បញ្ឈប់ទម្លាប់ខាំក្រចកដៃភ្លាម បើមិនចង់ឱ្យកើតបញ្ហាទាំងនេះ

ចូរក្រឡេកមកមើលទម្លាប់អាក្រក់របស់អ្នកនិយមខាំក្រចកដៃ។ តើអ្នកដឹងទេថា ក្រចក ជាកន្លែងជ្រកនៃបាក់តេរីជាច្រើនប្រភេទដែលអ្នកមិនអាចមើលឃើញនឹងភ្នែកទទេបាន។ នៅពេលក្រចកដៃមិនស្អាត មិនមានអនាម័យ ងាយប្រឡាក់ប្រលូកជាមួយវត្ថុកខ្វក់ ឬងាយចាប់កាន់វត្ថុនានានោះខណៈដែលអ្នកខាំក្រចកដៃលេង អាចធ្វើឱ្យឆ្លងបាក់តេរីចូលទៅក្នុងមាត់ និងស្បែកបាន ប្រសិនបើមានការដាច់រលាត់ស្បែក។ ការខាំក្រចកដៃមានផលប៉ះពាល់អាក្រក់ចំពោះសុខភាពរបស់អ្នកយ៉ាងខ្លាំង។ ចូរមកមើលផលប៉ះពាល់ដែលកើតឡើងចំពោះសុខភាពដូចខាងក្រោមនេះ។

1. ផលប៉ះពាល់លើស្បែកក្រចក
ទម្លាប់​ខាំ​ក្រចក​ក៏​អាច​បង្ក​ទៅ​ជា​ដំបៅ​បាន​ដែរ ប្រសិន​បើ​អ្នក​ខាំវា​ជា​ញឹក​ញាប់ជា​ពិសេស​គឺ​នៅ​ពេល​អ្នក​ខាំ​រហូត​ដល់​ដាច់​សាច់​ជុំ​វិញ​ក្រចក។ នៅ​ពេល​អ្នក​ខាំ​ក្រចក ពពួក​បាក់តេរី និង​មេរោគ​តូចៗ​ដទៃ​ទៀត នឹង​ចូល​ទៅក្នុងសាច់ក្រចក​ខាង​ក្នុង​តាម​កន្លែងដែល​ដាច់​រលាត់​ពី​ការ​ខាំ បណ្ដាល​ឱ្យហើម ឈឺ​ចាប់ និង​ឈាន​ទៅ​បង្ក​ជា​ខ្ទុះ​ផង​ក៏​មាន។ នៅ​ពេល​ស្ថាន​ភាព​ធ្ងន់ធ្ងរ ទាល់​តែ​វះកាត់​បង្ហូរ​ខ្ទុះ​នោះ​ចេញ ​ទើប​ជា​សះ​ស្បើយឡើងវិញ។ ​​​

2. ផលប៉ះពាល់ដល់មាត់
ជំងឺ​ដុះឫស​សាច់​លើ​ម្រាម​ដៃ ដែល​ខ្មែរ​យើង​និយម​ហៅ​ថា​ដុះ​ផ្លែ​សាច់ បង្ក​ឡើង​ដោយ​វីរុស​ម្យ៉ាង​ឈ្មោះ​ថា Papillomavirus (HPV) បណ្ដាល​មក​ពី​ការ​ខាំ​ក្រចក​ជា​ប្រចាំ។ការខាំក្រចកដៃមិន​ត្រឹម​តែ​​បង្កជា​ជំងឺនៅ​លើ​ម្រាម​ដៃ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​រីក​រាល​ដាល​ឆ្លង​ទៅ​មាត់ បង្ក​ជា​ជំងឺ​ពង​បែកមាត់ថែម​ទៀត​ផង។ ជា​ទូទៅ អ្នក​មាន​ជំងឺ​ពង​បែក​មាត់ តែង​គិត​ថា​បណ្ដាល​មក​ពី​ក្ដៅ​ក្នុង តែ​ធាតុ​ពិត​វា​បង្ក​មក​ពី​មេរោគ​ឆ្លង​នេះ​ឯង។

3. ផលប៉ះពាល់​ដល់​ធ្មេញ
ការ​ខាំ​ក្រចក​មិន​ត្រឹម​តែ​អាចបង្ក​ជា​ជំងឺ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​បង្កើតជាបញ្ហា​ដល់​ធ្មេញរបស់​អ្នក​ទៀត​ផង។ ពេល​ខាំ​ក្រចក​ញឹកញាប់ ធ្មេញ​របស់​អ្នកនឹងរំកិល​ខុស​ទីតាំង ខូច​រូបរាង ឬ​លែង​ស្មើ​ជួរ​ជា​ដើម។ ការ​ខាំ​ក្រចក ធ្វើ​ឱ្យ​ធ្មេញ​ខាង​លើ និង​ខាង​ក្រោម​ប៉ះ​គ្នា​ញឹក​ញាប់ និង​កកិត​គ្នា បណ្ដាល​ឱ្យសឹករិចរិលហើយ​ចុះ​ខ្សោយ​ប្រសិន​បើ​អ្នកនៅតែមាន​ទម្លាប់​ខាំក្រចក​ញឹក​ញាប់។

4. ការចម្លងបាក់តេរីបង្ករោគ
​ក្រចក​ដៃ គឺ​ជា​កន្លែង​ដែល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ជាមួយ​មេរោគ និង​ជា​ជម្រក​​របស់​មេរោគជា​ច្រើន​ប្រភេទ។ នៅ​ពេល​អ្នក​ខាំ​ក្រចក​ មេរោគ​ទាំង​នោះ​នឹង​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន​តាមរយៈ​មាត់ ដែល​អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ។ ក្រចក​មាន​ភាព​កខ្វក់​ជាង​ម្រាម​ដៃ​ដល់​ទៅ2​ដង​ឯណោះ ព្រោះ​វា​មាន​គន្លិកគន្លាក់ច្រើន ដែលជា​ទីតាំងអាច​មេរោគ​រស់​នៅ​យ៉ាង​សុខ​ស្រួល និង​ពិបាក​ក្នុង​ការ​សម្អាត។

ក្រៅ​ពី​នេះ ការ​ខាំ​ក្រចក​ក៏​អាច​បង្ក​ផល​ប៉ះ​ពាល់​មួយ​ចំនួន​ទៀត​ដូច​ជា ​ធ្វើ​ឱ្យ​អ្នក​មាន​ភាព​សោក​សៅ មាន​អារម្មណ៍​ថា​ឯកា​ផ្ដាច់​ខ្លួន​ពី​អ្នក​ដទៃ និង​បាត់​អស់​ភាព​រីករាយ​ក្នុង​ជីវិត។ លើសពី​នេះ ការ​សិក្សា​ដែល​ចុះ​ផ្សាយ​លើ​គេហទំព័រ Mercola បាន​បង្ហាញ​ផង​ដែរ​ថា ការ​ខាំ​ក្រចកថែម​ទាំង​ធ្វើ​ឱ្យសុខភាព​ចុះ​ខ្សោយ​ទៀត​ផង។​ ទាំង​នេះ​គឺ​ជា​ហេតុផល​ចម្បង ដែល​អ្នក​គួរ​បញ្ឈប់​ទម្លាប់​អាក្រក់​នេះ ព្រោះ​វា​នឹង​បង្ក​ផល​ប៉ះ​ពាល់​នៅ​ថ្ងៃ​ណាមួយ ប្រសិន​បើ​​នៅ​តែ​បន្តធ្វើវា៕

Advertisement