កែប្រែ​ទម្លាប់​គ្មាន​អនាម័យ​ប្រចាំថ្ងៃ ដើម្បី​សុខភាព​ល្អ

ទម្លាប់​នៃ​ការធ្វើ​អនាម័យ​រាងកាយ​ជាប្រចាំ​ថ្ងៃ គឺជា​រឿង​ដ៏​ល្អ​បំផុត​ដែល​មនុស្ស​គ្រប់រូប​គួរតែ​ធ្វើ ក៏ប៉ុន្តែ​ទម្លាប់​មួយចំនួន​ក៏​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​វិញ​ផងដែរ ប្រសិនបើ​អ្នកអនុវត្ត​មិនបាន​ត្រឹមត្រូវ។ បើតាម​អ្នកជំនាញ​សុខភាព​ពិភពលោក​បាន​ប្រាប់​ឱ្យដឹងថា ក្រៅពី​ទម្លាប់​ធ្វើ​អនាម័យ​ខ្លួនប្រាណ មនុស្ស​ជាច្រើន​ក៏​ជាប់​នូវ​ទម្លាប់​ខ្ជិល និង​គ្មាន​អនាម័យ​ប្រចាំថ្ងៃ​ដែល​មើលរំលង ហើយ​អា​ចប​ណ្តោ​ល​ឱ្យ​គ្រោះថ្នាក់​ដល់​សុខភាព បើ​អ្នក​មិន​ព្រម​ផ្លាស់ប្តូរ។

1. ទម្លាប់​ខ្ជិល​លាងដៃ​ពេល​ចេញពី​បន្ទប់ទឹក ឬ​បង្អន់
ការលាង​សម្អាត​ដៃ គឺ​ជាម​ធ្យា​បាយ​មួយ​ដែលមាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ការពារ​ខ្លួនឯង និង​អ្នកដទៃ​កុំឱ្យ​ឆ្លង​មេរោគ។ ប៉ុន្តែ​មនុស្ស​មួយចំនួន​មិនបាន​លាង​សម្អាត​ដៃ​ត្រឹមត្រូវ​នោះទេ ដែលជា​ហេតុនាំឱ្យ​មានកា​រ​ឆ្លង​មេរោគផ្សេងៗ។ សូម​លាង​សម្អាត​ដៃ​ជាមួយនឹង​សាប៊ូ​ឱ្យបាន​ញឹកញាប់ ពេល​ចេញពី​បង្គន់​នៅផ្ទះ ឬ​បង្គន់​តាម​ទីសាធារណ:។

2. ទម្លាប់​លាងមុខ​ញឹកញាប់
ការលាង​សម្អាត​ផ្ទៃមុខ គឺ​ជាម​ធ្យា​បាយ​ដ៏​ល្អ​ក្នុងការ​កម្ចាត់​បាក់តេរី និង​កោសិកាងាប់ៗនៅលើ​ស្បែក ធ្វើឱ្យ​ស្បែក​របស់​អ្នក​ស្រស់ថ្លា​ឡើង។ ក៏ប៉ុន្តែ​ការលាង​ផ្ទៃមុខ​ច្រើន​ហួសប្រមាណ អាចធ្វើឱ្យ​ស្បែក​រលាក ដោយសារតែ​ការបាត់បង់​ជាតិ​ខ្លាញ់​នៅលើ​ស្បែក។

3. ទម្លាប់​ខ្ជិល​ងូតទឹក​ក្រោយពេល​ហាត់ប្រាណ
នៅពេល​ធ្វើ​លំ​ហាត់ប្រាណ រាងកាយ​របស់​អ្នកនឹង​បែកញើស​ច្រើន ដែលជា​ឱកាស​មួយ​នៃ​ពពួក​បាក់តេរី​តោង​នៅជាប់​នឹង​ស្បែក។ ប្រសិនបើ​អ្នក​មិនបាន​ងូតទឹក​នោះទេ គឺជា​កំហុស​ដ៏​ធំ​មួយ ព្រោះ​អ្នក​អាច​កើតមាន​បញ្ហា​ធំ​ុ​ក្លិន​ខ្លួន កន្ទួល​រមាស់ និង​បញ្ហា​ស្បែក​ឡើង​មុន​លើស្បែកជាមិនខាន។ ប៉ុន្តែ ក្រោយពេល​ធ្វើ​លំ​ហាត់ប្រាណ អ្នក​ត្រូវ​រងចាំ​រយ:ពេល15នាទី ឬ​ចាំ​ឱ្យ​ញើស​ស្ងួត​ជាមុនសិន ទើប​ងូតទឹកបាន។

4. ទម្លាប់​ប្រើ​ដៃ​ខ្ទប់មាត់​នៅពេល​កណ្តាស់
ការ​ខ្ទប់​នៅពេល​ក្អក ឬ​កណ្តាស់ ដើម្បី​ទប់​ស្តា​ត់​កុំឱ្យ​សាយភាយ​ទឹកមាត់​ដាក់​អ្នកដទៃ គឺជា​សុជីវធម៌​មួយ​ដ៏​ល្អ​បំផុត។ ប៉ុន្តែ អ្នក​មិនត្រូវ​ប្រើ​ដៃ​ខ្ទប់​នោះឡើយ ព្រោះ​អ្នក​មិនអាច​លាង​សម្អាត​ដៃ​គ្រប់ពេល​នោះទេ ដូច្នេះ​មេរោគ​វា​នឹង​វិល​មករក​រាងកាយ​រប​ស់​អ្នក​វិញ​ជាមិនខាន។ យក​ល្អ អ្នក​ត្រូវមាន​កូនកន្សែង ឬ​ក្រដាសអនាម័យ​នៅជាប់​តាម​ខ្លួន ដើម្បី​ប្រើប្រាស់​នៅពេល​មាន​បញ្ហា​កណ្តាស់ ឬ​ក្អក។

5. ទម្លាប់​ប្រើ​ច្រាស់​ដុសធ្មេញ​សើម
ការប្រើប្រាស់​ច្រាស់​ដុសធ្មេញ​សើមមិនមែនជា​រឿង​ល្អ​សម្រាប់​សុខភាព​នោះទេ ព្រោះ​សំណើម គឺ​ជាទី​ជំរក​ដ៏​ល្អ​បំផុត​សម្រាប់​ពពួក​បាក់តេរី​ក្នុងការ​បង្កាត់​ពូជ ហើយ​បាក់តេរី​ទាំងនេះ​នឹង​ចូលទៅក្នុង​មាត់ ដែល​បង្កឱ្យមាន​បញ្ហា​ធ្មេញ និង​អញ្ចាញធ្មេញ។ វិធី​ដ៏​ល្អ​បំផុត អ្នក​ត្រូវ​ទុក​ច្រាល​ដុសធ្មេញ នៅ​កន្លែង​ដែលមាន​ខ្យល់អាកាស​ចេញចូល​បានល្អ ដើម្បីឱ្យ​ច្រាស់​ស្ងួត ហើយ​រៀងរាល់​រយ:ពេល​ពី3ទៅ6ខែ គួរតែ​ដូរ​ច្រាស់​ថ្មី​ចេញ​ម្តង។

6. ទម្លាប់​ប្រើ​សំឡី​ត្បាល់​ត្រចៀក
ជាធម្មតា អ្នក​តែងតែមាន​ទម្លាប់​ប្រើប្រាស់​សំឡី​ត្បាល់​ត្រចៀក ដើម្បី​សម្អាត​កាកសំណល់ផ្សេងៗចេញពី​រន្ធ​ត្រចៀក។ ក៏ប៉ុន្តែ​បើ​អ្នក​រុក​សំឡី​ចូលទៅក្នុង​កាន់តែខ្លាំង វា​នឹង​រុញច្រាន​អាចម៍ត្រចៀក​ចូល​កាន់តែ​ជ្រៅ​ដែរ ដូច្នេះ​ប្រសិនបើ​មាន​អាចម៍ត្រចៀក​ច្រើន គួរតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​នេះ៕

Advertisement