បាន តែ​បើសិនជា​ការស្លាប់​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការធ្វើឱ្យ​បាក់ឆ្អឹង…ដូចជា ផឹកថ្នាំ​សម្លាប់​សត្វល្អិត​ធ្វើ​អត្ថ​ឃាត ត្រូវ​ច្របាច់ក ត្រូវ​រឹត​ក ឬ​ត្រូវ​ខ្សែភ្លើង​ឆក់-ល- បែបនេះ…ទើប​ឆ្អឹង​ដែល​ប្រទះឃើញ វា​មិនអាច​ផ្ដល់​ចម្លើយ​អំពី​មូលហេតុ​នៃ​ការស្លាប់​ដែល​ពិតប្រាកដ​បានឡើយ។

ចំណុច​ទី5 : ការរកឃើញ​ដប​ថ្នាំ​សម្លាប់​សត្វល្អិត​នៅក្នុង​រថយន្ត​ដែល​កើតហេតុ ចំពោះ​ការយល់ឃើញ​ផ្ទាល់ខ្លួន វា​គ្រាន់តែ​ជា​ហេតុផល​បន្ទាប់បន្សំ​មួយ​ប៉ុណ្ណោះ ព្រោះ​វា​អាច​គ្រាន់តែ​ជា​វត្ថុ​មួយ​ដែល​ប្រទះឃើញ​នៅក្នុង​រថយន្ត​ទូទៅ តែ​បើសិនជា​សួរថា តើ​វា​ជា​ចំណុច​ដែល​ធ្វើឱ្យ​អាច​អះអាង​ពី​មូលហេតុ​នៃ​ការស្លាប់​បាន​ឬទេ​នោះ?  ជា​ផ្ទាល់ខ្លួន​យល់ឃើញថា ដូចជា​មិនអាច​ទេ!។

នោះ​ដោយសារតែ…ការផឹក​ថ្នាំពុល​សម្លាប់​ខ្លួន វា​ស្លាប់​ដោយសារ​ថ្នាំពុល​បញ្ចេញ​ឥទ្ធិពល​ឆាប់រហ័ស ធ្វើឱ្យ​ប្រព័ន្ធ​បេះដូង​លែង​ធ្វើការ ថ្លើម​គាំង ប្រព័ន្ធ​ដង្ហើម​លែង​ធ្វើការ ដូច្នេះ​ការពិសោធ​ចំពោះ​រឿងនេះ ត្រូវតែ​ពិនិត្យមើល​អវយវៈ​ខាងក្នុង​ទាំងអស់នោះ តែ​ក្នុងករណីនេះ អវយវៈ​ដែល​អាច​បញ្ជាក់ប្រាប់​បាន​នោះ វា​លែងមាន​នៅសល់​អស់​ទៅហើយ!។

ចំណុច​ទី6 : ឆ្អឹង​ដែល​ប្រទះឃើញ​ទាំងនោះ វា​លិច​នៅក្នុង​ទឹក​អស់​រយៈពេល​យូរ​មកហើយ បើ​អ្នកស្លាប់​នោះ​ផឹកថ្នាំ​សម្លាប់សត្វ​ល្អិត​មែន ថ្នាំ​សម្លាប់​សត្វល្អិត​នោះ វា​សាបរលាប​ទៅជា​មួយ​ទឹក​អស់ហើយ ប្រហែលជា​គ្មាន​នៅសល់​ប្រឡាក់ប្រឡូស​នៅក្នុង​ឆ្អឹង​ទៀត​យ៉ាងពិត​ប្រាកដ។

វា​មិន​ដូច​ការ​ត្រូវគេ​លួច​ដាក់​ថ្នាំពុល​សម្លាប់ ដូចជា​ការឱ្យ​ផឹក ឬ​ហូប​សារធាតុ​លោហៈ​ធ្ងន់ ដូចជា​សារធាតុ​សម្លាប់សត្វ​កណ្ដុរ​ចូលទៅក្នុង​រយៈពេល​យូរ 5 ទៅ10ឆ្នាំ​នោះទេ បែប​នោះ​យើង​អាច​ពិនិត្យ​រកឃើញ​បាន ព្រោះ​វា​នឹង​ទៅ​ប្រមូល​សន្សំ​នៅតាម​ធ្មេញ ឬ​ឆ្អឹង​របស់​អ្នកស្លាប់។

ចំណុច​សំខាន់​មួយទៀត​ដែល​ចង់​លើក​ជា​សំណួរ​ដែរនោះ​គឺ (ចំណុច​ទី7) នៅពេលដែល​បើសិនជា​ជនរងគ្រោះ​សម្រេចចិត្ត​ផឹកថ្នាំ​សម្លាប់ខ្លួន​ហើយ​នោះ ហេតុ​អី​ចាំបាច់​នៅ​ត្រូវ​បើកឡាន​ទម្លាក់​ចូលទៅក្នុង​ទឹក​ទៀត​ធ្វើ​អី…?!

ស្ដាប់​សំណួរ​នេះហើយ ចង់​និយាយថា ត្រឹមតែ​ផឹកថ្នាំ​ពុល​នោះ វា​ស្លាប់​បាត់ទៅហើយ ចាំបាច់​ទៅ​បើកឡាន​ទម្លាក់​ចូល​ទឹក​ធ្វើ​អី​ទៀត ដូច្នេះ​វា​ដូចជា​មិនសូវមាន​ហេតុ​មាន​ផល​ត្រឹមត្រូវ​ប៉ុន្មាន​សោះ?!

ដូច្នេះ តើ​វា​នឹងមាន​ភាព​អាចទៅរួច​ឬទេ​ដែលថា ការដែល​រថយន្ត​ធ្លាក់ចូល​ទៅក្នុង​ទឹក​បែប​នោះ វា​អាច​កើតឡើង​ព្រោះតែ​កើត​ឧប្បត្តិហេតុ​អ្វីមួយ ឬ​អាចមាន​អ្នកណា​ដែល​មិនមែនជា​អ្នកស្លាប់​នោះ ធ្វើឱ្យ​រថយន្ត​ធ្លាក់ចូល​ទៅក្នុង​ទឹក​ឬ​យ៉ាងណា?!

នេះ​នៅ​មិនទាន់​រាប់…ពី​រឿង​ដែល​គួរឱ្យ​ចម្លែក​ចិត្ត​មួយ​ប្រការ​ទៀត​គឺ…អូ​ខេ! នៅពេល​បើសិន​ជាមាន​ចេតនា​ចង់​បើកឡាន​ទម្លាក់​ចូលទៅក្នុង​ទឹក​បឹង​ដើម្បី​សម្លាប់ខ្លួន​ហើយ​នោះ តើ​ចាំបាច់​បើក​កញ្ចក់​ឡាន​ចោល​ធ្វើ​អី?!

ហេតុ​អី​បានជា​អ្នកស្លាប់​នោះ​គិត​អ្វីដែល​វា​ស្មគ​ស្មាញ​ដល់​ថ្នាក់​ហ្នឹង?  និយាយ​មែនទែនទៅ បើសិន​អ្នកស្លាប់​នោះ​គិតថា​ចង់​ធ្វើ​អត្ថ​ឃាត​ហើយ​នោះ ជំនួស​ឱ្យ​ការ​ប្រុង​ផឹកថ្នាំ​សម្លាប់​សត្វល្អិត ហើយ​បើកឡាន​បោះពួយ​ទម្លាក់​ចូល​ទឹក មកជា​លោតទឹក​សម្លាប់ខ្លួន​វិញ វា​មិន​ងាយស្រួល​ជាង និង​មិន​ស្មុគស្មាញ​ច្រើន​ផង​ទេ​ឬ?

ដូច្នេះ​តើ​នេះ វា​ជា​អាថ៌កំបាំង​លើ​អាថ៌កំបាំង​ដែរឬទេ? និង​ដូច្នេះ ទោះជា​ធ្វើ​អត្ថ​ឃាត អំពើ​ឃាតកម្ម ឬ​ឧប្បត្តិហេតុ​ក្ដី ក៏​មិនគួរ​ប្រញាប់​សរុប​បញ្ចប់​រឿងក្ដី​លឿន​ពេក​នោះទេ…៕

                                                                                               ប្រែ​សម្រួល​ដោយ​ ទិ​ទី​តំ​តា​តូ

Advertisement