GENTING HIGHLANDS មជ្ឈមណ្ឌលកម្សាន្តនៅប្រទេស ម៉ាឡេស៊ី មានអ្វីឱ្យរំភើបខ្លះទៅ?

ពេលនិយាយពីការទៅដើរលេងកម្សាន្តនៅប្រទេសម៉ាឡេស៊ី មណ្ឌលទេសចរណ៍ដ៏ល្បីល្បាញដែលមនុស្សជាច្រើនត្រូវតែនឹកដល់មុនគេបង្អស់នោះគឺ ហ្គេនធីង ហាយលែនដ៍ ហ្នឹងឯង តែដឹងឬទេថា តើនៅទីនោះមានកន្លែងកម្សាន្តបែបណាខ្លះ ឬមានដំណើរកម្សាន្តអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លះទៅ? តាម ឡារ៉ែន មក ថ្ងៃនេះយើងនឹងនាំទៅលុកលុយមណ្ឌលទេសចរណ៍ ហ្គេនធីង ហាយលែនដ៍ទាំងអស់គ្នា។

ហ្គេនធីង ហាយលែនដ៍ (Genting Highlands) ស្ថិតនៅក្នុងរដ្ឋ ប៉ាហាំង ដែលនៅឆ្ងាយពីទីក្រុងគូឡាឡាំពួ ប្រមាណជា51គីឡូម៉ែត្រ ដោយស្ថិតនៅលើកំពូលភ្នំដែលមានកម្ពស់ដល់ទៅ2,000ម៉ែត្រ ទើបធ្វើឱ្យទីនោះមានធាតុអាកាសត្រជាក់ និងមានអ័ព្ទពេញមួយឆ្នាំទល់មួយឆ្នាំ។ ផ្ទៃដីខាងលើមិនមែនមានតែភាពស្រស់ស្អាតរបស់ធម្មជាតិ និងទេសភាពដ៏ល្អអស្ចារ្យប៉ុណ្ណោះទេតែនៅពេញទៅដោយភាពកម្សាន្តសប្បាយដ៏ច្រើនរូបបែប ទាំងកាស៊ីណូ សណ្ឋាគារប្រណីតរោងភាពយន្ត ទីលានវាយកូនហ្គោល និងសួនកម្សាន្ត 2កន្លែងគឺ Outdoor Theme Park និង First World Indoor Theme Park រួមទាំងកិច្ចការងារកម្សាន្តផ្សេងៗទៀតជាច្រើនដែល ឡារ៉ែន នឹងប្រមូលយកមកជម្រាបជូនមិត្តអ្នកអានដូចតទៅ ៖

1. ជិះកន្ត្រកខ្សែរ៉ក Awana Skyway
ដោយសារតែ ហ្គេនធីង ហាយលែនដ៍ ស្ថិតនៅលើកំពូលភ្នំដែលមានកម្ពស់លើនីវ៉ូទឹកសមុទ្រដល់ទៅ 2,000ម៉ែត្រ ដូច្នេះហើយទើបវិធីដែលងាយស្រួលបំផុតដែលយើងនឹងឡើងទៅដល់លើនោះបានគឺ ការជិះកន្ត្រកខ្សែរ៉កហ្នឹងឯង ហើយក្នុងអំឡុងការជិះឡើងនេះ ក្រៅពីនឹងបានជក់ចិត្តលង់ទៅជាមួយធាតុអាកាសនៅលើភ្នំដែលត្រជាក់ពេញមួយរយៈពេលនៃការជិះនោះហើយ អ្នកទេសចរនៅបានទទួលបទពិសោធន៍ដ៏គួរឱ្យរំភើបញាប់ញ័រតាមរយៈទស្ស-នីយភាពរបស់ព្រៃសន្សើមដែលមានអាយុច្រើនជាង130លានឆ្នាំ ដែលស្ថិតនៅខាងក្រោមនោះទៀតផង។

2. ទីសក្ការៈអាទិទេពស័ក្តិសិទ្ធិនៃ Chin Swee Caves Temple
បើអ្នកណាមានឱកាសបានមកលេង ហ្គេនធីង ហាយលែនដ៍ ឡារ៉ែន សូមណែនាំថា គួរតែទៅគោរពសក្ការៈរូបចម្លាក់របស់ ព្រះអាចារ្យ ឈិន ស្វ៊ី ជាអាទិទេពដែលអ្នកស្រុកនៅមណ្ឌល ហ្វូ៊ចៀន ផ្ដល់នូវការគោរពបូជាយ៉ាងខ្លាំង រួមទាំងអ្នកទេសចរជនជាតិម៉ាឡេស៊ី និងជនជាតិបរទេសផងក៏និយមទៅធ្វើបុណ្យសក្ការៈជាប់ជានិច្ចដែរ។ វត្ត ឈិន ស្វ៊ី ស្ថិតនៅក្នុងព្រៃថ្មដែលមានកម្រិតកម្ពស់លើនីវ៉ូទឹកសមុទ្រដល់ទៅ4,600ហ្វ៊ីត នៅខាងក្នុងវត្តប្រកបទៅដោយចេតិយ9ជាន់បែបចិន ព្រះពុទ្ធរូបថ្មដ៏ធំ រូបចម្លាក់ម្ចាស់ម៉ែគង់ស៊ីអីុម បន្ទប់មើលទេសភាព កន្លែងប្រតិបត្តិធម៌ និងភោជនីយដ្ឋានម្ហូបបួស រួមទាំងរូបចម្លាក់ផ្សេងៗដែលតម្រៀបគ្នាជាជួរនៅតាមផ្លូវដើរលើចង្កេះភ្នំ។

3. បេះផ្លែ ស្រ្តបឺរី នៅ Strawberry Leisure Farm
កិច្ចការងារកម្សាន្តមួយក្នុងចំណោមកិច្ចការងារកម្សាន្តដែលមិនគួររំលងនៅពេលទៅលេងប្រទេសម៉ាឡេស៊ី លើភ្នំហ្គេនធីង ហាយលែនដ៍នោះគឺ ការសប្បាយជក់ចិត្តជាមួយការបេះផ្លែស្រ្តបឺរីធំៗ ពណ៌ក្រហមរលោង ផ្អែមត្រជាក់នៅក្នុង Strawberry Leisure Farm ដែលនៅខាងក្នុងកសិដ្ឋាននោះ ក្រៅពីមានផ្លែស្រ្តបឺរីឱ្យបេះ និងថតរូបទុកជាអនុស្សាវរីយ៍ហើយ ទីនេះនៅមានវត្ថុគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀតជាច្រើន មានទាំង សណ្ដែកបណ្ដុះ ឥន្ទ្រីយ និងរុក្ខជាតិក្នុងផើងពពួកដើមផ្កាអ័រគីដេដ៏ច្រើនប្រភេទ រួមទាំងហាងកាហ្វេ និងហាងលក់វត្ថុអនុស្សាវរីយ៍ដែលអនុញ្ញាតឱ្យភ្ញៀវចូលទស្សនា និងទិញយ៉ាងសប្បាយដៃ។

4. បើកពិភពមហស្ចារ្យ នៅ Cyber World First World Hotel
Genting Cyber World គឺមជ្ឈមណ្ឌលរួមនៃការកម្សាន្តដែលអាចបានជួបនៅក្នុង First World Plaza នៅលើហ្គេនធីង ហាយលែនដ៍ ដែលទីនោះនឹងបើកបម្រើសេវាកម្មពេញ24ម៉ោងតែម្ដង ក្រៅពីនេះនៅផ្ដល់សេវាកម្មអុីនធើណិតល្បឿនលឿនទៀតផង។ ភាគច្រើនអ្នកដែលមកទីនេះច្រើនតែមកលេងហ្គេម លេងក្ដារលើទឹករលករួមទាំងជក់ចិត្តដិតអារម្មណ៍ជាមួយបទពិសោធដ៏សម្បូរបែបពីវត្ថុជួយបង្កើនភាពងាយស្រួលតាមរយៈពិភពឌីជីថល ក្រៅពីនោះ នៅខាងក្នុងក៏មានសួនកម្សាន្តសម្រាប់ឱ្យក្មេងៗបានសប្បាយរីករាយផងដែរ។

ក្រៅពីទាំងអស់ខាងលើនេះហើយ ហ្គេនធីង ហាយលែនដ៍ នៅពេញទៅដោយវត្ថុជួយបង្កើនភាពងាយស្រួល និងទីកន្លែងកម្សាន្តដែលគួរឱ្យសប្បាយរីករាយជាច្រើនទៀត ដែលអាចសប្បាយបានគ្រប់ភេទគ្រប់វ័យតែម្ដង ហើយថែមទាំងស្ថិតនៅមិនឆ្ងាយពីប្រទេសរបស់យើងប៉ុន្មានឡើយ។ អ្នកណាដែលកំពុងសម្លឹងរកមើលកន្លែងដើរលេងសប្បាយទាំងគ្រួសារនៅក្រៅប្រទេសជិតៗខ្លួននោះ ទីនេះក៏ជាជម្រើសមួយដែលគួរឱ្យចាប់អារម្មណ៍ដែរ៕

Advertisement