របៀបមើលថែទាំសរសៃសក់ក្នុង​រដូវវស្សា

វិធីមើលថែទាំសរសៃសក់ក្នុងរដូវភ្លៀងបែបនេះ ប្រហែលជាមិនអាចចៀសរួចទេថា មិនឱ្យសរសៃសក់របស់​អ្នក​ប៉ះ​នឹងទឹក​ភ្លៀងនោះ តែបើអ្នកស្គាល់ពីវិធីកែបញ្ហាសរសៃសក់ដែលត្រូវទឹកភ្លៀងរបស់អ្នកឱ្យត្រឡប់មកស្អាត​ដូច​ដើមវិញនោះ​គឺជាការល្អប្រសើរណាស់ មែនទេ?

ក្នុងរដូវភ្លៀងបែបនេះ អ្នកប្រហែលជាមិនអាចចៀសផុតទេ ហើយពេលត្រូវទឹកភ្លៀង សរ-សៃសក់របស់​អ្នក​​នឹងមើល​ទៅដូចជាជំពាក់វាក់-វ័ណ្តគ្នា រហូតដល់អ្នកចាំបាច់ត្រូវតែមកអង្គុយចាត់ការម៉ូដសក់ជាថ្មីយ៉ាងខាន​មិនបាន តែថ្ងៃនេះ ឡារ៉ែន មានវិធីមើលថែទាំសរសៃសក់របស់អ្នកពេលត្រូវទឹកភ្លៀងមកជម្រាបជូនដូចខាងក្រោមនេះ។

• បើអាចទៅរួច គួរប្រញាប់កក់សក់ឱ្យបានឆាប់បំផុត ព្រោះទឹកភ្លៀងដែលធ្លាក់ចុះមកនោះច្រើនតែនាំយករបស់កខ្វក់ និងមេរោគនៅក្នុងអាកាសចុះមកជាមួយដែរ ក្រៅពីធ្វើឱ្យអ្នកមិនស្រួលខ្លួនបានយ៉ាងងាយហើយនោះ នៅធ្វើឱ្យសរសៃសក់ និង​ស្បែក​ក្បាលរបស់អ្នកសើមស្អិតទៀតផង។

• បើមិនបានកក់សក់ភ្លាមៗទេនោះ អ្នកគួរយកក្រដាសអនាម័យ ឬកន្សែងពោះគោមកជូតផ្តិតលើសក់ និងស្បែក​ក្បាល​ថ្នមៗ ឬបើអ្នកណាដឹងខ្លួនថា ត្រូវប៉ះនឹងទឹកភ្លៀងជាប្រចាំនោះ ចូររកប្រដាប់ផ្លុំសក់តូចមួយមកទុកនៅក្នុង​ការិយាល័យ​ធ្វើការក៏ជាការល្អដែរ។

• បន្ទាប់ពីផ្លុំសក់រហូតស្ងួតបែបល្មមៗ​ហើយនោះ អ្នកគួរយកក្រាសដែលមានធ្មេញរង្វើលមកសិតស្រាលៗ ដើម្បីកុំឱ្យ​សរសៃ​សក់ជំពាក់គ្នា និងមិនកើតអាការរឹងច្រងាងបន្ទាប់ពីស្ងួត។

• គួរចៀសវាងការកក់សក់មុនពេលគេងទោះជាផ្លុំសក់ឱ្យស្ងួតហើយ តែក៏នៅតែមានសំណើមជាប់នៅក្នុង​សរសៃ​សក់​ដែលជាមូលហេតុមួយធ្វើឱ្យកើតអង្គែបានយ៉ាងងាយ។

• គួរជូតសក់ឱ្យស្ងួតល្មមៗបន្ទាប់ពីកក់សក់រួច ហើយប្រើផលិតផលថែបំប៉នសរសៃសក់ប្រភេទមិនបាច់លាង​ចេញ​មក​លាបពីលើសក់ដោយលើកលែងត្រង់គល់សក់ ដើម្បីការពារកុំឱ្យស្បែកក្បាលឡើងប្រេង។

• ការប្រើប្រដាប់ផ្លុំសក់ គួរសង្កត់ធ្ងន់នៅត្រង់ម្តុំគល់សក់ឱ្យស្ងួតមែនទែន ដើម្បីការពារភាពសើម និងគួរផ្លុំពីខាងលើ​ចុះ​មក​ខាង​ក្រោមដើម្បីកុំឱ្យស្រកាសក់បើក និងជួយឱ្យសក់ត្រង់រៀងគ្នាស្អាតល្អ។

• គួរអប់សក់មួយសប្តាហ៍1-2ដង ដើម្បីបំប៉នសរសៃសក់ឱ្យបានស៊ីជម្រៅ ហើយដែលសំខាន់នោះ អ្នកគួរប្រើចុង​ម្រាម​ដៃធ្វើម៉ាស្សាស្បែកក្បាលជារាងរង្វង់ឱ្យសព្វស្បែកក្បាលដើម្បីជំរុញលំហូវិលរបស់លោហិត និងជួយឱ្យការផលិតជាតិ​ប្រេង​ចេញពីឬសសក់ដំណើរការទៅយ៉ាងប្រក្រតី។

• សក់ស្ងួត ប៉ោងសំពោងបន្ទាប់ពីត្រូវទឹកភ្លៀង មានវិធីកែបែបបន្ទាន់ គឺការយកឡេលាបមុខមកលាបសក់បែបស្តើងៗ ឬសាកល្បងប្តូរទម្រង់សក់មកជាការបួង ឬចងបែបកន្ទុយសេះវិញម្តង ក៏ជាការកែបញ្ហាបែបបន្ទាន់មួយដ៏ល្អផងដែរ៕

Advertisement