គោលការណ៍​រើស​គូស្រករក្នុងសង្គម​យុគសម័យ​ថ្មី

កាលពី​សម័យមុន​មនុស្ស​ចាស់​តែង​ចូលមក​មាន​តួនាទី​ច្រើន​ក្នុង​រឿង​ការជ្រើសរើស​គូគ្រង​ឱ្យ​កូនចៅដោយ​អាច​នឹង​ប្រើប្រាស់​បទពិសោធ​ជីវិត​ដែល​ធ្លាប់បាន​ឆ្លងកាត់​មក​ដើម្បី​ពិចារណា​ថា តើ​បុរស ឬ​ស្ត្រី​លក្ខណៈ​យ៉ាងណា​ដែល​នៅពេល​រៀបការ និង​រួម​រស់នៅ​ជាមួយគ្នា​ហើយនឹង​ធ្វើឱ្យ​កើតមាន​សេចក្ដីសុខ​ឡើង ប៉ុន្តែ​ទំនៀមទម្លាប់​បែបនេះ​ប្រហែលជា​ពិបាក​ប្រើ​ណាស់​ក្នុងពេល​បច្ចុប្បន្ន ព្រោះថា កំលោះ​ក្រមុំ​យុគសម័យ​ថ្មី​នេះ​ក៏មាន​ឥស្សរៈ​ សេរីភាព និង​រៀន​យល់ដឹង​ក្នុង​ការចេះ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ច្រើនឡើង​ដែរ។ បើ​ឱ្យចាស់ៗជា​អ្នកចាត់ការ​រឿង​ជីវិត​អាពាហ៍ពិពាហ៍ ដែល​ទោះជាចាស់ៗបានជ្រើសរើស​យ៉ាង​ល្អល្អះ​ហើយក៏​ដោយ តែ​ដោយ​ភាពជា​មនុស្ស​សម័យថ្មី​ដែល​ត្រូវការ​មាន​ឥស្សរៈ​សេរីភាព​លើ​ជីវិត​ខ្លួនឯង​ខ្លាំង អាចធ្វើឱ្យ​មិនអាច​ថែរក្សាអារម្មណ៍ល្អៗចំពោះ​គូគ្រង​ដែលចាស់ៗជ្រើសរើស​ឱ្យ​នោះបាន​ឡើយ។

សម្រាប់​កំលោះ​ក្រមុំ… សេចក្ដីស្នេហា​គឺជា​រឿង​ដែលមាន​អត្ថន័យ​ធំធេង​ណាស់ ការសម្រេចចិត្ត​រៀបការ ក៏​គួរតែ​ឈរលើ​មូលដ្ឋាន​នៃ​សេចក្ដីស្រឡាញ់​ដែល​ពោរពេញ​ដោយ​ក្ដី​យល់ចិត្ត​យល់​ថ្លើម​គ្នា​យ៉ាងពិត​ប្រាកដ និង​ស្មោះស្ម័គ្រ ខ្លាំង​ជាង​ការសម្រេចចិត្ត​រៀបការ​ដោយ​សេចក្ដីស្នេហា​បែប​គ្រាន់តែ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នោះ។​ យ៉ាងណាក៏ដោយ មិនមែន​មានន័យថា សេចក្ដីស្នេហា​បែប​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នោះ​មិនល្អ​នោះទេ តែ​វា​ជា​ចំណុច​ដែល​ប្រុងប្រយ័ត្ន​ថា“សេចក្ដីស្នេហា​បែប​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​តែ​ម្យ៉ាង​អាច​នឹងមិន​គ្រប់គ្រាន់​ក្នុង​ការយកមក​សម្រេច​ចិត្ត​រហូត​នាំ​ឆ្ពោះទៅរក​ជីវិត​អាពាហ៍ពិពាហ៍​បានឡើយ” យើង​ត្រូវការ​ពេលវេលា​ក្នុង​ការរៀន​យល់ដឹង ស្គាល់ចិត្ត​ថ្លើម​គ្នា​ដែល​គូស្នេហ៍​ត្រូវការ​ពេលវេលា​មួយរយៈ។

គោលការណ៍​ក្នុងការ​ជ្រើសរើស​គូគ្រង
– សេចក្ដីស្នេហា​ត្រូវមាន​ភាព​ពាក់ព័ន្ធ ៈ ជា​ចំណុច​ដំបូង​ដែល​សំខាន់ យើង​គួរ​មានការ​យល់ដឹង​ក្នុង​រឿង​ស្នេហា​ដែល​ត្រឹមត្រូវ ៖ សេចក្ដីស្នេហាត្រូវមាន​ភាព​ពាក់ព័ន្ធ និង​សេចក្ដីប្រាថ្នា​ល្អ​ចំពោះ​គ្នា អារម្មណ៍​ក្នុងការ​កសាង​រឿង​ដែលល្អៗរួមគ្នាត្រូវ​សម្លឹង​មើលថា តើ​គូស្នេហ៍​របស់​យើង​ក្នុងខណៈ​នេះ​មាន​អារម្មណ៍​ចំពោះ​គ្នា​ដូចដែល​បាន​រៀបរាប់​មកនេះ​ឬទេ? ភាព​ពាក់ព័ន្ធ​នេះ​ត្រូវមាន​ច្រើន​គ្រប់គ្រាន់ ទើប​អាច​នាំ​ឆ្ពោះទៅរក​ការរស់នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ដែល​រួមសុខ​រួមទុក្ខ​រួមគ្នា​បាន។

– សិក្សា យល់ដឹង​ពីគ្នា​ទៅវិញទៅមក ៈ ការ​មក​រស់នៅ មក​បំពេញ​តួនាទី​ជា​ឪពុកម្ដាយ មាន​ភាព​ទទួលខុសត្រូវ​ខ្លាំង​ជាង​គ្រាន់តែ​ស្រឡាញ់គ្នា​ទៅទៀត។ ការរៀប​ការ​ជា​រឿង​នៃ​ការដែល​ត្រូវ​ទទួលខុសត្រូវ​រួមគ្នា ចូលមក​រួមរស់​ជាមួយគ្នាកែ​បញ្ហា​ជាមួយគ្នា មិនមែន​ត្រឹម​តែម​កនៅ​ជាមួយគ្នាធម្មតាៗនោះទេ ដូច្នេះហើយ​ទើបត្រូវ​ព្យាយាម​សិក្សា​យល់ដឹង​រវាង​គ្នា​នឹង​គ្នា សាកល្បង​រៀន​យល់ដឹង​ពី​ជីវិត និង​លក្ខណៈ​របស់​ភាគីម្ខាងៗហើយ​សាកល្បង​ពិចារណា​មើលថា តើ​អ្នក​ស្រឡាញ់​ម្នាក់​នោះ​ប៉ុនណា មាន​ភាព​យល់ចិត្ត​គ្នាច្រើន​គ្រប់គ្រាន់​ក្នុងការ​មក​រស់នៅ​រួមគ្នា​ហើយ​ឬ​នៅ? កុំ​តាំង​សេចក្ដី​សង្ឃឹមថា រៀបការ​រួចហើយអ្វីៗគ្រប់យ៉ាង​ប្រហែលជា​ល្អប្រសើរ​ឡើង​ដោយ​ឯកឯង ឬ​រៀបការ​រួចហើយ គេ​ប្រហែលជា​ផ្លាស់ប្ដូរ​ដូចដែល​យើង​ត្រូវការ​នោះ។ សុំឱ្យ​គិតថា បើសិនជា​គេ​មិន​ផ្លាស់ប្ដូរ និង​នៅតែ​ដូច​ពី​ដើម​តទៅ​រហូត​ពេញ​មួយជីវិត​អា​ពា​ហ៍ពិពាហ៍ តើ​យើង​នឹង​នៅតែ​ស្រឡាញ់​គេ ឬក៏​នៅតែ​រស់នៅ​ជាមួយ​គេ​បាន​តទៅទៀត​ដែរឬទេ?។

– ភាព​អាចទៅរួច​ក្នុង​ការរស់នៅ​រួមគ្នា ៈ ប្រការ​បន្តទៅទៀត​ដែល​ត្រូវ​ពិនិត្យមើល​គឺ ភាព​អាច​ទៅ​ជាមួយគ្នា​បាន​ក្នុង​រឿង​ចរិត​និស្ស័យ​ចិត្តគំនិតបុគ្គលភាព ឬ​សភាវ​វុឌ្ឍីរបស់ម្នាក់ៗ ព្រោះ​នៅពេល​រស់នៅ​ជាមួយគ្នា ផ្នែក​ដែល​នឹង​នៅ​ជាមួយគ្នា​មែនទែន​ក៏​គឺ ចរិត​និស្ស័យ​ចិត្តថ្លើម​របស់​ភាគី​ទាំងពីរ បុគ្គលភាព​របស់ម្នាក់។ កុំទៅ​តាំង​ក្ដី​សង្ឃឹមថា ក្រោយពី​រៀបការ​ហើយ គេ​នឹង​ផ្លាស់ប្ដូរ​ចរិត​និស្ស័យ​ដូចដែល​យើង​ត្រូវការ ឬ​អាច​នឹងមាន​ច្រើនយ៉ាង​ទៀត​ដែល​យើង​មិនទាន់​ឃើញ​ក្នុងអំឡុងពេល​នៅ​ជា​គូស្នេហ៍​នឹង​គ្នា ជាពិសេស​គូ​ដែល​ស្គាល់គ្នា​ក្នុង​រយៈពេល​ខ្លី​ត្រឹមតែ​ប៉ុន្មាន​ខែ​ក៏​រៀបការ។

– ស្ថានភាព​ជុំវិញខ្លួន​របស់​ភាគី​ទាំងពីរ ៈ ជា​រឿង​ដែល​អាច​នឹងត្រូវ​លើក​យកមក​ពិចារណា​ដែរ ដូចជា រឿង​ចំណេះដឹង និង​ការសិក្សា អាជីពស្ថានភាព​សេដ្ឋកិច្ច ឋានៈ​ខាង​សង្គម និង​វប្បធម៌។ល។ រឿង​ទាំងអស់នេះ សម្រាប់​កំលោះ​ក្រមុំ​សម័យថ្មី​អាច​នឹង​សម្លឹង​មើលថា ស្រឡាញ់​តែ​រូបគាត់​ម្នាក់​ក៏​គ្រប់គ្រាន់ អ្វីដែល​នៅ​ជុំវិញខ្លួន​គាត់​មិនចាំបាច់​ទៅ​ចាប់អារម្មណ៍​ទេ។ ការពិតទៅ រឿង​ទាំងអស់នោះ បើ​ចាប់អារម្មណ៍​បន្តិច​ក៏​ជាការ​ល្អ​ដែរ ដើម្បី​បាន​នាំ​ឆ្ពោះទៅរក​វិធី​ការកែ​បញ្ហា​រួមគ្នា​នៅ​ថ្ងៃ​ខាងមុខ​នៃ​ជីវិត​អាពាហ៍ពិពាហ៍ ដូចជា រឿង​ឋានៈ​ខាង​សង្គម​ជាដើម។ ទោះជា​ភាពខុសប្លែក​គ្នា​របស់​ឋានៈ​មិនបាន​កំណត់​ពី​ភាពជោគជ័យ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ក៏ពិតមែន តែ​ជា​ច្រើនដង អាច​នឹងត្រូវ​រង​សម្ពាធ​ពី​មនុស្ស​ជុំវិញខ្លួន ត្រូវគេ​សម្លក់សម្លឹង ត្រូវ​ទិតៀន​ជាប់​ជានិច្ច រហូត​អាចធ្វើឱ្យ​កើតក្ដី​វិតក្ក​កង្វល់ ឬ​ទើសទាល់​ក្នុង​ចិត្ត​ឡើង​បាន។ ដូច្នេះ​ចូរ​សួរ​ចិត្ត​ខ្លួនឯង​ថា តើ​មាន​ភាពរឹងមាំ ឬ​ភាព​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការកែ​បញ្ហា​នេះដែរ​ឬទេ? ឬ​ស្ថិតក្រោម​សភាវ​ដែល​ខុសប្លែកគ្នា​ខ្លាំង នឹង​នាំ​ឆ្ពោះទៅរក​ភាព​យកចិត្តទុកដាក់​ដែល​ខុសគ្នា ឬ​កើតមាន​អារម្មណ៍​ដែល​មិន​ផ្ដល់​កិត្តិយស​រវាង​គ្នា​នឹង​គ្នា អាច​នឹង​ភ្លេចខ្លួន​និយាយ​គ្នា​ចុះ​និយាយ​គ្នា​ឡើង​ក្លាយជា​ការប៉ះពាល់​គ្នា​ក៏មាន។ ដូច្នេះ​ប្រហែលជា​ត្រូវ​ផ្ដល់​កិត្តិយស​ដល់​គ្នា​ទៅវិញទៅមក អាច​នឹងត្រូវ​ព្រម​បត់បែន ឬ​ទទួលយក​តួនាទី​ខ្លះ និង​កុំភ្លេចថា ក្នុង​យុគសម័យ​ថ្មី​បែបនេះ ត្រូវ​បើក​ចិត្ត​ឱ្យ​ទូលាយ​ឡើង៕

Advertisement