ក្មេងស្រី​បេះដូង​ដែក អៀវ “បងប្រុស​ពិការ” ទៅ​សាលារៀន​រាល់ថ្ងៃ

July 19, 2018​ ម៉ោង 1:58 pm

បើក​រឿងរ៉ាវ​ជីវិត​ដ៏​សែន​រញ្ជួយ​ចិត្ត​របស់​កុមារី ចូ ទិ​ង​សួង វ័យ 9ឆ្នាំ រស់នៅក្នុង​មណ្ឌល យូ​ន​ណាន ប៉ែក​ខាងត្បូង​របស់​ប្រទេស​ចិន។ នាង​មាន​បងប្រុស​ម្នាក់​គឺ ចូ ទិ​ង​ហ្វូ អាយុ 12ឆ្នាំ ដែល​ទោះជា​ជើង​របស់​បងប្រុស​ពិការ​ទាំងសងខាង​តាំងពី​កំណើត ធ្វើឱ្យ​មិនអាច​ដើរហើរ​បាន​ដូច​ក្មេង​ដទៃ​មែន តែ​គេ​ក៏​អាច​ទៅណា​មក​ណា​បាន​គ្រប់​ទីកន្លែង​ដែរ ព្រោះ​គេ​មាន​ប្អូនស្រី​ជាទី​ស្រឡាញ់។

ជា​រៀងរាល់ថ្ងៃ ទិ​ង​សួង​ដ៏​តូច​ល្អិត​ជា​អ្នក​មើលថែទាំ​បងប្រុស​របស់​នាង។ នាង​អៀវ​បងប្រុស​នៅលើ​ខ្នង នាំ​បងប្រុស​ដើរទៅ​សាលារៀន​រាល់ថ្ងៃ មិន​ថា​ជា​ថ្ងៃ​ដែលមាន​ភ្លៀង​ធ្លាក់ ថ្ងៃ​ក្ដៅ​ខ្លាំង ឬ​ព្រិល​ធ្លាក់ ក៏​នាង​នៅតែ​ទៅ “ទោះបី​បង​ដើរ​មិនបាន​ក៏ដោយ ក៏​មិន​អី​ដែរ រូប​ប្អូន​នឹង​ធ្វើជា​ជើងរ​បស់បង នាំ​បង​ទៅ”។

រឿងរ៉ាវ​សេចក្ដីស្រឡាញ់ និង​សម្ព័ន្ធភាព​របស់​ពីរ​នាក់​បងប្អូនតូចៗមួយគូ​នេះ ត្រូវបាន​លើក​យកមក​បកស្រាយ​នៅក្នុង​វេ​ប​សាយ ដេលី មេ​ល ដោយ​កាលពី​ពេលដែល ទិ​ង​ហ្វូ​ធំ​ឡើង ឪពុកម្ដាយ​របស់គេ​មាន​កង្វល់​យ៉ាងខ្លាំង ព្រោះថា គេ​មិនអាច​ដើរទៅ​រៀន​បាន តែ ទិ​ង​សួង​មិន​ចង់ឱ្យ​បងប្រុស​ត្រូវ​ទុកចោល​នៅផ្ទះ ទើប​នាង​តូច​ស្ម័គ្រចិត្ត​អៀវ​បងប្រុស​ទៅ​សាលារៀន​ដោយ​ខ្លួនឯង និង​តាំង​ពីថ្ងៃ​នោះមក វា​ក៏​ក្លាយជា​កិច្ចការងារ​ប្រចាំ​ថ្ងៃមួយ​របស់​នាង។

រៀងរាល់​ព្រឹក​មុន​ទៅ​សាលា ទិ​ង​សួង​តែង​ភ្ញាក់​ឡើងមក​មើលថែទាំ​បងប្រុស លប់មុខ និង​លាង​ដៃជើង​ឱ្យ​បងប្រុស ជួយ​គាត់​ស្លៀកពាក់​តុបតែង​ខ្លួន និង​បន្ទាប់ពីនោះ​ក៏ អ៊ឹ​ប! លើក​បងប្រុស​ដាក់​លើ​ខ្នង​អៀវ នាំ​ដើរទៅ​សាលារៀន។ រៀងរាល់ថ្ងៃ​វា​ប្រៀបដូចជា​ការ​ផ្សងព្រេង​នឹង​គ្រោះថ្នាក់​ដែរ ទិ​ង​សួង​ត្រូវ​ប្រយ័ត្នប្រយែង​នៅពេល​នាំ​បងប្រុស​ឆ្លងថ្នល់ និង​ថែមទាំង​ត្រូវ​ឡើងជណ្ដើរ​ជាច្រើន​កាំ​ទៀត​ទម្រាំ​នឹង​ដល់​គោលដៅ និង​មិន​ថា​ធាតុអាកាស​អាក្រក់​ប៉ុនណា​ឡើយ នាង​តូច និង​បងប្រុស​មិនដែល​ទៅដល់​សាលា​យឺត​ម៉ោង​ម្ដងណា​ឡើយ។

បងប្អូន​ពីរ​នាក់​ត្រកូល ចូ រៀន​នៅ​សាលារៀន​របស់​រដ្ឋ​ក្នុង​តំបន់ ហេ ជឺ កួ ពួកគេ​រៀន​ថ្នាក់​ជាមួយគ្នា ទើបបាន​នៅ​ជាមួយគ្នា​ជាប់​រហូត។ នៅពេល​ចេញពី​រៀន ទិ​ង​សួង​ក៏​នឹងធ្វើ​ដូច​កាលពី​ពេលព្រឹក​ដែរ គឺ​អៀវ​បងប្រុស​របស់​នាង​ត្រឡប់ទៅផ្ទះ​វិញ។ បន្ទាប់ពីនោះ ទាំងពីរ​នាក់​បងប្អូន​ក៏​នឹងធ្វើ​កិច្ចការ​ផ្ទះ និង​រំឭក​មេរៀន​ជាមួយគ្នា ដែល​នៅពេល​ធ្វើ​រួចហើយ ទិ​ង​សួង​មិនបាន​ចេញទៅ​រត់​លេង ឬ​គេង​លក់​សម្រាក​ឡើយ នាង​តូច​នៅ​ធ្វើ​ការងារ​ផ្ទះ​បន្តទៀត។

មនុស្ស​ជាច្រើន​អាច​នឹង​នឹក​ឆ្ងល់​ថា តើ​ឪពុកម្ដាយ​របស់​ពួកគេ​ទៅណា? ហេតុម្ដេច​មិន​នាំ​កូន​ទៅ​សាលារៀន? និង​ហេតុ​អី​បាន​បណ្ដោយឱ្យអ្វីៗគ្រប់យ៉ាង​ធ្លាក់​មកលើ​រូប​កូនស្រី​ដ៏​តូច​មួយ ដែលមាន​អាយុ​ត្រឹមតែ 9ឆ្នាំនេះ​ទៅវិញ?។ ចម្លើយ​ក៏​គឺ ឪពុកម្ដាយ​របស់​ពួកគេ​ទាំងពីរ ក៏​ជា​ជនពិការ​ដូចគ្នា​ដែរ ធ្វើឱ្យ​ទិ​ង​សួង​ក្លាយជា​កម្លាំង​សំខាន់​របស់​គ្រួសារ។ នាង​ធ្វើ​កិច្ចការ​គ្រប់យ៉ាង តាម​ដែល​នាង​អាច​ធ្វើបាន តាំងពី​ស្រោច​ទឹក​បន្លែ ដាក់​បាយ​ជ្រូក លាងចាន និង​ធ្វើ​ម្ហូបអាហារ​ឱ្យ​គ្រួសារ​បរិភោគ។

ចំណែក លីវ​យ៉ាន គ្រូ​នៅឯ​សាលា បាន​បង្ហើប​ឱ្យដឹងថា ខាង​សាលា​បានដឹង​អំពី​រឿងរ៉ាវ​ក្ដី​លំបាក​របស់​ពីរ​នាក់​បងប្អូន​នេះហើយ និង​បាន​ស្នើថា នឹង​រៀបចំ​រក​បន្ទប់​ស្នាក់នៅជិតៗសាលារៀន​ឱ្យ​ពួកគេ​ទាំងពីរ ដើម្បី​កុំឱ្យ​ពិបាក​ត្រូវ​ទៅមក​រៀងរាល់ថ្ងៃ​បែបនេះ និង​រីករាយ​បញ្ចុះ​ថ្លៃ​ចំណាយ​ក្នុង​ការសិក្សា​ឱ្យ​ទាំងពីរ​នាក់​ទៀតផង ហើយ​បន្ទប់​ស្នាក់នៅ​នោះ​ស្ថិតនៅ​មិន​ឆ្ងាយ​ពីសា​លា​ប៉ុន្មាន​ឡើយ ត្រឹមតែ​ប្រមាណ​ជា 500ម៉ែត្រ​ប៉ុណ្ណោះ ដែល​ធ្វើឱ្យ​ទិ​ង​សួង​នៅតែ​ត្រូវ​អៀវ​បងប្រុស​របស់​នាង​ទៅ​រៀន​ដូច​មុន​ដដែល។

ខ្ញុំ​គ្មាន​ថ្ងៃ​ទុក​គាត់​ចោល​ឱ្យនៅតែ​ម្នាក់ឯង​ជាដាច់ខាត ខ្ញុំ​នឹង​នៅតែ​ធ្វើខ្លួន​ជា​ឈើច្រត់​ឱ្យ​គាត់​រហូត​តទៅ” នាង​តូច ទិ​ង​សួង អះអាង​យ៉ាង​ម៉ឺងម៉ាត់៕

សូម​ទស្សនា​ឃ្លិប​វីដេអូ