វិធីការពារ និងព្យាបាលមុន

វិធីការពារងាយៗគឺ ការកម្ចាត់បញ្ហាដែលបង្កឱ្យកើតមុន និងមិនធ្វើឱ្យឡើងខ្លាញ់មុខ តាមចំណុចណែនាំដូចខាងក្រោមនេះ ៖

1. គេងឱ្យបានគ្រប់គ្រាន់ : ការគេងមិនគ្រប់គ្រាន់ អាចជាមូលហេតុបណ្ដាលឱ្យកើតមុនដូចគ្នា ដោយសារតែរាងកាយរបស់យើងទន់ខ្សោយ និងអស់កម្លាំង។

2. ធ្វើអារម្មណ៍ឱ្យរីករាយ : អារម្មណ៍រីករាយស្រស់ស្រាយ ធ្វើឱ្យអ្នកមានសេ​ចក្ដីសុខចៀសផុតពីភាពតានតឹង ដែលជាមូលហេតុបណ្ដាលឱ្យកើតមុន។

3. ទទួលទានអាហារបន្លែច្រើន : ការដែលអ្នកទទួលទានអាហារបន្លែ នឹងធ្វើឱ្យអ្នកលាងជាតិពុលចេញពីរាងកាយបានយ៉ាងល្អ និងផ្តល់វីតាមីនផ្សេងៗដល់រាងកាយរបស់អ្នកជាច្រើនព្រមទាំងជួយឱ្យរាងកាយរបស់អ្នករឹងមាំឡើង។

4. ទទួលទានអាហារដែលមានសារធាតុខ្លាញ់សមល្មម : ប្រសិនបើអ្នកទទួលទានអាហារដែលមានសារធាតុខ្លាញ់ច្រើនពេក អាចនឹងបណ្ដាលឱ្យមានជាតិខ្លាញ់ក្នុងរាងកាយច្រើនដែលជាមូលហេតុមួយទៀតនៃការកើតមុន។

5. លាងមុខឱ្យបានស្អាត : ការលាងមុខឱ្យស្អាត ធ្វើឱ្យមុខរបស់អ្នកស្អាត មិនកខ្វក់ដែលវាជាវិធីការពារមួយទៀត តែគប្បីប្រយ័ត្នបន្ដិច មិនគួរលាងមុខញឹកញាប់ពេកនោះទេព្រោះបណ្ដាលឱ្យស្បែកមុខរបស់អ្នកស្ដើង និងខូច។ ការលាងមុខ គួរលាងត្រឹមតែ2ដងនៅក្នុងមួយថ្ងៃ គឺនៅពេលព្រឹក និងពេលល្ងាច និងនៅក្នុងអំឡុងពេលលេងកីឡារួច ពេលហាត់ប្រាណរួច ឬអំឡុងពេលណាដែលអ្នកគិតថាផ្ទៃមុខរបស់អ្នកកខ្វក់ខ្លាំង។ អ្នកអាចលាងមុខបានតាមតម្រូវការ ជាមួយប្រភេទសាប៊ូដែលមិនកាត់ស្បែកមុខ មិនគួរញីដុសស្បែកមុខជាមួយសាប៊ូខ្លាំងៗពេកនោះទេ អ្នកត្រូវលាងមុខយ៉ាងថ្នមៗ។ អ្នកត្រូវលាងមុខ ចាប់ពីផ្នែកខាងក្រោមដេញទៅដល់ថ្ងាស និងស្នៀតផ្កា។ បន្ទាប់ពីដុសមុខនឹងសាប៊ូរួច អ្នកត្រូវលាងសម្អាតសាប៊ូចេញឱ្យអស់ពីផ្ទៃមុខផង។ មិនត្រូវប្រើឡេ ឬ Astringent ជូតស្បែកមុខរបស់អ្នកនោះទេលើកលែងតែមុខរបស់អ្នកមានខ្លាញ់ច្រើនតែប៉ុណ្ណោះ។ ហើយអ្នកគួរកក់សក់យ៉ាងខ្ជាប់ខ្ជួនផងដែរ ចំពោះអ្នកដែលមានសក់ក្រាស់ អ្នកគួរ កក់សក់ជារៀងរាល់ថ្ងៃ ដើម្បីការពារមេរោគចម្លងមកផ្ទៃមុខរបស់អ្នក ដែលអាចបណ្តាលឱ្យកើតមុនបាន។

6. ប្រើក្រដាសផ្ដិតខ្លាញ់ពីផ្ទៃមុខ : ប្រសិនបើមុខរបស់អ្នកមានខ្លាញ់ច្រើនពេកនោះ សូមសាកល្បងប្រើក្រដាសផ្ដិតខ្លាញ់ចេញពីផ្ទៃមុខរបស់អ្នក ក៏ជាវិធីការពារមួយដែរ។ អ្នកត្រូវផ្ដិត ឬជូតល្មមៗបានហើយ មិនគួរជូតពេញមួយថ្ងៃនោះទេ។

7. ចៀសវាងការប៉ះពាល់មុខ : ផ្ដោតអារម្មណ៍ជាមួយមុខឱ្យបានតិចតួចបំផុត ព្រោះដៃរបស់អ្នកទាំងកខ្វក់ ទាំងមានបាក់តេរី ដែលជាមូលហេតុធ្វើឱ្យកើតមុន។

8. ប្រើថ្នាំបំបាត់មុន : ប្រើប្រាស់ថ្នាំ ដើម្បីជួយបំបាត់បញ្ហាមុននៅលើផ្ទៃមុខរបស់អ្នក៕

Advertisement