វីតាមីន7ប្រភេទ ជួយឱ្យសម្រស់កាន់តែស្រស់ស្អាត

ផ្ទៃមុខ​ស្រស់ស្អាត​តែ​ម្យ៉ាង​មិន​គ្រប់គ្រាន់​ទេតែ​ស្បែក​ក៏​ត្រូវតែ​ស្អាត​ដូចគ្នា​ដែរ ហើយ​មាន​វិធី​ច្រើនណាស់ ដើម្បីឱ្យ​ស្បែក​ស្អាត ដែល​ក្នុងនោះ​មាន​ទាំង​ការ​ថែ​សម្រស់​តាមរយៈ​ការប្រើប្រាស់​ផលិតផល ការ​ជំនួយ​ស្បែក​តាមបែប​ធម្មជាតិ​ដូចជា ការ​ខាត់ ឬ​ការ​ទទួលទាន​ជាដើម។ លេខ​នេះ ឡា​រ៉ែ​ន សូម​ណែនាំ​អ្នក​ឱ្យ​ងាក​មក​ថែរក្សា​សម្រស់​តាមរយៈ​ការដាក់បញ្ចូល​វីតាមីន​វិញ​ម្តងហើយ​វីតាមីន​ទាំង7មុខនោះ​មានដូចជា៖

1. វីតាមីន A : និយាយ​ដល់​វីតាមីន A ធ្វើឱ្យ​គិតដល់​ភាព​ភ្លឺ​ថ្លា​នៃ​ភ្នែក ប៉ុន្តែ​អ្នកដឹង​ទេ​ថា​ក្រៅពី​ភ្នែក​ហើយ​នោះ​វា​ក៏​ជួយ​ថែរក្សា​ស្បែក​ផងដែរ។ បើ​អ្នកជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នកផ្សេង​ទៀត​ដែលមាន​ស្បែក​ស្ងួត​នោះ វីតាមីន A ពិតជា​ក្លាយជា​មិត្ត​ដែល​យល់ចិត្ត​អ្នក​បំផុត​ក្នុង​ការជួយ​កម្ចាត់​សភាព​ស្បែក​ស្ងួត ជួយ​ស្តារ និង​ជួសជុល​ជាលិកា​ស្បែក​ធ្វើឱ្យ​ស្បែក​រលោង​មាន​សំណើម និង​ស្រស់ស្រាយ។

2. វីតាមីន B Complex : មិន​ថា​វា​ជា វីតាមីន B1, B2, B3, B5, B6, B7, B9, ឬ​ជា B12 នោះទេ​គឺ​សុទ្ធតែ​មានគុណ​ប្រយោជន៍​សម្រាប់​សម្រស់ និង​សុខភាព​របស់​យើង​គ្រប់គ្នា។ ស្បែក សក់ ក្រចក ឈាម ភ្នែក… សុទ្ធតែ​ទទួលបាន​ប្រយោជន៍​ជាច្រើន​ពី​វីតាមីន​ទាំង​ប៉ុន្មាន​ខាងលើនេះ។ អាហារ​ដែល​សម្បូរ​ទៅដោយ​ប្រភព​វីតាមីន B ទាំងអស់នេះ ដូចជា​បន្លែ​ស្លឹក​បៃតង រុក្ខជាតិ​ពពួក​សណ្តែក និង​គ្រាប់សណ្តែកផ្សេងៗ សាច់សត្វ ត្រី ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ធញ្ញជាតិ ចេក ស៊ុត ស្រូវ និង​ស្រូវ​អូត ហើយ​វីតាមីន B ប្រភេទ​ខ្លះ​រាងកាយ​អាច​ផលិត​បាន​ដោយ​ខ្លួនឯង។

3. វីតាមីន C និង E : មាន​បញ្ហា​ស្បែក​ជ្រួញព្រោះ​ត្រូវ​កម្តៅថ្ងៃ​ខ្លាំង​មែន​ទេ? អី​ុ​ចឹ​ង សូម​ជ្រើស​យក​វីតាមីន C និង E ចុះ ព្រោះ​វា​មាន​នាទី​ជួយ​កែប​ញ្ហា​ស្បែក​ជ្រីវជ្រួញ​ដែលជា​មូលហេតុ​នាំឱ្យ​អ្នក​ចាស់​ជាង​វ័យ ជួយ​ការពារ​ស្បែក​ពី​កម្តៅថ្ងៃ បន្ថយ​ស្នាម​រលាក​រោល​ពី​កាំរស្មី UVB។

4. វីតាមីន K : សម្រាប់​អ្នក​ដែលមាន​បញ្ហា​រង្វង់​ភ្នែក​ខ្មៅ គួរ​ទទួលយក​វីតាមីន K មក​ធ្វើជា​គ្រូពេទ្យ​ព្យាបាលព្រោះ​វា​មាន​ចំណែក​ជួយ​ការពារ​កុំឱ្យ​ឈាមកក​ស្ទះ ធ្វើឱ្យ​អ្នក​អាច​កាត់បន្ថយ​ស្នាម​ខ្មៅ និង​ស្នាម​ជាំ ប៉ុន្តែ​មិនចាំបាច់​ដាក់បញ្ចូល​ទៅក្នុង​រាងកាយ​ច្រើនពេក​នោះទេ ព្រោះ​ការពិតទៅ​ពោះវៀនតូច​របស់​អ្នក​ក៏​អាចបង្កើត​វីតាមីន K ដោយ​ខ្លួនឯងបាន ដោយ​អ្នក​គ្រាន់តែ​បន្ថែម​ត្រឹមតែ100មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ តាមរយៈ​អាហារ​ពពួក​បន្លែ​ស្លឹក​បៃតង(ជាពិសេស​ស្ពៃ​ប្រ៊ូ​ខូ​លី និង​ផ្ទី) ប្រេង​សណ្តែកសៀង កា​ហេ្វ សាច់សត្វ ទឹកដោះគោ គឺ​ចាត់ទុកថា​គ្រប់គ្រាន់​ទៅហើយ។

5. រ៉ែ​ធាតុ​ទង់ដែង និង​ស័ង្កសី : សម្រាប់​អ្នក​ដែល​ខ្លាច​ភាព​ជ្រីវជ្រួញ​គួរតែ​បានទទួល​សារ​ធាតុ​ដូចជា ទង់ដែង និង​ស័ង្កសី។ វា​មាន​ចំណែក​ជួយ​ឱ្យ​ស្បែក​តឹង​ណែន ដោយសារតែ​សារធាតុ​ទង់ដែង​មាន​ចំណែក​ជួយ​ក្នុងការ​បង្កើតសរសៃទឹក​ប្រូ​តេ​អី​ុ​ន ក្នុងពេលដែល​សារធាតុ​ស័ង្កសីជួយ​ជួសជុល​សរសៃទឹក​ប្រូ​តេ​អី​ុ​ន​ដែល​សឹក​រេច​រិល កាត់បន្ថយ​ការផលិត​ជាតិខ្លាញ់ និង​កាត់បន្ថយ​ការកើត​មុន ជួយ​ពង្រឹង​ការលូតលាស់​របស់​កោសិកា និង​ព្យាបាល​មុន​ទៀតផង។

6. Q10 : ជា​ខូ​អង់​ហ្ស៊ី​ម​ដ៏​សំខាន់​ក្នុងការ​ធ្វើជា​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី ឬ​ជួយ​ការពារ​រ៉ាឌីកាល់​សេរី​ដែល​កើត​ពី​កាំរស្មី UV ធ្វើឱ្យ​ស្បែក​របស់​អ្នក​ភ្លឺ​ថ្លា បង្អង់​ភាព​ចាស់។ អាហារ​ដែលជា​ប្រភពQ10នេះ​គឺ ត្រី​សមុទ្រ​ទឹក​ជ្រៅ ប្រេងសណ្តែក ស៊ុត ត្រី​សា​ឌី​ន ត្រី​ស្បៃ​កាសណ្តែកសៀង សាច់គោ ថ្លើម និង​បេះដូង។

7. អ​ាស៊ីដ​អាល់​ហ្វា​ឡៃប៉ូ​អុីក : រាប់​ថា​ជា​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរី​កម្រិត​កំពូល​តែម្តង មិនតែប៉ុណ្ណោះ​ថែមទាំង​មាន​ចំណែក​ជួយ​ក្នុង​ការបង្កើន​ប្រសិទ្ធភាព​ដំណើរការ​របស់​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរីផ្សេងៗដូចជា វីតាមីន C វីតាមីន E គ្លុយ​តា​ថៃ​អូន ឬ Q 10 ប៉ុន្តែ​គុណ​ស​ម្ប​តិ្ត​របស់​អាស៊ីដ​អាល់​ហ្វាឡៃ​ប៉ូ​អី​ុ​ក​នោះ​អាច​រលាយ​បាន​ទាំង​ក្នុង​ទឹក និង​ខ្លាញ់ ហើយ​ថែមទាំង​អាច​ជ្រាប​ឆ្លងកាត់​ភ្នាស់​ស្រោម​កោសិកា​ចូលទៅ​បាន​ជ្រៅ​ដល់​កម្រិតជា​ភាពខុសគ្នា​ពី​សារធាតុ​ទប់ស្កាត់​រ៉ាឌីកាល់​សេរីផ្សេងៗ ដែល​ធ្វើឱ្យ​អាស៊ីដ​អាល់​ហ្វា​ឡៃ​ប៉ូ​អី​ុ​ក​ច្រើនតែ​ត្រូវបាន​គេ​នាំ​យកមកប្រើ​ដើម្បី​បំពេញ​ជំនួស។ ប្រភព​អាហារ​ដែល​សម្បូរ​ទៅដោយ​អាស៊ីដ​អាល់​ហ្វា​ឡៃ​ប៉ូ​អី​ុ​ក មានដូចជា សាច់​ក្រហម និង​គ្រឿងក្នុង។ ចំណែក​ក្នុង​បន្លែ​វិញ​មានខ្លះៗដែរ ប៉ុន្តែ​មិន​ច្រើន​ណាស់ណា​ទេ ដូចជា ដំឡូងបារាំង ការ៉ុត និង​ផ្ទី​ជាដើម។

ចាប់​ផ្តើ​ុ​ម​ងាក​មករក​វីតាមីន​ទាំង7មុខ​នេះ​ពី​ពេលនេះ​តទៅ គឺ​មានន័យថា ​អ្នកកំពុងជួយឱ្យរូបសម្រស់របស់​អ្នកកាន់តែ​ស្រស់ស្អាត​ឡើងហើយ៕

Advertisement