ទៅក្រេបចន្ទទឹកឃ្មុំនៅទីប្រជុំកោះទាំង3នៅទ្វីបអាស៊ី

បន្ទាប់ពីកម្មវិធីរៀបអាពាហ៍ពិពាហ៍ចប់សព្វគ្រប់ហើយនោះ ពេលវេលាជាបន្តទៀត​ គឺជាការសម្រាកកាយពីការនឿយហត់ទាំងអំបាលម៉ាន ក្នុងការរៀបចំកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់អ្នក តាំងពីមុនថ្ងៃរៀបអាពាហ៍ពិពាហ៍រហូតដល់ថ្ងៃដ៏វិសេសរបស់អ្នកត្រូវបានបញ្ចប់ទៅយ៉ាងសប្បាយរីករាយ និងពោរពេញដោយសុភមង្គល នៅក្នុងចំណងអាពាហ៍ពិពាហ៍ថ្មោងថ្មីរបស់អ្នក និងអ្នកជាទីស្រឡាញ់របស់អ្នក។

ដំណើរក្រេបទឹកឃ្មុំ ក្រោយពីរៀបអាពាហ៍ពិពាហ៍ហើយថ្មោងថ្មីគឺជាការសម្រាកកាយដ៏ល្អ និងផ្តល់នូវការចងចាំយ៉ាងល្អប្រសើរដល់ចំណងអាពាហ៍ពិពាហ៍ ដើម្បីឱ្យចំណងស្នេហ៍របស់អ្នកពោរពេញដោយភាពផ្អែមល្ហែម និងជាឱកាសមួយសម្រាប់ឱ្យគូស្វាមីភរិយាថ្មីបានស្វែងយល់ពីចិត្តគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅថែមទៀត។ នៅក្នុងដំណើរកម្សាន្តក្រេបទឹកឃ្មុំសម្រាប់គូស្វាមីភរិយាថ្មីនេះ ក្រុមហ៊ុនទេសចរណ៍ វើលដ៍ ផប សូមណែនាំទីប្រជុំកោះទាំង៣នៅក្នុងទ្វីបអាស៊ី គឺកោះបាលី កោះឡាំកាវីស្ថិតនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងកោះសាមុយ ប្រទេសថៃ ផ្តល់ជូនយ៉ាងពិសេសសម្រាប់គូស្វាមីភរិយាថ្មី នៅក្នុងឱកាសក្រេបចន្ទទឹកឃ្មុំដូចខាងក្រោម។

កោះបាលី
កោះបាលី គឺជាកោះមួយដ៏ល្បីល្បាញខាងទេសចរណ៍ធម្មជាតិរបស់ប្រទេសម៉ាឡេស៊ី ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនពីគ្រប់ទ្វីបនៅលើពិភពលោក ដើម្បីមកទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃកោះដែលហាក់ដូចជាផុសចេញពីកណ្តាលមហាសាគរដ៏ធំល្វឹងល្វើយ។ ដោយសារតែកោះបាលីជាកោះដែលមានទេសភាពធម្មជាតិល្អដាច់គេនៅក្នុងចំណោមកោះជាច្រើននៅទ្វីបអាស៊ីយើងនេះ និងជាទីកោះដែលមានអាកាសធាតុអំណោយផលទៅដល់ការសម្រាកកាយ និងការកម្សាន្តជាលក្ខណៈគូស្នេហ៍ដ៏រ៉ូមែនទិកនោះ បានធ្វើឱ្យកោះបាលីក្លាយទៅជាកន្លែង ទេសចរណ៍ដ៏មានប្រជាប្រិយភាពរបស់គូស្នេហ៍ពីគ្រប់ទិសទីក្នុងការ មកសម្រាកលំហែកាយ និងទទួលយកនូវអនុស្សាវរីយ៍ដ៏មានអត្ថន័យ ចំពោះចំណងស្នេហ៍របស់ពួកគេ។ ជាពិសេសនោះ កោះបាលីគឺជាកន្លែងទេសចរដ៏សម្បូរបែបសម្រាប់គូស្វាមីភរិយាថ្មី ដែលមានបំណងមកក្រេបចន្ទទឹកឃ្មុំ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច ដូចជាការសម្រាកកាយនៅតាមឆ្នេរសមុទ្រដ៏ស្រស់ស្អាត, ការកម្សាន្តជាមួយនឹងការសម្តែងរបាំប្រពៃណីនៃកោះបាលី, ការជីះទូកកញ្ចក់មើលទេសភាពនៅបាតសមុទ្រ និងត្រីចម្រុះពណ៌នៅតំបន់ត្រូពិក, ការជីះទូកកម្សាន្តទៅកាន់កោះ Turtle, ព្រះវិហារ Ulun Danu ដ៏ប្រណិត, ការកម្សាន្តផ្សេងៗដោយជីះស្គីលើទឹក, ជីះទូកចេកតាមមាត់ឆ្នេរ, ការមុជទឹកមើលទេសភាពបាតសមុទ្រជាដើម។ ក្រៅពីនេះគូស្នេហ៍យើងក៏អាចទៅកំសាន្តនៅព្រះវិហារ Tanah Lot ដែលជាព្រះវិហារដ៏ចម្លែកសង់ពីលើផ្ទៃទឹកសមុទ្រ ពីព្រោះនៅពេលទឹកសមុទ្រនាច ព្រះវិហារនេះបានលេចជារូបរាងឡើងយ៉ាងស្រស់សង្ហាគួរជាទីទាក់ទាញចំណាប់អារម្មណ៍របស់ទេសចរ គ្រប់ជាតិសាសន៍ទៅទស្សនាពីភាពអស្ចារ្យរបស់ព្រះវិហារអណ្តែតទឹកមួយនេះ។

កោះឡាងកាវី
កោះឡាងកាវី គឺជាកោះដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតរបស់ប្រទេសម៉ាឡេស៊ី ហ៊ុំព័ទ្ធដោយកូនកោះ និងភ្នំជាច្រើនពណ៌បៃតងស្រស់គ្រប់រដូវកាល ធ្វើឱ្យអាកាសធាតុនៅលើកោះនេះត្រជាក់ស្រួលឃ្មុំនិងស្រស់បំព្រងខ្លាំងណាស់។ កោះឡាងកាវីគឺជាកន្លែងទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាល សម្រាប់គូស្វាមីភរិយាថ្មោងថ្មីទៅកម្សាន្ត និងសម្រាកលំហែកាយ ដើម្បីស្រូបយកខ្យល់ធម្មជាតិដ៏បរិសុទ្ធនៃជំនោរសមុទ្រ។ នៅលើកោះឡាងកាវី គូស្នេហ៍អាចទៅកម្សាន្តនៅលើកោះ Hoping, ទៅលេងនៅបឹង DayangBunting, ទៅបោះចំណីឱ្យសត្វឥន្ទ្រី និងមើលសត្វឥន្ទ្រីចុះឆាបចំណីនៅលើផ្ទៃទឹក, ជីះទូកទៅកាន់ភ្នំស្ត្រីមានផ្ទៃពោះ ដែលមានរូបរាងដូចស្ត្រីមានផ្ទៃពោះកំពុងដេកសន្ធឹងនៅពីលើផ្ទៃមហាសមុទ្រពណ៌បៃតងស្រស់ ហើយអ្នកក៏អាចកម្សាន្តជាមួយនឹងសកម្មភាពសប្បាយៗ ជាច្រើននៅលើកោះឡាងកាវីនេះផងដែរ ដូចជាការដើរលំហែតាមមាត់ឆ្នេរពណ៌មាសដ៏ស្រស់ស្អាតមើលថ្ងៃរះ​ និងមើលថ្ងៃលិចនាពេលល្ងាចដ៏ស្ងប់ស្ងាត់, ការជិះទូកតូចៗជាគូ, ការជិះទូកស្ទូចត្រីសមុទ្រ, ការមុជទឹកមើលផ្កាថ្ម និងត្រីសមុទ្រជាច្រើនប្រភេទព្រមទាំងអាចដើរ Shopping នៅតាមផ្សារដ៏ទំនើប និងសម្បូរបែបនៅលើកោះឡាងកាវីក៏បាន។

កោះសាមុយ
កោះសាមុយ គឺជាកោះដ៏ល្បីល្បាញខាងទាក់ទាញភ្ញៀវទេសចររបស់ប្រទេសថៃ ហើយកោះសាមុយនេះត្រូវបានទទួលងារថា ជាកោះដ៏ស្រស់ស្អាតគ្មានគូផ្ទឹម។ កោះសាមុយ គឺជាកោះឋានសួគ៌នៃទេសចរធម្មជាតិ ដែលមានភ្ញៀវទេសចរពីគ្រប់ប្រទេសនៅលើពិភពលោកមកទស្សនាជារៀងរាល់ថ្ងៃមិនដែលដាច់នោះទេ ដោយសារតែទេសភាពដ៏ទាក់ទាញ និងអាកាសធាតុដ៏ល្អនៃកោះមួយនេះ ធ្វើឱ្យភ្ញៀវទេសចរយើងដែលធ្លាប់មកម្តងហើយចង់មកម្តងទៀត។ នៅលើកោះសាមុយគូស្នេហ៍ទាំងគូៗតែងតែទៅកម្សាន្តជាមួយនឹងសកម្មភាពផ្សេងៗដូចជា ជិះទូកចេកជាគូៗទៅកាន់ទីប្រជុំកោះធម្មជាតិ ដ៏ស្រស់ស្អាតទាំង៤២កោះ និងជិះទូកមើលទេសភាពតាមមាត់សមុទ្រតាមជ្រលងភ្នំ និងតាមព្រៃល្បាប់លិចទឹកជាដើម។ នៅទីនោះភ្ញៀវទេសចរយើងក៏អាចទៅកម្សាន្តលក្ខណៈជាក្រុមផងដែរដូចជាការដើរព្រៃ, ការឡើងភ្នំមើលទឹកធ្លាក់នៅកណ្តាលព្រៃជ្រៅ, ការមុជទឹកលេងមើលផ្កាថ្មរេរាំ និងមើលទេសភាពបាតសមុទ្រពណ៌បៃតងស្រស់ ព្រមទាំងការដើរ Shopping ដើម្បីទិញរបស់អនុស្សាវរីយ៍សម្រាប់គូស្នេហ៍ មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកនៅពីអ្នកត្រឡប់ទៅវិញ។

Advertisement