ខេត្តបន្ទាយមានជ័យមានអ្វីពិសេស!

August 10, 2018​ ម៉ោង 3:53 pm
0

ភាពសប្បាយរីករាយនៅក្នុងថ្ងៃឈប់សម្រាករបស់មនុស្សម្នាក់ៗគឺមិនដូចគ្នានោះទេ ​អ្នកខ្លះចង់នៅផ្ទះជួបជុំជាមួយក្រុមគ្រួសារក្នុងពេលសម្រាកពីការងារ ខណៈពេលដែលអ្នកខ្លះទៀតចូលចិត្តការធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋានក្នុងស្រុក។

បើសិនជាមិត្តអ្នកអានទាំងអស់មានពេលវេលាសម្រាកច្រើនថ្ងៃ អ្នកគួរតែលៃពេលវេលាខ្លះៗក្នុងការនាំក្រុមគ្រួសាររបស់អ្នក
ចេញទៅកម្សាន្ត នៅតាមរមណីយដ្ឋានជិតឆ្ងាយក្នុងស្រុកខ្មែរ ដើម្បីបន្ថូរអារម្មណ៍ស្មុគស្មាញពីការងារ និងដើម្បីប្តូរបរិយាកាសនៅក្នុងក្រុមគ្រួសាររបស់អ្នកផង។

ឡារ៉ែន សូមណែនាំអំពីរមណីយដ្ឋាននៅក្នុងខេត្តបន្ទាយមានជ័យទុកជាចំណងដៃសម្រាប់ថ្ងៃឈប់សម្រាក ជូនដល់ប្រិយមិត្តអ្នកអានទស្សនាវដ្តី ឡារ៉ែន ទាំអស់ដូចតទៅ។

ខេត្តបន្ទាយមានជ័យគឺជាខេត្តមួយ ដែលប្រជាជនខ្មែរយើងមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេ បើនិយាយអំពីដំណើរកម្សាន្តទៅកាន់ទីរួមខេត្តមួយនេះ តែមិនមានន័យថាខេត្តបន្ទាយមានជ័យមិនមានអ្វីល្អស្អាតសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកមកទស្សនា និងសម្រាកកម្សាន្តនាចុង សប្តាហ៍​ ឬថ្ងៃឈប់សម្រាកផ្សេងៗនោះទេ ដូច្នេះបើចង់ដឹងថាមានអ្វីខ្លះដែលពិសេសនៅក្នុងទឹកដីខេត្តបន្ទាយ
មានជ័យនោះ សូមអានអត្ថបទខាង ក្រោមជាបន្តទៀត ដើម្បីទទួលបាននូវសេចក្តីលម្អិតទាំងអស់គ្នា។

នៅក្នុងខេត្តបន្ទាយមានជ័យអ្នកអាចទៅកម្សាន្តនៅតាមរមណីយដ្ឋានជាច្រើនកន្លែង រាប់បញ្ចួលទាំងការដើរកម្សាន្តតាមបែបធម្មជាតិ និងបែបវប្បធម៌។ អ្នកក៏អាចទៅទស្សនានៅតាមបណ្តាប្រាង្គប្រាសាទនានានៅក្នុងខេត្តបន្ទាយមានជ័យមានដូចជា ប្រាសាទបន្ទាយឆ្មា ប្រាសាទបន្ទាយនាង ប្រាសាទបន្ទាយទ័ពជាដើម។ ក្រៅពីនេះ អ្នកក៏អាចឈាងទៅលេងនៅរមណីយដ្ឋានបែបធម្មជាតិ និងបែបវប្បធម៌ មួយកន្លែងទៀត ដែលមានឈ្មោះថាល្អាងភ្នំតួច។ ល្អាងភ្នំតូច ស្ថិតនៅក្នុងស្រុកសេរីសោភ័ណ។ រមណីយដ្ឋានមួយកន្លែងនេះជារមណីយដ្ឋាន ដែលមានធម្មជាតិស្រស់បំព្រងលាយឡំដោយទេសភាពនៃភ្នំតូចធំ និងផ្ទាំងថ្មធំៗជាច្រើនគួរឱ្យត្រជាក់ភ្នែកក្រៃលែង។

បើអ្នកបានទៅកម្សាន្តនៅរមណីយដ្ឋានល្អាងភ្នំតូចនេះ ចំពេលដែលប្រជាជននៅក្នុងតំបន់នេះធ្វើការប្រណាំងទូកលេងវិញនោះ អ្នកនឹងទទួលបាននូវទស្សនីយភាពប្លែក និងអាចរសាយអស់ទុក្ខកង្វល់ទាំងអំបាលម៉ានរបស់អ្នក ដោយសារតែភាពសប្បាយរីករាយ និងស្នាមញញឹមដ៏រួសរាយរាកទាក់របស់ប្រជាជននៅក្នុងតំបន់នោះផ្តល់ឱ្យអ្នក។ ប្រសិនបើមានពេលវេលាគ្រប់គ្រាន់ អ្នកអាចទៅមើលសត្វក្រៀលក្រហមទាំងហ្វូងៗ ខ្លះហោះហើរពេញផ្ទៃមេឃលាយឡំដោយពណ៌ដ៏ស្រស់ត្រកាលនៃធម្មជាតិនៅជុំវិញនោះ ឯខ្លះទៀតកំពុងប្រលែងគ្នាលេងតាមមែកឈើ និងមានខ្លះទៀតកំពុងចាប់ត្រីជាអាហារយ៉ាងខ្ញៀវខ្ញារនៅក្នុងអាងត្រពាំងថ្ម។ ពេលវេលាដ៏ល្អបំផុតក្នុងការទៅទស្សនាហ្វូងសត្វក្រៀលក្រហមយ៉ាងច្រើននេះ ហើយដើម្បីទៅដល់ទីនោះ អ្នកត្រូវធ្វើដំណើរតាមទូក
ដែលធ្វើឱ្យអ្នកទទួលអារម្មណ៍ថានេះជាពេលវេលាសម្រាកដ៏ពិតប្រាកដរបស់អ្នក។

កន្លែងកម្សាន្តនៅខេត្តបន្ទាយមានជ័យមិនទាន់បញ្ចប់ត្រឹមនេះនោះទេ អ្នកអាចទៅកម្សាន្តតាមបែបផ្សងព្រេងនៅតាមជម្រាលភ្នំ និងឡើងភ្នំជាដើម ដូចជាភ្នំបាក់, ភ្នំជញ្ជាំង, ភ្នំឈុនឈៀង និងភ្នំស្វាយ-ល-។ ហើយអ្នកក៏អាចហួសទៅទស្សនានៅកន្លែងស្មូនឆ្នាំង និងកន្លែងត្បាញសូត្រជាដើម ដើម្បីទទួលបាននូវភាពស្រស់ស្រាយសប្បាយចិត្តនៅក្នុងដំណើរកម្សាន្តនាថ្ងៃឈប់សម្រាករបស់អ្នក និងក្រុមគ្រួសារ៕

ចែករំលែក

គាំទ្រកាសែតឡារ៉ែនពាណិជ្ជ សូមជូយចុច Like & Share Facebook Page ខាងក្រោម

គាំទ្រទស្សនាវដ្ដីឡារ៉ែន សូមជូយចុច Like & Share Facebook Page ខាងក្រោម