ល្អាងស្អាតបំផុតលើពិភពលោក 9កន្លែង ត្រូវតែទៅឱ្យបានម្ដង!

សម្រាប់អ្នកទេសចរវិញ មិនថាតែឡើងភ្នំ ឬចុះទឹកនោះទេ ពួកគេអាចទៅបានគ្រប់ទីកន្លែងមិនខ្លាចញញើតអ្វីទាំងអស់រឹតតែជាអ្នកដែលស្រឡាញ់ចូលចិត្តធម្មជាតិដែលស្រស់ស្អាត និងចម្លែកភ្នែកផងនោះ ឡារ៉ែន សូមទាយថា 9ល្អាងធម្មជាតិដែលយើងនឹងនាំយកមកជូនទស្សនានៅពេលនេះ ច្បាស់ជាធ្វើឱ្យបេះដូងរបស់ពួកគេញ័ររញ្ជួយយ៉ាងពិតប្រាកដ។

1. ល្អាងទឹកកក (Ice Cave) ប្រទេស Iceland


ឬឈ្មោះមួយទៀតហៅថា ល្អាងគ្រីស្តាល់ជាល្អាងដែលកើតឡើងនៅក្នុងបឹងទឹកកកទឹកសាប ដែលស្ថិតនៅក្នុងតំបន់ ស្កាហ្វតាហ្វេល (Skaftafell) ជាល្អាងមួយក្នុងចំណោមល្អាងទឹកកក ដែលស្អាតបំផុតក្នុងពិភពលោក និងល្បីឈ្មោះបំផុត។

2. ល្អាង បាទូ (Batu Caves) ប្រទេសម៉ាឡេស៊ី


ល្អាងថ្មកំបោរ បាទូ ស្ថិតនៅប៉ែកខាងជើងនៃទីក្រុងកួឡាឡាំពួ ដែលក្រៅពីជានិមិត្តសញ្ញារបស់រដ្ឋ សាឡាំងង៉រ ហើយនោះ ទីកន្លែងមួយនេះថែមទាំងជាវត្តអារាម និងជាកន្លែងប្រតិបត្តិពិធីខាងសាសនាហ៊ីនឌូ ហើយថែមទាំងបានទទួលការពេញនិយមពីបណ្ដាអ្នកទេសចរទូទាំងពិភពលោកទៀតផង។

3. ល្អាងគ្រីស្តាល់ (Cave of the Crystals) ប្រទេសម៉ិកស៊ិក


ស្ថិតនៅក្នុងខេត្ត ណៃកា ភាគខាងជើងនៃប្រទេសម៉ិកស៊ិក។ នៅខាងក្នុងល្អាង ត្រូវបានគេរកឃើញកំណករ៉ែ យីបសាំ ដ៏ធំអស្ចារ្យ ដែលកើតឡើងពីសារធាតុរ៉ែ ដែលរលាយដោយសារទឹកក្ដៅដែលមកពីបណ្ដុំថ្មស្អិត ម៉ែកម៉ា ដែលនៅខាងក្រោម ជ្រៅទៅក្រោមដីជម្រៅជាង300ម៉ែត្រ។

4. ល្អាងទឹកកក ក្បែរភ្នំភ្លើង (The Mutnovsky) ប្រទេសរុស្ស៊ី


ដោយសារតែល្អាងទឹកកកនេះស្ថិតនៅក្បែរភ្នំភ្លើង Mutnovsky ទើបធ្វើឱ្យកើតមានការផ្ដុំគ្នារបស់ទឹកកកកើតចេញជាក្បូរក្បាច់ និងធ្វើឱ្យទីកន្លែងនេះក្លាយជាល្អាងទឹកកកដែលមើលទៅស្អាតប្លែកភ្នែកបំផុត។

5. ល្អាង Blue Cave ប្រទេស Croatia


ឬមានឈ្មោះមួយទៀតថា Modra Spilja ស្ថិតនៅក្នុងឈូងសមុទ្រ Balun របស់កោះ Bisevo។ ភាពពិសេសរបស់ល្អាងមួយនេះ គឺ បាតុភូតឆ្លុះពន្លឺពណ៌ផ្ទៃមេឃខៀវដែលកើតឡើងក្នុងចន្លោះម៉ោង 11.00 – 12.00 ដោយសារតែពន្លឺព្រះអាទិត្យដែលចាំងចូលមកតាមចន្លោះថ្មកំបោរមករហូតកើតចេញជាពន្លឺពណ៌ផ្ទៃមេឃខៀវឡើងហ្នឹងឯង។

6. ល្អាង សុន ទុង (Son Doong) ល្អាងដែលធំបំផុតក្នុងពិភពលោក


ប្រទេសវៀតណាមស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ ហ្វុងយ៉ា-គែបាង ស្រុក បូចាក់ ខេត្ត កួងប៊ីន (Quang Binh) គេល្បីថា ជាល្អាងដែលមានភាពលំបាកបំផុត ព្រោះអ្នកទេសចរដែលទៅទីនោះត្រូវតែចេះស៊ូទ្រាំ អត់ធន់ និងមានភាពក្លាហានហ៊ានប្រថុយប្រថានខ្លាំងទើបអាចចូលទៅទស្សនាបាន។

7. ល្អាង ហ្វ៊ីងហ្កាលស៍ (Fingals Cave)


ប្រទេសស្កត់លែនដ៍ជាល្អាងដែលស្ថិតនៅក្នុងសមុទ្រ លើកោះស្តាហ្វហ្វា ខាងក្រៅឆ្នេរទិសខាងលិចរបស់ប្រទេស ស្កុតលែនដ៍។ កោះនេះមានឈ្មោះល្បីល្បាញរឿងកំណប់បុរាណ ក្នុងល្អាងមានថ្ម បៈសូលរូបរាងបួនជ្រុង មានប្រវែងខាងក្នុង 70ម៉ែត្រ និងផ្នែកខាងមុខល្អាងមានកម្ពស់ស្មើអគារ 6ជាន់ឯណោះ។

8. ល្អាងថ្លើមថ្ម (Cavernas De Marmol)


ប្រទេសឈីលីជាល្អាងដែលកើតឡើងពីចរន្តទឹកហូរដែលច្រោះដាច់រយៈពេលរាប់លានឆ្នាំ រហូតដល់ភ្នំថ្លើមថ្មកើតចេញជាគ្រោងល្អាងថ្លើមថ្មដ៏សែនស្រស់ស្អាតនេះឡើង។ ល្អាងនេះស្ថិតនៅក្នុងតំបន់បឹងទឹកសាប ការេរ៉ា នៅខាងក្នុងល្អាងនោះពេញទៅដោយទឹកថ្លាឈ្វេងស្អាតបរិសុទ្ធ ចាំងឆ្លុះពន្លឺពីផ្ទៃមេឃប៉ះនឹងផ្ទៃទឹករបស់បឹងទឹកសាបដ៏ធំបំផុតលំដាប់លេខពីររបស់ទ្វីបអាមេរិកខាងត្បូង។

9. ល្អាង ផូស្តូតណា (Postojna Cave)


ប្រទេសស្លូវេនៀ (Slovenia)​ ស្ថិតនៅក្នុងតំបន់ទីប្រជុំជន ផូស្តូតណា ជាល្អាងដែលស្អាតបំផុតក្នុងទ្វីបអឺរ៉ុប មានអាយុចំណាស់ជាង2លានឆ្នាំ និងបើកឱ្យភ្ញៀវទេសចរចូលទស្សនាតាំងពីឆ្នាំ1884 មកម្លេ៉ះ។ នៅខាងក្នុងល្អាងមានទាំងថ្មដុះឡើង និងថ្មដុះធ្លាក់សំយ៉ុង ខ្សែទឹកហូរ អាងទំនប់ទឹក ហើយថែមទាំងមាន ត្រីមនុស្ស (Human Fish) ឬ Olm វត្ថុមានជីវិតខ្នាតតូច មានសម្បុរស្បែកស្រដៀងមនុស្ស តែដងខ្លួនវែងស្រដៀងសត្វពស់ មានដៃ និងជើង ត្រូវបានរកឃើញលើកដំបូងនៅឆ្នាំ​1768៕

Advertisement