វត្ថុតុបតែងផ្ទះបង្កើនជោគលាភ បន្ថែមសេចក្ដីសុខក្នុងគ្រួសារ

និយាយពីការរៀបចំតុបតែងផ្ទះមកច្រើនលេខហើយ ថ្ងៃនេះ ឡារ៉ែន សូមនិយាយអំពីវត្ថុ​សិរីមង្គលក្នុងការយកមកដាក់តាំងលម្អនៅក្នុងផ្ទះ ដើម្បីបង្កើនសេចក្ដីសុខ បន្ថែមលាភសំណាងឱ្យក្រុមគ្រួសារចម្រុងចម្រើនរុងរឿងវិញម្ដង។

ការជ្រើសរើសវត្ថុតុបតែងលម្អផ្ទះ ជាទូទៅច្រើនតែជ្រើសរើសតាមការនិយមចូលចិត្ត និងឡៃហ្វ៍ស្តាយល៍របស់បុគ្គលម្នាក់ៗ ឬអ្នកខ្លះអាចនឹងជ្រើសរើសតាមស្តាយល៍របស់ផ្ទះ ដើម្បីឱ្យវត្ថុតុបតែងលម្អ និងផ្ទះមើលទៅស៊ីគ្នា ខណៈពេលជាមួយគ្នា អ្នកខ្លះក៏ជ្រើសរើសក្នុងការតុប-តែងដោយការរកវត្ថុសិរីមង្គលមកដាក់តាំង ដើម្បីបង្កើនទ្រព្យ បង្កើនបារមី ទាំងតាមជំនឿដែលជឿតៗគ្នាមក និងតាមជំនឿតាមសាស្រ្តាហុង-ស៊ុយ។ អត្ថបទខាងក្រោមនេះ ឡារ៉ែន សូមណែ-នាំមិត្តអ្នកអានទៅស្គាល់វត្ថុតុបតែងផ្ទះ ដែលមិនត្រឹមតែផ្ដល់នូវភាពស្រស់ស្អាតប៉ុណ្ណោះទេតែនៅមានអត្ថន័យល្អទៀតផង ដោយវត្ថុនីមួយៗបានទទួលនូវការនិយមយកមកដាក់តាំងលម្អផ្ទះជាយូរមកហើយ ដូច្នេះតើវត្ថុតុបតែងលម្អទាំងនោះមានអត្ថន័យអ្វីបង្កប់ខ្លះនោះ សូមអានជាបន្ត។

1. តុក្កតាឆ្មាបក់ដៃ
ម៉ានេគិ នេកុ ឬឆ្មាបក់ដៃ រូបចម្លាក់ឆ្មាតុក្កតាមុខមាត់គួរឱ្យស្រឡាញ់ គឺជារឿងតំណាលបុ-រាណរបស់វត្ត Gotokuji ក្នុងប្រទេសជប៉ុន។ ជនជាតិជប៉ុនជឿថា ឆ្មាគឺជាសត្វនាំលាភសំណាងជួយទាក់ទាញអតិថិជន និងភាពមានបាន។ ជំនឿដែលថានេះ មានឥទ្ធិពលលើមនុស្សម្នាទូទាំងពិភពលោក អ្នកទេសចរដែលមានឱកាសបានទៅលេងប្រទេសជប៉ុននិយមទិញឆ្មាបក់ដៃនេះមកដាក់តាំងលម្អផ្ទះដើម្បីបង្កើនលាភសំណាង និងបារមី។ក្រៅពីរូបចម្លាក់ឆ្មាហើយ ពណ៌ និងលក្ខណៈអាកប្បកិរិយារបស់ឆ្មាបក់ដៃនៅបានប្រាប់អំពីអត្ថន័យដែលផ្សេងៗពីគ្នាទៀតផង ដូចជា ឆ្មាបក់ដៃពណ៌សនឹងនាំមកនូវសេចក្ដីសុខ ឆ្មាបក់ដៃពណ៌ខ្មៅនឹងជួយការពារការឈឺថ្កាត់ ពណ៌បៃតង និងខៀវនឹងនាំមកនូវភាពជោគជ័យលើការងារ ពណ៌ក្រហមនឹងជួយការពាររឿងអាក្រក់ចង្រៃ ពណ៌មាសនឹងនាំមកនូវភាពមានបាន និងស្ថិតស្ថេរ ពណ៌ផ្កាឈូកជួយទាក់ទាញសេចក្ដីស្រឡាញ់ឱ្យចូលមកក្បែរខ្លួន។ អ្នកណាដែលចង់បង្កើនផ្នែកណាមួយដល់ជីវិត សាកល្បងរកឆ្មាបក់ដៃតាមពណ៌នីមួយៗមកដាក់តាំងលម្អផ្ទះបាន។

2. រូបតុក្កតាក្រុមគ្រួសារ
ផ្ទះដែលកក់ក្ដៅ ជាផ្ទះដែលមានសមាជិកក្នុងក្រុមគ្រួសាររស់នៅជួបជុំគ្នា តែសម្រាប់អ្នកនៅលីវដែលចាំបាច់ត្រូវបែកគ្រួសារ និងរស់នៅក្នុងផ្ទះតែម្នាក់ឯង បើត្រូវការគូជីវិត ឬចង់ចាប់ផ្ដើមកសាងគ្រួសារថ្មីនោះ “តុក្កតាក្រុមគ្រួសារ” គឺជាវត្ថុតុបតែងផ្ទះដែលនឹងជួយជំរុញឱ្យឆាប់បានលែងនៅលីវ ព្រោះការដាក់តាំងវត្ថុតុបតែងលម្អ ដែលបង្ហាញពីអត្ថន័យទៅដល់ក្រុមគ្រួសារនឹងធ្វើឱ្យមានអារម្មណ៍កក់ក្ដៅក្នុងចិត្ត បង្ហាញពីភាពត្រៀមរួចជាស្រេចក្នុងការមានគ្រួសារ។ ថាមពលទាំងអស់នេះនឹងជំរុញឱ្យកាន់តែឆាប់បានជួបគូជីវិតខ្លាំងឡើង។ ចំណែកផ្ទះណាដែលមានក្រុមគ្រួសាររស់នៅជួបជុំគ្នាស្រាប់ហើយ រូបចម្លាក់ក្រុមគ្រួសារនៅមានន័យពីសាមគ្គីភាព និងក្ដីស្រឡាញ់យ៉ាងស្អិតល្មួតទៀតផង។

3 សត្វកុកពណ៌ផ្កាឈូក (Flamingo)
សត្វកុកពណ៌ផ្កាឈូក ជាសត្វសិរីមង្គលដែលមានអត្ថន័យល្អស្មើនឹងសត្វនាគ និងសត្វតោដែរ ជាយានជំនិះរបស់អាទិទេពនៃភាពគង់វង្ស។ ជនជាតិចិនជឿថា បើមានរូបភាព ឬរូបចម្លាក់សត្វកុកពណ៌ផ្កាឈូកនៅក្នុងផ្ទះ នឹងជួយបង្កើនឱ្យសុខភាពរឹងប៉ឹង អ្នករស់នៅក្នុងផ្ទះអាយុវែង និងអត្ថន័យមួយទៀតគឺ មានភាពចម្រើនរុងរឿង ឬព្រេងវាសនា មុខនាទីការងារទៅមុខល្អរលូន និងបង្កើនការរៀនសូត្រឱ្យល្អ។ នៅពេលចង់ជូនពរឱ្យនរណាម្នាក់មានសុខភាពអាយុយឺនយូរ គេច្រើនតែយករូបភាព ឬរូបចម្លាក់សត្វកុកពណ៌ផ្កាឈូកទៅជូនជាវត្ថុអនុស្សាវរីយ៍។

4. ត្រីមួយគូ
ទីណាខ្វះសេចក្ដីស្រឡាញ់ និងគ្មានភាពសាមគ្គី ក៏ពិបាកនឹងមានសេចក្ដីសុខបានណាស់ដូច្នេះហើយទើបបើចង់បង្កើនជោគលាភសំណាង និងសេចក្ដីសុខ ត្រូវសាងសេចក្ដីស្រឡាញ់ និងសាមគ្គីភាពជាមុនសិន។ ការរៀបចំហុងស៊ុយផ្ទះបែបចិន គេនិយមប្រើប្រើសត្វត្រីជាវត្ថុជួយបង្កើនរឿងរបស់សម្ព័ន្ធភាពក្នុងក្រុមគ្រួសារ ជាថាមពលវិជ្ជមានឱ្យសមាជិកក្នុងក្រុមគ្រួសារស្រឡាញ់ចូលចិត្តគ្នាជាធ្លុងមួយ រស់នៅរួមគ្នាយ៉ាងស្រុះស្រួលដូចត្រីដែលតែងតែអាស្រ័យនៅជាគូៗ ជាហ្វូងៗ ឆ្លុះបញ្ចាំងឱ្យឃើញពីសេចក្ដីស្រឡាញ់ដែលត្រីទាំងពីរក្បាលមានចំពោះគ្នា និងឆ្លុះបញ្ចាំងឱ្យឃើញនូវគុណតម្លៃរបស់សម្ព័ន្ធភាពរបស់មនុស្សនៅក្នុងក្រុមគ្រួសារហ្នឹងឯង៕

Advertisement