ស្រា និង បារី មួយណាហុចគុណវិបត្តិដល់មនុស្សខ្លាំងជាង?

ស្រា និង បារី មួយណាហុចគុណវិបត្តិដល់មនុស្សខ្លាំងជាង?
បើឱ្យអង្គុយប្រកែកគ្នាម្នាក់មួយចំណុច ប្រហែលជាប្រកែកមិនចប់ឡើយ ព្រោះវាជាប្រ-ធានបទដែលបើសិនយើងទៅសួរអ្នកដែលជក់បារី ប្រាកដណាស់ ញ៉ាំស្រាត្រូវតែយ៉ាប់យ៉ឺនខ្លាំងជាងមិនខាន ទាំងស្រវឹងអួទីនួ ញ៉ាំច្រើន ថ្លើមនឹងក្រិន ថែមទាំងអាចជួបគ្រោះថ្នាក់ចរា-ចរណ៍ទៀតផង។ ដល់ទៅសួរអ្នកដែលញ៉ាំស្រាប្រាកដណាស់ នឹងនិយាយថាអ្នកជក់បារីត្រូវតែយ៉ាប់យ៉ឺនជាង ព្រោះវានឹងបំផ្លាញទាំងខ្លួនឯង
ប្រថុយនឹងការកើតសភាវមហារីកសួត ហើយថែមទាំងសាងជាតិពុលខាងខ្យល់អាកាសដល់មនុស្សជុំវិញខ្លួនទៀតផង។ ប្រកែកគ្នាមិនចប់នោះទេ…។

គិតទៅគិតមក ជាតិអាល់កុល និងបារីនេះគឺជាសារធាតុញៀនដូចគ្នាទាំងពីរ តែញៀនម្នាក់មួយបែប និងញៀនម្នាក់មួយកម្រិត។ អ្នកខ្លះញ៉ាំស្រាតែនៅពេលជប់លៀងកម្សាន្តសប្បាយចូលរួមសង្គម តែអ្នកខ្លះញៀនរហូតដល់ថ្នាក់ត្រូវញ៉ាំរាល់ថ្ងៃ។ ឯអ្នកដែលញៀនបារីក៏ដូចគ្នាដែរ អ្នកខ្លះជក់តែពេលណាមានអារម្មណ៍តានតឹង ឬពេលចូលរួមសង្គម តែក៏មានអ្នកដែលត្រូវតែជក់រៀងរាល់ថ្ងៃ មួយថ្ងៃៗច្រើនដើម ព្រោះ
តែញៀនផងដែរ។

បើសួរពីគុណវិបត្តិរបស់ទាំងបារី និងស្រា (ជាតិអាល់កុល) ក៏ត្រូវប្រាប់ថា ទាំងពីរយ៉ាងនេះផ្ដល់គុណវិបត្តិបែប “សន្សឹមៗ ម្ដងបន្តិចៗ” សន្សំពិន្ទុម្ដងបន្តិចៗ រង់ចាំថ្ងៃផ្ទុះឡើងនៅក្នុងខ្លួនពេលវាប្រមូលសន្សំច្រើនដល់ចំណុចមួយ។ ដូច្នេះសូមតាមដានដូចតទៅ៖

មនុស្សយើងមិនបានស្រវឹងលេងៗទេ…
យើងតែងតែបានឮថា ញ៉ាំស្រាធ្វើឱ្យកើតរោគក្រិនថ្លើម តែវាមិនមែនអស់ត្រឹមប៉ុណ្ណឹងឯណា វានៅមានឱកាសកើតជំងឺពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ សរសៃឈាម និងបេះដូង មហារីក និងជំងឺជាច្រើនរាប់សិបមុខទៀតយ៉ាងសន្ធឹកសន្ធាប់ ដែលនឹងកើតឡើង រួមទាំងស្រានៅធ្វើឱ្យមនុស្សបាត់បង់សតិស្មារតីរហូតដល់អាចកើតបញ្ហា និងគ្រោះថ្នាក់ធ្វើឱ្យបាត់បង់ទាំងទ្រព្យសម្បត្តិ និងអាយុជីវិតទៀតផង។

ស្ថិតិក៏មានឱ្យយើងឃើញ (កើនឡើងរាល់ឆ្នាំ) ជាមួយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវថ្នល់ដែលបណ្ដាលមកពីការស្រវឹងហើយបើកបរ។ បើមានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ 100នាក់ នឹងបង្ហាញថា មានមូលហេតុមកពីការញ៉ាំស្រាស្រវឹង 50នាក់បាត់ទៅហើយ ហើយថែមទាំងការឈ្លោះទាស់ទែងរហូតដល់កាប់សម្លាប់គ្នា ដែលមានមូលហេតុមកពីការស្រវឹងស្រាទៀតផង។
ហើយបើអីុចឹង តើយើងគួរតែញ៉ាំស្រាបន្តទៀតឬយ៉ាងណា?

បារី ជក់ម្នាក់ឯង តែអូសអ្នកដទៃឱ្យស្លាប់ជាមួយដែរ…
ហាក់ដូចជាកម្មវិធីប្រូម៉ូស្សិនចែកថែមអ្វីម្យ៉ាងដែលយើងមិនចង់បាន។ ពេលជក់បារី ដូចដែលយើងតែងឃើញស្រាប់ហើយថា អ្វីដែលផ្លុំចេញមកតាំងពីចាប់ផ្ដើមអុច គឺជាផ្សែងពុលដែលហុយសាយភាយពេញអាកាស អាចបំផ្លាញមនុស្សជុំវិញនោះបាន។

ពេលយើងនឹកដល់គុណវិបត្តិរបស់បារីនោះ គឺមានតែថង់ខ្យល់នៅក្នុងសួតហើមប៉ោង និងមហារីកសួត តែមានឯណា! យើងមិនដឹងឡើយថា គុណវិបត្តិរបស់បារីនៅមានទៀតមួយគំនរ…។

ចាប់ផ្ដើមពីកម្រិតស្រាលៗ ដូចជា ពុកធ្មេញធ្មេញខ្មៅ ឆាប់ចាស់ រហូតទៅដល់ជំងឺពាក់ព័ន្ធនឹងបេះដូង និងសម្ពាធឈាមជាដើម។

វាជារឿងមួយដែលគួរឱ្យសោកសៅបំផុតដែលមនុស្សមិនជក់បារីផង តែត្រូវធុំក្លិនផ្សែងបារី ព្រោះតែនៅក្នុងគ្រួសារមានអ្នកជក់បារី ឬអ្នករួមដំណើរដែលជក់បារីតាមផ្លូវ ក៏ធ្វើឱ្យអ្នកដែលមិនជក់បារីមានឱកាសកើតជំងឺចង្រៃទាំងនោះមិនខុសពីអ្នកជក់បារីដែរ។

ទោះជាការជក់បារីមិនបានធ្វើឱ្យយើងស្រវឹងបាត់បង់សតិស្មារតី ឬបើកឡានទៅបុកនរណាមែន តែលទ្ធផលដែលនឹងកើតឡើងក្នុងអំឡុងពេលច្រើនឆ្នាំខាងមុខទៀតនោះ អាចបំផ្លាញ យើង និងមនុស្សជុំវិញខ្លួន ឱ្យរ៉ាំរ៉ៃរហូតវេទនាមិនចាញ់គ្នាប៉ុន្មានឡើយ។ ដូច្នេះ អានមកដល់ត្រឹមនេះហើយ សឹងតែមិនចាំបាច់គិតថា តើគួរឈប់មួយណាមុន?… គឺឈប់ដំណាលគ្នាទាំងអស់តែម្ដង! ព្រោះផលល្អដែលបានមកពីការជក់បារី និងញ៉ាំស្រាដែលនឹងធ្វើឱ្យយើងរីករាយសប្បាយ បាត់ភាពធុញថប់តានតឹងនោះ វាជាការដូរដោះគ្នាដែលមិនរួចខ្លួនទាល់តែសោះ សូម្បីតែបន្តិចពាក់ព័ន្ធនឹងអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ មិនថាតែបញ្ហាសុខភាព ឬឧប្បត្តិហេតុក៏ដោយ។

ប្រាកដណាស់! គ្មានអ្វីងាយស្រួលនោះទេក្នុងការបញ្ឈប់ការញៀននឹងអ្វីម្យ៉ាងហើយនោះ…តែចុងក្រោយទៅ យើងត្រូវតែចាប់ផ្ដើម និងស៊ូទ្រាំ។ ស្វែងរកកម្លាំងជំរុញចិត្តអ្វីម្យ៉ាងដើម្បីបញ្ឈប់ការញៀនស្រា និងបារី ធ្វើឱ្យជីវិត និងសុខភាពរបស់ខ្លួនយើងល្អឡើង។ អ្នកខ្លះបានកម្លាំងជំរុញចិត្តពីការដែលខ្លួនឯងមានកូន ទើបធ្វើឱ្យតាំងចិត្តឈប់ជក់បារី ឈប់ញ៉ាំស្រា ដើម្បីកុំឱ្យប៉ះពាល់ដល់ក្រុមគ្រួសារ នេះគឺជាគំរូដ៏ល្អមួយ ដែលធ្វើឱ្យអាចចាប់ផ្ដើមធ្វើរឿងអ្វីមួយបានកាន់តែងាយឡើង៕​​

Advertisement